
រាជធានីភ្នំពេញ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩កុម្ភៈ ឆ្នាំ២០២៦ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃសៅរ៍ទី១៤កុម្ភៈ។

ក្រសួងការបរទេស បានឱ្យដឹងថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សានេះ ដែលត្រូវបានអនុម័តកាលពីចុងឆ្នាំឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញនៅតំបន់ហ្កាហ្សា។ នៅក្នុងកិច្ចប្រជុំ មេដឹកនាំដែលអញ្ជើញចូលរួម រំពឹងថានឹងពិភាក្សាគ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

ក្នុងអំឡុងពេលស្នាក់នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាម៉េរិក និងមេដឹកនាំនៃប្រទេសដទៃមួយចំនួនទៀត ដើម្បីផ្លាស់ប្ដូរយោបល់គ្នាលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។ ក្រៅពីនេះ សម្តេច ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស និងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក ហើយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែម។

គួរជម្រាបថា កម្ពុជាបានសម្រេចចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលជាអ្នកផ្តួចផ្តើមគំនិតបង្កើតឡើង។ ការចូលរួមជាសមាជិកស្ថាបនិកនេះ មានអាណត្តិរយៈពេល៣ឆ្នាំ ហើយមិនតម្រូវឱ្យបង់ថវិកាឡើយ។ គេមើលឃើញថា លោក ត្រាំ មិនមែនប្រើក្រុមប្រឹក្សានេះ សម្រាប់តែដោះស្រាយសង្គ្រាមនៅហ្កាហ្សានោះទេ តែលោកព្យាយាមពន្លាតវិសាលភាពឱ្យទូលំទូលាយឈានទៅដោះស្រាយជម្លោះតាមបណ្តាប្រទេសនានាលើពិភពលោកតែម្តង៕



