លើសឆ្នាំមុន អភិបាលខេត្តកំពង់ចាម ប្រកាសរៀបចំ«លៀសហាល»ដល់ទៅ៥តោនក្នុងពិធីចូលឆ្នាំខ្មែរខាងមុខ
L
Linda Sorn
14 កុម្ភៈ 2026 07:00 AM

ក្រុងកំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ប្រកាសបន្តរៀបចំ «លៀសហាល» រហូតដល់៥តោន និងតម្រៀបជាជួរមានប្រវែងដល់ទៅ១២០០ម៉ែត្រ សម្រាប់ដាក់ឱ្យពលរដ្ឋ និងភ្ញៀវទេសចរហូបដោយសេរី និងឥតគិតថ្លៃ ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៦ ដែលនឹងមកដល់ក្នុងពេលឆាប់ៗខាងមុខ។

កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម 
កិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម 

ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាលពីថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៦ លោកអភិបាលខេត្តកំពង់ចាម បញ្ជាក់ថា៖«ការសម្រេចបន្តជ្រើសរើសយក លៀសហាល មកធ្វើជាចំណុចទាក់ទាញសំខាន់នាឆ្នាំនេះ គឺក្នុងគោលបំណងលើកកម្ពស់ចំណីអាហារ ដែលជាអត្តសញ្ញាណដ៏ពេញនិយមរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ខេត្តផងដែរ។ តាមរយៈការរៀបចំនេះ ខេត្តកំពង់ចាមចង់បង្ហាញពីភាពសម្បូរបែបនៃធនធានជលផលទឹកសាប និងការច្នៃប្រឌិតរបស់ប្រជាជនក្នុងតំបន់»។ លោកបន្តថា ព្រឹត្តិការណ៍នេះមិនត្រឹមតែធ្វើឡើងដើម្បីការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែគឺជាយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅខេត្តកំពង់ចាមកាន់តែច្រើន ដែលនឹងជួយជំរុញសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការស្នាក់នៅ ការហូបចុក និងការលក់ដូររបស់បងប្អូនអាជីវករ។

លៀសហាល ដែលបានដាក់ឱ្យពលរដ្ឋ និងភ្ញៀវទេសចរហូបដោយសេរី ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥។ រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម
លៀសហាល ដែលបានដាក់ឱ្យពលរដ្ឋ និងភ្ញៀវទេសចរហូបដោយសេរី ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥។ រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម

ក្រៅពីការបង្ហាញលៀសហាលនេះ សង្ក្រាន្តកំពង់ចាមឆ្នាំ២០២៦ ក៏នឹងមានការរៀបចំល្បែងប្រជាប្រិយខ្មែរ ការប្រគំតន្ត្រី និងមានការតុបតែងភ្លើងលម្អ តាមបណ្ដោយផ្លូវមុខសាលាខេត្ត តាមមាត់ទន្លេ និងតំបន់កម្សាន្តសប្បាយៗជាច្រើនទៀត។ គួរជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលរដ្ឋបាលខេត្តកំពង់ចាមបានជ្រើសយកលៀសហាលដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មី។ កាលពីឆ្នាំ២០២៥ ខេត្តនេះបានរៀបចំកម្មវិធីដាក់លៀសហាលចំនួន​៣តោន ក្នុងប្រវែង១គីឡូម៉ែត្រ បូករួមទាំងដាក់វ៉ាយហ្វាយ (Wifi) ឱ្យប្រើហ្វ្រី (Free) ផងដែរ៕

លៀសហាល ដែលបានដាក់ឱ្យពលរដ្ឋ និងភ្ញៀវទេសចរហូបដោយសេរី ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥។ រូបភាព​៖ មន្ទីរទេសចរណ៍ខេត្តកំពង់ចាម
លៀសហាល ដែលបានដាក់ឱ្យពលរដ្ឋ និងភ្ញៀវទេសចរហូបដោយសេរី ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥។ រូបភាព​៖ មន្ទីរទេសចរណ៍ខេត្តកំពង់ចាម
លៀសហាល ដែលបានដាក់ឱ្យពលរដ្ឋ និងភ្ញៀវទេសចរហូបដោយសេរី ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥។ រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម
លៀសហាល ដែលបានដាក់ឱ្យពលរដ្ឋ និងភ្ញៀវទេសចរហូបដោយសេរី ក្នុងព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម ឆ្នាំ២០២៥។ រូបភាព៖ រដ្ឋបាលខេត្តកំពង់ចាម
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត