មន្ត្រីជំនាញ ចាប់ផ្តើមជួសជុល«កំពូលប្រាសាទបក្សីចាំក្រុង»
អុន សម្ផស្ស
15 ម៉ោងមុន

ខេត្តសៀមរាប៖ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា កំពុងចាប់ផ្តើមជួសជុលរចនាសម្ព័ន្ធកំពូលដំបូល និងពង្រឹងជញ្ជាំងផ្នែកខាងក្នុង និងខាងក្រៅរបស់ប្រាសាទបក្សីចាំក្រុង ដែលប្រឈមហានិភ័យខ្ពស់ ឱ្យរឹងមាំឡើងវិញ។ នេះបើតាមការប្រកាសរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦..។

មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ អ្នកស្រី ឈុន រតនា បានឱ្យដឹងថា បច្ចុប្បន្នស្ថានភាពកំពូលដំបូលរបស់ប្រាសាទបក្សីចាំក្រុងខូចខាតយ៉ាងខ្លាំង បណ្ដាលមកពីទឹកភ្លៀងហូរចូលទៅក្នុងតួប្រាសាទ ធ្វើឱ្យឥដ្ឋមួយចំនួនពុកផុយ រលុះធ្លាក់។ ចំណែកឯ ជញ្ជាំងផ្នែកខាងក្នុង និងខាងក្រៅក៏មានស្នាមប្រេះហែកជ្រាបទឹក ដែលអាចបង្កឱ្យមានហានិភ័យដល់សំណង់ទៀតផង។ អ្នកស្រីបញ្ជាក់ថា៖«ក្រុមការងារត្រូវរើឥដ្ឋដែលពុកផុយ ឬឥដ្ឋដែលអាចបង្កគ្រោះថ្នាក់ចេញ ហើយដាក់បំពេញឥដ្ឋថ្មីមួយចំនួនមកជំនួសវិញ នៅផ្នែកខាងក្នុង និងខាងក្រៅ ព្រមទាំងពង្រឹង បិទបាយអបំពេញស្នាមប្រេះ ការពារជម្រាបទឹកកន្លែងមួយចំនួនសម្រាប់ភាពរឹងមាំយូរអង្វែង ដោយប្រើលក្ខណៈបច្ចេកទេសយ៉ាងត្រឹមត្រូវ»

សូមរំឭកថា កាលពីអំឡុងខែតុលា ឆ្នាំ២០២៥ មន្ត្រីជំនាញបានពិនិត្យយ៉ាងយកចិត្តទុកដាក់ ហើយសម្រេចជាគោលការណ៍នៅដំណាក់កាលដំបូង ឱ្យក្រុមការងារអភិរក្ស នឹងទល់ទ្រជាបន្ទាន់ ចំពោះរចនាសម្ព័ន្ធផ្នែកកំពូល ជញ្ជាំងផ្នែកខាងក្នុង និងខាងក្រៅ នៃប្រាសាទបក្សីចាំក្រុង ជាបណ្តោះអាសន្ន។ រីឯដំណាក់កាលបន្ទាប់ ក្រុមការងារនឹងចាប់ផ្ដើមជួសជុលពង្រឹងរចនាសម្ព័ន្ធទាំងនោះឱ្យរឹងមាំឡើងវិញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត