
ក្រុងសៀមរាប៖ វិស្វករនៃអាជ្ញាធរជាតិអប្សរាដែលកាន់ការងារអភិរក្ស និងជួសជុលប្រាសាទឥដ្ឋនៅតំបន់រលួស បង្ហាញចំណាប់អារម្មណ៍ និងមោទកភាព បន្ទាប់ពីបានចូលរួមខិតខំប្រឹងប្រែង សង្រ្គោះប្រាសាទឥដ្ឋដែលមានហានិភ័យខ្លាំងឱ្យងើបឈរ និងរឹងមាំឡើងវិញ។ នេះបើយោងតាមការផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥..។

លោក ហួន សុខជាតិ វិស្វករនៃអាជ្ញាធរជាតិអប្សរា ដែលកាន់ការងារអភិរក្ស និងជួសជុល តំបន់រលួសបានលើកឡើងថា ការងារជួសជុលប្រាសាទឥដ្ឋមានភាពលំបាកជាងការជួសជុលប្រាសាទថ្ម ហើយវាប្រឈមនឹងការបាត់បង់ ប្រសិនបើជួយសង្រ្គោះមិនទាន់ពេលវេលា។ លោកបន្ថែមថា ខុសពីប្រាសាទថ្ម ដែលធ្លាក់រាយប៉ាយ ប៉ុន្តែគេនៅតែអាចរើសថ្មមួយដុំៗមកជួសជុលឡើងវិញបានល្អ ប្រាសាទឥដ្ឋមានថ្មតូចដុំៗនឹងងាយពុកផុយ ឬដួលបាក់បែក ធ្វើឱ្យការងារសង្រ្គោះវាមានភាពលំបាក។ វិស្វកររូបនេះពន្យល់ថា៖«ចំពោះប្រាសាទឥដ្ឋនេះវាអត់អាចដូចប្រាសាទថ្មបានទេ ព្រោះវាកាន់តែខូចខាត កាន់តែបាត់បង់ពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រសិនយើងអត់ថែទាំ អភិរក្ស ទប់ស្កាត់ការបាត់បង់របស់វាទេ វានឹងបាត់បង់ជារៀងរហូត»។

ទោះជាមានផលលំបាក ប៉ុន្តែក្រុមការងារជំនាញនៅតែបន្តខិតខំប្រឹងប្រែង ដើម្បីចូលរួមជួយសង្រ្គោះប្រាសាទឥដ្ឋដែលមានហានិភ័យខ្លាំង ឱ្យងើបឈរ និងរឹងមាំឡើងវិញ។ អ្នកជំនាញអាជ្ញាធរជាតិអប្សរា រូបនេះបន្ថែមថា ច្រើនឆ្នាំមកនេះក្នុងនាមអ្នកជំនាញ ក្រុមការងារនៅតំបន់រលួស បានអភិរក្ស និងជួសជុលប្រាសាទមួយចំនួន ដូចជាប្រាសាទលលៃ ដែលបិទបញ្ចប់ហានិភ័យនៃតួប្រាង្គទាំងបួន។ ក្រៅពីនោះបានជួសជុលប្រាសាទតួប្រាង្គជ្រុងឦសាន និងខ្លោងទ្វារខាងកើត ប្រាសាទព្រះគោ។ ចំណែកប្រាសាទបាគងវិញ ក្រុមការងារបានសម្រេចជួសជុលតួប្រាង្គ លេខ៨ លេខ៧ និងលេខ៤ និងកំពុងជួសជុលប្រាង្គលេខ ៥បន្តទៀត។

ហាក់មិនខុសគ្នា លោក ស៊ឹម អឿម ព្រឹទ្ធាចារ្យ និងជាអ្នកជួសជុលប្រាសាទឥដ្ឋជាង៣០ឆ្នាំមកហើយ បានបង្ហាញពីមោទកភាពជាខ្លាំង ក្នុងនាមអ្នកអង្គរមួយរូបដែលបានរួមចំណែកជួសជុលប្រាសាទ ឱ្យរឹងមាំឡើងវិញ។ លោក ថែមទាំងរំឭកថា ធ្លាប់បានជួសជុលប្រាសាទឥដ្ឋមួយចំនួនដូចជា ប្រាសាទត្រពាំងផុង ព្រៃមន្ទីរ អកយំ បាតជុំ លលៃ និងប្រាសាទបាគងជាដើម ។ល។ ធ្លាប់មានឪពុកជាអ្នកជួសជុលប្រាសាទនៅសម័យបារាំង លោក ស៊ឹម អឿម បានបង្ហាញអារម្មណ៍រីករាយ នៅពេលបានបន្តការងារពីឪពុក ក៏ដូចជាបានរួមចំណែកការពារមរតកវប្បធម៌ជាតិខ្មែរសម្រាប់កូនចៅ ជំនាន់ក្រោយ។ បន្ថែមពីនេះ បច្ចុប្បន្នលោកក៏កំពុងផ្ទេរចំណេះដឹងទៅកាន់អ្នកជំនាន់ក្រោយផងដែរ ដោយសង្ឃឹមថា ពួកគេនឹងបន្តការងារអភិរក្ស និងជួសជុលប្រាសាទឱ្យបានគង់វង្សជាដរាប៕









