ក្រុងសៀមរាប៖ បន្ទាប់ពីបានសម្ពោធដាក់ឱ្យដំណើរការអស់រយៈពេលជាង៣ឆ្នាំ សួនរុក្ខជាតិអង្គរ ឬដែលគេស្គាល់ជាភាសាអង់គ្លេសថា Angkor Botanical Garden ត្រូវបានអាជ្ញាធរជាតិអប្សរា ថែទាំអភិវឌ្ឍន៍ និងបង្កើនភាពទាក់ទាញជាបន្តបន្ទាប់ ហើយបានប្រែក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ការទស្សនាក្រៅពីប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ…។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា គិតចាប់ពីខែឧសភា ឆ្នាំ២០២២ មកដល់ចុងឆ្នាំ២០២៥នេះ សួនរុក្ខជាតិអង្គរដែលលាតសន្ធឹងលើផ្ទៃដីជិត២០០ហិកតា ក្នុងរមណីយដ្ឋានអង្គរ ដែលជាបេតិកភណ្ឌពិភពលោក គឺមានទំហំធំជាងគេបំផុតក្នុងប្រទេសកម្ពុជា បានឆក់យកបេះដូងភ្ញៀវជាតិ និងអន្តរជាតិប្រមាណ៦០ម៉ឺននាក់ ឱ្យមកដើរគយគន់ ទស្សនា សិក្សាស្វែងយល់ពីប្រភេទរុក្ខជាតិ និងសត្វដ៏សម្បូរបែប។ ទាក់ទាញបានភ្ញៀវចូលទស្សនាជាហូរហែមិនដាច់ ក៏ព្រោះតែ «សួនរុក្ខជាតិអង្គរ» បើកឱ្យភ្ញៀវជាតិ-អន្តរជាតិ ចូលទស្សនាដោយសេរីឥតបង់ថ្លៃ។ ក្នុងគោលដៅចូលរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍ និងគិតគូរដល់សុខមាលភាពរបស់សាធារណជន ជាពិសេសភ្ញៀវទេសចរ មានកន្លែងបៃតងដ៏ធំទូលំទូលាយ ខ្យល់អាកាសបរិសុទ្ធដកដង្ហើម ដើរកម្សាន្ត ហាត់ប្រាណ និងទទួលបាននូវចំណេះដឹងពីធម្មជាតិព្រមទាំងជីវសាស្ត្រចម្រុះនៃកម្ពុជា។

សូមជម្រាបថា រមណីយដ្ឋានអង្គរកំពុងតែបន្តភាពល្បីល្បាញ និងកាន់តែទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើនឡើងៗ ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ។ អង្គរវត្ត ធ្លាប់ទទួលបានចំណាត់លេខ១ជាប់គ្នាពីស្ថាប័នវាយតម្លៃធំៗលើលោក ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរថែមទាំងរកចំណូលបានជាង៣៥លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានឱ្យភ្ញៀវទេសចរអន្តរជាតិ បានប្រមាណជាង៧៦ម៉ឺននាក់៕






