ត្រាំ ព្រមានប្រើវិធានការក្ដៅលើអ៊ីរ៉ង់ បើកិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនអាចទៅរួច
N
Nary Vann
3 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្កើនការព្រមានធ្ងន់ៗអំពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធាវាយប្រហារលើប្រទេសអ៊ីរ៉ង់ ប្រសិនបើរដ្ឋធានីតេហេរ៉ង់មិនព្រមអនុលោមតាមតម្រូវការរបស់លោក លើបញ្ហាចម្រាញ់អ៊ុយរ៉ាញ៉ូម និងកម្មវិធីមីស៊ីលផ្លោងនោះទេ...។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

នៅក្នុងកិច្ចសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល Channel 12 លោក ត្រាំ បានផ្ញើសារព្រមានចំៗថា៖«យើងអាចឈានដល់កិច្ចព្រមព្រៀង ឬក៏យើងត្រូវធ្វើអ្វីមួយដែលតឹងរ៉ឹងបំផុត»។ ការលើកឡើងនេះ ត្រូវបានគេមើលឃើញថា ជាការដាក់ឱសានវាទដល់មេដឹកនាំអ៊ីរ៉ង់ និងជាការគំរាមកំហែងកើតឡើង ស្របពេលប្រធានផ្នែកសន្តិសុខអ៊ីរ៉ង់ លោក អាលី ឡារីចានី (Ali Larijani) កំពុងជួបពិភាក្សាជាមួយស៊ុលតង់នៃប្រទេសអូម៉ង់ ដើម្បីពិនិត្យមើលលទ្ធផលនៃកិច្ចចរចា រវាងមន្ត្រីអាម៉េរិក និងអ៊ីរ៉ង់ កាលពីសប្តាហ៍មុន។ ទន្ទឹមនឹងវោហាសាស្ត្រដ៏តឹងរ៉ឹង លោក ត្រាំ ក៏បានអនុវត្តយុទ្ធសាស្ត្របង្អួតកម្លាំងយោធាយ៉ាងសកម្ម ដោយបានបញ្ជូនកងនាវាចម្បាំងដ៏មហិមាទៅកាន់ដែនទឹកក្បែរអ៊ីរ៉ង់ រួមមាន៖ នាវាដឹកយន្តហោះ USS Abraham Lincoln ជាដើម។

កាន់តែគួរឱ្យបារម្ភថែមទៀតនោះ ប្រភពពី Axios រាយការណ៍ថា លោក ត្រាំ កំពុងពិចារណាបញ្ជូននាវាដឹកយន្តហោះទីពីរទៅកាន់មជ្ឈិមបូព៌ា ដែលទង្វើនេះ បង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំង ពីការផ្ទុះសង្គ្រាមទ្រង់ទ្រាយធំដែលអាចធ្វើឱ្យតំបន់ទាំងមូលធ្លាក់ក្នុងអស្ថិរភាព។ ជាមួយគ្នា កាលពីថ្ងៃចន្ទ អាជ្ញាធរអាម៉េរិក ក៏បានចេញគោលការណ៍ណែនាំដល់នាវាពាណិជ្ជកម្មដែលមានទង់ជាតិអាម៉េរិក ត្រូវស្ថិតនៅឱ្យឆ្ងាយបំផុតតាមដែលអាចធ្វើទៅបាន​ ពីដែនទឹករបស់អ៊ីរ៉ង់ ដើម្បីជៀសវាងការប៉ះទង្គិចជាយថាហេតុ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត