
រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានសម្រេចចិត្តបញ្ចប់យុទ្ធនាការបង្ក្រាបអន្តោប្រវេសន៍ទ្រង់ទ្រាយធំ ដែលបានវាយលុកពេញតំបន់មីនៀប៉ូលិស-អេសធី.ភល (Minneapolis-St. Paul) និងសហគមន៍ដទៃទៀត ក្នុងរដ្ឋមីនីសូតា (Minnesota)។ នេះបើយោងតាមការប្រកាសរបស់លោក ថម ហូមេន (Tom Homan) មន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន កាលពីថ្ងៃទី១២ ខែកុម្ភៈ បន្ទាប់ពីប្រតិបត្តិការនេះ បង្កឱ្យមានការចាប់ខ្លួនមនុស្សរាប់ពាន់នាក់ ការតវ៉ាយ៉ាងខ្លាំងក្លា និងសោកនាដកម្មបាញ់សម្លាប់ពលរដ្ឋអាម៉េរិកចំនួន២នាក់...។

ប្រតិបត្តិការដែលមានឈ្មោះថា «Operation Metro Surge» ត្រូវបានក្រសួងសន្តិសុខមាតុភូមិចាត់ទុកថា ជាប្រតិបត្តិការអនុវត្តច្បាប់អន្តោប្រវេសន៍ដ៏ធំបំផុតមិនធ្លាប់មាន។ ចាប់តាំងពីចាប់ផ្ដើមកាលពីខែធ្នូ ឆ្នាំ២០២៥ ប្រតិបត្តិការនេះ នាំឱ្យមានការចាប់ខ្លួនមនុស្សជាង៤ពាន់នាក់។ លោក ហូមេន បានអះអាងថា យុទ្ធនាការនេះ គឺជាជោគជ័យមួយ ដោយធ្វើឱ្យរដ្ឋមីនីសូតា មានសុវត្ថិភាពជាងមុន និងលែងជាជម្រកសម្រាប់ឧក្រិដ្ឋជន។

ទោះជាយ៉ាងណា សកម្មភាពរបស់កម្លាំងសហព័ន្ធ បានផ្លាស់ប្ដូរជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ឱ្យក្លាយជាភាពភ័យខ្លាច។ ក្បួនរថយន្ត SUV និងមន្ត្រីពាក់អាវក្រោះការពារគ្រាប់ បានក្លាយជាទិដ្ឋភាពទូទៅនៅក្នុងសហគមន៍អន្តោប្រវេសន៍ ដែលជារឿយៗ នាំឱ្យមានការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករ។ ស្ថានការណ៍បានឈានដល់ចំណុចក្ដៅបំផុត នៅពេលដែលមន្ត្រីសហព័ន្ធបានបាញ់សម្លាប់ពលរដ្ឋអាម៉េរិក២រូប គឺលោក រ៉េណេ ហ្គូដ (Renee Good) និងលោក អាឡិច ភ្រីតទី (Alex Pretti) ក្នុងទីក្រុងមីនៀប៉ូលិស បង្កឱ្យមានការតវ៉ាទ្រង់ទ្រាយធំ។

ការប្រកាសដកថយនេះ ត្រូវបានគេមើលឃើញថា ជាការសម្រេចចិត្តក្រោមសម្ពាធនយោបាយ ស្របពេលការស្ទង់មតិថ្មីរបស់ AP-NORC រកឃើញថា មជ្ឈដ្ឋានទូទៅយល់ឃើញថា គោលនយោបាយអន្តោប្រវេសន៍របស់លោក ត្រាំ គឺហួសហេតុខ្លាំង។ ទោះបីជារដ្ឋបាលលោក ត្រាំ ព្យាយាមបង្ហាញថា គោលដៅរបស់ពួកគេ គឺជាឧក្រិដ្ឋជនគ្រោះថ្នាក់ ប៉ុន្តែជាក់ស្ដែង មនុស្សជាច្រើនត្រូវបានចាប់ខ្លួនគ្មានប្រវត្តិរូបឧក្រិដ្ឋកម្មនោះទេ រួមទាំងក្រុមគ្រួសារកុមារតូចៗ និងសូម្បីតែពលរដ្ឋអាម៉េរិកផ្ទាល់៕



