គណៈកម្មការរៀបចំការបោះឆ្នោតថៃ ធ្វើគថ្លង់ និងបន្តច្រានចោលការរាប់សន្លឹកឆ្នោតឡើងវិញនៅខេត្តចន្ទបុរី
ហៀប ស៊ីថេត
3 ម៉ោងមុន

រាជធានីបាងកក​៖ គណៈកម្មការរៀបចំការបោះឆ្នោតថៃ(EC) បានសម្រេចច្រានចោលទាំងស្រុងនូវការទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ នៅខេត្តចន្ទបុរី ដោយអះអាងថាគ្មានភស្តុតាង ប៉ុន្តែបែរជាប្រើអំណាចពិសេសក្រោមមាត្រា១២១ បញ្ជាឱ្យមានការបោះឆ្នោតថ្មីនៅមណ្ឌលចំនួន៣ផ្សេងទៀតរួមមាន៖ រាជធានីបាងកក, ខេត្តណាន និងនៅខេត្តឧត្តរធានី ក្រោមលេសកំហុសប្រតិបត្តិការ ដែលមិនអាចគ្រប់គ្រងបាន...។

សេចក្តីសម្រេចនេះ ត្រូវបានប្រកាសជាផ្លូវការនៅល្ងាចថ្ងៃព្រហស្បតិ៍ទី១២ ខែកុម្ភៈ  ដោយថ្នាក់ដឹកនាំកំពូលនៃគណៈកម្មការរៀបចំការបោះឆ្នោត រួមមាន៖ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោត លោក នរង្គ ក្លាន់វារីន្ទ “ณรงค์ กลั่นวารินทร์” រួមជាមួយសហការី និងមន្ត្រីជាន់ខ្ពស់នៃស្ថាប័ននេះ។ មន្រ្តីម្នាក់បានទម្លាយថា ភាពមិនប្រក្រតីនៅមណ្ឌលបោះឆ្នោតលេខ១ ក្នុងខេត្តចន្ទបុរី បានផ្ទុះឡើងក្នុងដំណាក់កាលបូកសរុបលទ្ធផលចុងក្រោយ។ បន្ទាប់ពីការរាប់សន្លឹកឆ្នោតត្រូវបានបញ្ចប់ មន្ត្រីបានដឹកជញ្ជូនហិបឆ្នោត និងរបាយការណ៍ទៅកាន់មណ្ឌល ដើម្បីធ្វើការតម្រៀប និងច្រកបញ្ចូលគ្នាទៅក្នុងប្រអប់ថ្មីសម្រាប់បញ្ជូនបន្តទៅខេត្ត។ ប៉ុន្តែសកម្មភាពកាត់ខ្សែចង និងផ្ទេរប្តូរឯកសារក្នុងដំណាក់កាលនេះ បានធ្វើឱ្យអ្នកសង្កេតការណ៍មានមន្ទិលសង្ស័យយ៉ាងខ្លាំង រហូតឈានដល់ការទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញភ្លាមៗ។

មន្ត្រីស៊ើបអង្កេតម្នាក់បានអះអាងថា ទោះបីមានអ្នកតវ៉ា និងពាក្យបណ្ដឹងលើបញ្ហាចំនួន ៣ ដូចជា៖ ការដាច់ភ្លើង, ចំនួនសន្លឹកឆ្នោតមិនប្រក្រតី, និងការរាប់ឆ្នោតខុសក៏ដោយ ប៉ុន្តែយុត្តិធម៌ហាក់នៅឆ្ងាយដូចជើងមេឃសម្រាប់អ្នកប្តឹង ព្រោះថា គ្មាននរណាម្នាក់បានឃើញហេតុការណ៍ចោទប្រកាន់ទាំងនោះដោយផ្ទាល់ភ្នែក សូម្បីតែម្នាក់។ ចំពោះភាពមិនស៊ីសង្វាក់គ្នារវាងចំនួនអ្នកបោះឆ្នោត និងសន្លឹកឆ្នោត មន្ត្រីស៊ើបអង្កេតរូបនេះបានអះអាងថា ញត្តិមិនបានបញ្ជាក់ថា អង្គភាពបោះឆ្នោតមួយណារងផលប៉ះពាល់នោះទេ ហើយក៏គ្មានភាពមិនប្រក្រតីណាមួយត្រូវបានកំណត់អត្តសញ្ញាណនោះដែរ។ ចំពោះការអះអាង ដែលថាសន្លឹកឆ្នោតត្រូវបានរាប់មិនត្រឹមត្រូវ ញត្តិប្តឹងក៏មិនបានបញ្ជាក់ពីទីកន្លែង ដែលបញ្ហាបានកើតឡើងនោះដែរ។ សូមបញ្ជាក់ថា ការចេញមុខស្រាយបំភ្លឺរបស់គណកម្មការរៀបចំការបោះឆ្នោត ធ្វើឡើងបន្ទាប់ពីមានប្រជាជនថៃជាច្រើនបានចេញមុខតវ៉ាឡាំប៉ា មិនទទួលស្គាល់លទ្ធផលបោះឆ្នោត និងទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅទូទាំងប្រទេស៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត