
រាជធានីបាងកក៖ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ភាពចម្រូងចម្រាសថ្មីមួយបានផ្ទុះឡើង និងរីករាលដាលពេញបណ្តាញសង្គមក្នុងប្រទេសថៃ ជុំវិញការរកឃើញវត្តមានបាកូដ (Barcode) និងQR Code នៅលើសន្លឹកឆ្នោត ដែលរងការរិះគន់យ៉ាងចាស់ដៃថា នេះជាឧបករណ៍តាមដានឆន្ទៈពលរដ្ឋ និងជាការរំលោភច្បាប់បោះឆ្នោតយ៉ាងធ្ងន់ធ្ងរបំផុត។

រឿងរ៉ាវនេះបានផ្ទុះឡើង បន្ទាប់ពីអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Thuntee RB Sukchotrat បានទម្លាយរូបភាព QR Code ដែលមាននៅលើសន្លឹកឆ្នោតពណ៌ផ្កាឈូក និងពណ៌បៃតង។ លោកបានសរសេរថា សន្លឹកឆ្នោតពណ៌ផ្កាឈូកមានលេខកូដ QR នៅជ្រុងខាងស្តាំផ្នែកខាងលើ និងសន្លឹកឆ្នោតពណ៌បៃតងមាននៅជ្រុងខាងឆ្វេងផ្នែកខាងក្រោម។ យោងតាមការបង្ហោះនោះ បង្ហាញថា លេខកូដទាំងនោះហាក់ដូចជាលេខស៊េរីអក្សរក្រម និងលេខកូដ៨ខ្ទង់ ដែលគេសង្ស័យថា កូដនេះអាចកំណត់អត្តសញ្ញាណអ្នកបោះឆ្នោតម្នាក់ៗបាន។

យ៉ាងណា គណៈកម្មការរៀបចំការបោះឆ្នោតថៃ ប្រញាប់ចេញមុខដោះសារថា កូដទាំងនោះគ្រាន់តែជាវិធានការសន្តិសុខ ដើម្បីការពារការក្លែងបន្លំ និងគ្រប់គ្រងការចែកចាយសន្លឹកឆ្នោតតាមការិយាល័យនីមួយៗតែប៉ុណ្ណោះ ប៉ុន្តែមហាជនមើលឃើញថា នេះគ្រាន់តែជាលេសដោះសារយករួចខ្លួនតែប៉ុណ្ណោះ។ ទន្ទឹមគ្នានេះ បន្ទាប់ពីការបង្ហោះ មានសំណួរជាច្រើនចោទសួរថា តើលេខកូដ QR អាចត្រូវបានប្រើដើម្បីពិនិត្យមើលភាពខុសគ្នានៃលេខសន្លឹកឆ្នោតទូទាំងប្រទេសដែរឬយ៉ាងណា..? ខណៈពលរដ្ឋកំពុងបើកការតវ៉ាឱ្យរាប់សន្លឹងឆ្នោតឡើងវិញ ទូទាំងប្រទេសបែបនេះ...?

ជុំវិញបញ្ហាខាងលើ អ្នកនិយមលេងបណ្តាញសង្គមថៃជាច្រើន បានរិះគន់យ៉ាងភ្លូកទឹកភ្លូកដីថា នេះជាការជាន់ឈ្លីច្បាប់បោះឆ្នោតរបស់ថៃយ៉ាងធ្ងន់ធ្ងរ ដោយបានរំលោភលើមាត្រា៩២ ដែលចែងថា ការបោះឆ្នោតត្រូវតែធ្វើឡើងដោយផ្ទាល់ និងសម្ងាត់ ហើយក៏បានរំលោភលើ មាត្រា៩៣ និង៩៦ ដែលហាមឃាត់ដាច់ខាតនូវរាល់សញ្ញាសម្គាល់ណា នាំឱ្យគេកំណត់អត្តសញ្ញាណអ្នកបោះឆ្នោតបាន។

សូមបញ្ជាក់ថា គណៈកម្មការរៀបចំការបោះឆ្នោតថៃ កំពុងរងនូវព្យុះរិះគន់ពីប្រជាជនមិនទាន់ចប់ផង ជុំវិញរឿងរ៉ាវរកឃើញសន្លឹកឆ្នោតក្នុងធុងសំរាម, ការហាមមិនឱ្យមើលការរាប់សន្លឹកឆ្នោត, កាមេរ៉ាសុវត្ថិភាពគ្របដណ្ដប់ដោយក្រណាត់ខ្មៅ, កង្វះតម្លាភាព, និងសន្លឹកឆ្នោតច្រើនខុសធម្មតា ដែលទាមទារឱ្យមានការរាប់សន្លឹកឆ្នោតវិញ ស្រាប់តែពេលនេះ រលកថ្មីនៃការរិះគន់កាន់តែពុះកញ្ជ្រោលខ្លាំងឡើង បន្ទាប់ពីមានការរកឃើញបាកូដ (Barcode) និងQR Code នៅលើសន្លឹកឆ្នោត។ រឿងរ៉ាវស្ទួមៗបែននេះ សមនឹងពាក្យជនជាតិតៃមួយឃ្លា ពោលថា៖«រឿងចាស់ដោះស្រាយមិនទាន់អស់ ផុសចេញរឿងថ្មីមកជាន់-កបន្ត!..»៕








