
រាជធានីបាងកក៖ ស្ថានការណ៍នៅតាមបណ្តោយព្រំដែនសមុទ្ទរវាងកម្ពុជា-ថៃ ឡើងកម្ដៅកាន់តែខ្លាំង បន្ទាប់ពីកងទ័ពជើងទឹកភូមិន្ទថៃ បង្ហាញអាកប្បកិរិយាដ៏គឃ្លើន និងប្រើប្រាស់នាវាចម្បាំងបណ្តេញទូកនេសាទយ៉ាងហោចណាស់៣០គ្រឿង ដែលរបបបាងកកចាត់ទុកថា បានរំលោភចូលក្នុងដែនទឹកថៃ នៅខេត្តត្រាច កាលពីថ្ងៃទី១២កុម្ភៈ។ ការណ៍នេះកើតឡើង ក្រោយថៃបញ្ចេញនាវាល្បាតបណ្ដេញទូកខ្មែរ២៥គ្រឿង ដែលកំពុងនេសាទនៅលើលម្ហសមុទ្ទរបស់ខ្លួន កាលពីបេលថ្មីៗ...។

យោងតាមគេហទំព័រផ្លូវការរបស់នាវាចម្បាំងថៃ HTMS Thepha 525 កាលពីថ្ងៃទី១២ ខែកុម្ភៈ បានគូសបញ្ជាក់ថា យោធាជើងទឹកថៃ បានប្រើកម្លាំងយោធាបណ្តេញទូកនេសាទបរទេសជាង៣០គ្រឿង ចេញពីតំបន់ដែលថៃអះអាងថា ជាដែនទឹករបស់ខ្លួនក្នុងខេត្តត្រាចជាប់ព្រំប្រទល់ជាមួយខេត្តកោះកុងរបស់កម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថា យោធាជើងទឹកថៃ បានប្រើភាសាដ៏ព្រហើន និងចោទអ្នកនេសាទទាំងនោះថា ជា«អ្នកឈ្លានពាន» ព្រមទាំងព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតផងដែរ។

សកម្មភាពដ៏ច្រងេងច្រងាងនេះ មិនមែនទើបតែកើតឡើងតែម្ដងនេះទេ ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុន កងទ័ពជើងទឹកភូមិន្ទថៃ ក៏បានបញ្ចេញនាវាល្បាតបណ្តេញទូកនេសាទរបស់កម្ពុជាចំនួន២៥គ្រឿង នៅក្បែរតំបន់កោះគជ់ផងដែរ ជាតំបន់ដែនទឹកកំពុងមានជម្លោះ និងមិនទាន់មានការឯកភាពគ្នាច្បាស់លាស់នៅឡើយ ប៉ុន្តែភាគីថៃតែងតែចាត់ទុកតំបន់ដែនទឹកនោះ ជារបស់ខ្លួនដោយឯកតោភាគី៕








