អាជ្ញាធររកឃើញទីតាំងអនឡាញស្កេមឈ្មោះ សុភមិត្តរ៉េស៊ីដិន នៅស្រុកបាទី ដូចនគរបាលទាំង៦៧រូបប្ដឹងលោកអធិការ ឆាយ កែវមុន្នី ពិតមែន
ហាក់ អ៊ីឌី
12 ម៉ោងមុន

ខេត្តតាកែវ៖ ទីតាំងអនឡាញស្កេមដ៏ធំសម្បើមមួយឈ្មោះថា សុភមិត្តរ៉េស៊ីដិន ស្ថិតក្នុងភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ ត្រូវអាជ្ញាធរសម្រេចបិទជាផ្លូវការ ក្រោយបើកប្រតិបត្តិការឆ្មក់បង្ក្រាបទ្រុងទ្រាយធំ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥កន្លងមក។ ទីតាំងនេះ ស្ថិតក្នុងពាក្យបណ្ដឹងរបស់មន្ត្រីនគរបាលស្រុកបាទីទាំង៦៧រូប ដែលនាំគ្នាប្ដឹងលោកអធិការ ឆាយ កែវមុន្នី ថាទទួលសំណូកប្រចាំខែពីម្ចាស់ទីតាំងរាប់ពាន់ដុល្លារជាថ្នូរមិនបង្រ្កាប....។

រូបតំណាង ការបង្ក្រាបទីតាំងអនឡាញស្កេម កាលពីពេលកន្លងទៅ 
រូបតំណាង ការបង្ក្រាបទីតាំងអនឡាញស្កេម កាលពីពេលកន្លងទៅ 

សេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានគូសបញ្ជាក់ថា ការសម្រេចបិទទីតាំងខាងលើនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរខេត្តសហការជាមួយគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទ្រុងទ្រាយធំ ហើយចាប់ខ្លួនជនបទេសជាច្រើនជាតិសាសន៍ ។ បច្ចុប្បន្ន ទីតាំងខាងលើ ត្រូវបានរាជរដ្ឋាភិបាលសម្រេចប្រគល់ជូនក្រសួងមហាផ្ទៃ ទុកប្រើប្រាស់ជាអគារសម្រាប់ឃុំខ្លួនជនបរទេសទាំងនោះជាបណ្តោះអាសន្ន ដើម្បីត្រៀមបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបផងដែរថា កាលពីពេលកន្លងទៅ មន្ត្រីនគរបាលសឹងមួយស្រុកបាទី បានលើកគ្នាប្ដឹងលោកអធិការ ឆាយ កែវមុន្នី ដែលជាមេកើយរបស់ខ្លួន ថាប្រព្រឹត្តទង្វើមិនល្អក្នុងការដឹកនាំ, ស៊ីដាច់លុយកូនចៅ , បើកបនល្បែងរាប់រយកន្លែង, ព្រមទាំងលួចដោះលែងមុខសញ្ញាលក់ដូរថ្នាំញៀន។

រូបតំណាង ការបង្ក្រាបទីតាំងអនឡាញស្កេម កាលពីពេលកន្លងទៅ 
រូបតំណាង ការបង្ក្រាបទីតាំងអនឡាញស្កេម កាលពីពេលកន្លងទៅ 

ក្នុងនោះក៏មានឈ្មោះទីតាំងអនឡាញស្កេមខាងលើផងដែរ ដោយមន្ត្រីក្រោមឱវាទចំនួន៦៧នាក់ បានអះអាងថា លោក ឆាយ កែវមុន្នី បានទទួលសំណូកប្រចាំខែ​ចំនួន៥ពាន់ដុល្លារអាម៉េរិក ពីម្ចាស់ទីតាំង សុភមិត្តរ៉េស៊ីដិន ជាថ្នូរមិនរាយការណ៍ទៅថ្នាក់លើឱ្យចុះបង្ក្រាប។ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ធ្លាប់ផ្ដល់កិច្ចសម្ភាសជាមួយ SBM News ថា ក្រសួងមហាផ្ទៃបានទទួលដំណឹងនេះហើយ ដូច្នេះក្នុងក្របខ័ណ្ឌក្រសួង នឹងធ្វើត្រួតពិនិត្យ ដើម្បីស្វែងការពិត។ ចំណែក លោក ឆាយ កែវមុន្នី ជាសាមីខ្លួន ក៏ធ្លាប់ប្រាប់អង្គភាពយើងខ្ញុំដែរថា លោកបានឃើញរឿងនេះ និងទុកជូនថ្នាក់ដឹកនាំពិនិត្យដោះស្រាយ។ លោកគ្រាន់តែនិយាយខ្លីប៉ុណ្ណោះ រឿងអ្វីផ្សេងទៀត លោកមិនអត្ថាធិប្បាយឡើយ៕   

លោកឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី  
លោកឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី  
 លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
 លោកទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត