
រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង (ក.ប.ប.) ប្រកាសឱ្យសាធារណជន ជាពិសេសអ្នកលក់ ចែកចាយបន្តចូលរួមសហការជាមួយមន្ត្រីជំនាញ ដើម្បីស្វែងរកប្រភពនាំចូលផ្លែក្រូចបិទស្លាកដូចសញ្ញាជាតិ ឬព្រះរាជសង្ហារនៃកម្ពុជា..។

តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក.ប.ប. បញ្ជាក់ថា បានរកឃើញអាជីវករមួយចំនួនដាក់តាំងលក់នូវផលិតផល ដែលមានបំពាក់ម៉ាក ឬរូបសញ្ញា ដែលដូចគ្នា និងត្រាប់តាមសញ្ញាជាតិ ឬព្រះរាជសង្ហារលក់លើទីផ្សារ។ ចំពោះមុខបញ្ហានេះ ក.ប.ប. ណែនាំពាណិជ្ជករ អាជីវករ ដែលជាអ្នកលក់ចែកចាយបន្ត បញ្ឈប់ការលក់ ហើយរក្សាទុកជាបណ្តោះអាសន្ននូវផលិតផលប្រភេទនោះ និងត្រូវសហការជាមួយអគ្គនាយកដ្ឋានជំនាញ ដើម្បីអនុវត្តនីតិវិធីអង្កេតតាមដានស្វែងរកប្រភពនាំចូលចែកចាយផលិតផល។ ក.ប.ប. ព្រមានថា៖«បុគ្គលប្រព្រឹត្តល្មើសត្រូវទទួលទណ្ឌកម្ម និងការពិន័យយ៉ាងធ្ងន់ធ្ងរ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន»។

ទន្ទឹមគ្នា ចំពោះពាណិជ្ជករ អាជីវករជាអ្នកនាំចូលលក់ និងចែកចាយ ត្រូវបញ្ឈប់ការនាំចូលលក់ ចែកចាយនូវផលិតផលដែលមានបំពាក់ម៉ាក ឬរូបសញ្ញានេះបន្ទាន់ និងត្រូវសហការជាមួយ ក.ប.ប. អនុវត្តនីតិវីធីបន្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ដោយឡែក ចំពោះអ្នកប្រើប្រាស់ និងសាធារណជន ត្រូវជៀសវាងទិញផលិតផលដែលមានបិទរូបសញ្ញាព្រះរាជសង្ហារ ដូចក្នុងរូបជាបន្ទាន់ ព្រមទាំងផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីមានចំណាត់ការតាមនីតិវិធី។ក.ប.ប. បញ្ជាក់ថា ចំណាត់ការនេះធ្វើឡើង ដើម្បីលើកកម្ពស់តម្លៃនៃសញ្ញាជាតិទង់ជាតិ និងនិមិត្តរូបជាតិ ដែលការពារដោយច្បាប់ និងធានានូវការការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ ព្រមទាំងអនុលោមភាពនៃការប្រើប្រាស់ម៉ាកសញ្ញាសម្រាប់ប្រើប្រាស់លើផលិតផល៕




