មន្រ្តីបច្ចេកវិទ្យា អំពាវនាវសាធារណជនប្រុងប្រយ័ត្នខ្ពស់ ករណីឆបោកក្រោមរូបភាពផ្តល់ប្រាក់កម្ចីអនឡាញ
S
Sreyleak Yith
12 ម៉ោងមុន

រាជធានីភ្នំពេញ៖ មន្រ្តីនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅរសៀលថ្ងៃ១៣កុម្ភៈ បានចេញមកក្រើនរំឭកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធការផ្ដល់ប្រាក់កម្ចីអនទ្បាញ ក្រោមលក្ខខណ្ឌដាក់ស្នើកម្ចីងាយស្រួលក្នុងគោលបំណងទាក់ទាញឱ្យមានចំណាប់អារម្មណ៍ និងដាក់ស្នើកម្ចី…។

មន្រ្តីបច្ចេកវិទ្យាសង្កេតឃើញថា នៅតែមានប្រជាពលរដ្ឋមួយចំនួនចាញ់បោកជនអនាមិកក្រោមរូបភាពការផ្ដល់កម្ចីអនឡាញ។ មន្រ្តីបច្ចេកវិទ្យាគូសបញ្ជាក់ថា នៅពេលអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមចាប់អារម្មណ៍ និងទាក់ទងទៅតាមរយៈគណនីហ្វេសប៊ុក នោះជនអនាមិកនឹងតម្រូវឱ្យពួកគាត់ទាក់ទងទៅគណនីតេឡេក្រាមវិញ។ ក្រោយពួកគាត់ជជែកព្រមព្រៀង តាមតម្លៃស្នើប្រាក់កម្ចីរួច ជនអនាមិក ឱ្យថតផ្ញើឯកសារមួយចំនួនដូចជា៖ អត្តសញ្ញាណបណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ ថតរូបកន្លែងធ្វើការ និងថតរូបកាន់អត្តសញ្ញាណបណ្ណ លើសពីនេះ ជនអនាមិកផ្ញើ QR Code មកឱ្យជនរងគ្រោះដើម្បីវេរលុយ ជាថ្លៃរត់ឯកសារ ឬថ្លៃរដ្ឋបាល និងបន្តឱ្យវេរលុយជាបន្តបន្ទាប់ក្រោមមូលហេតុផ្សេងៗ រហូតផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះ និងបានលុបសារទាំងអស់ចោល ដោយជនអនាមិកមិនបានផ្តល់ប្រាក់កម្ចីដល់ជនរងគ្រោះឡើយ។

មួយវិញទៀត អាចយកឯកសារដែលជនរងគ្រោះផ្ញើឱ្យគំរាម និងយករូបថតមិត្តភក្តិ បងប្អូន របស់ជនរងគ្រោះនៅក្នុងបណ្តាញសង្គមទៅបង្ហោះ បរិហារកេរ្តិ៍ ពាក់ព័ន្ធនឹងការធានាកម្ចីនេះថែមទៀតផង។ សូមជម្រាបថា កាលពីពាក់កណ្តាលខែមករា កន្លងទៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា រកឃើញការបង្ហោះផ្សព្វផ្សាយពាក់ព័ន្ធ និងការឆបោកកម្ចីអនទ្បាញមួយមានឈ្មោះ "ម៉ាដាម កម្ចី" បានបង្ហោះផ្សព្វផ្សាយផ្តល់ប្រាក់កម្ចីអនឡាញ នៅពេលដែលជនរងគ្រោះចាប់អារម្មណ៍ និងទាក់ទងទៅ ពួកគេបានតម្រូវឱ្យថតផ្ញើឯកសារមួយចំនួន ហើយបន្ទាប់មកជនអនាមិក ក៏បានតម្រូវឱ្យជនរងគ្រោះ បង់ថ្លៃរត់ឯកសារ ឬថ្លៃរដ្ឋបាល ជាដើម លុះពេលបានទទួលប្រាក់រួចរាល់ពួកគេចាប់ផ្ដើមលុបសារទាំងអស់ចោល ដោយមិនបានឱ្យប្រាក់កម្ចីដល់ជនរងគ្រោះឡើយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត