
រាជធានីភ្នំពេញ៖ លោក រ៉ូមីអូ អេស ប្រាវន័រ ជេរអ (ROMEO S BRAWNER JR) អគ្គមេបញ្ជាការ នៃកងទ័ពហ្វីលីពីន ដែលកំពុងកាន់តំណែងជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២៦ បានមកទស្សនកិច្ចទីតាំងមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ និងស្ដាប់វឌ្ឍនភាពការងារមួយចំនួន។

អ្នកនាំពាក្យក្រសួងការពារជាតិ លោកស្រី ម៉ាលី សុជាតា បានឱ្យដឹងថា ទស្សនកិច្ចរបស់ លោក រ៉ូមីអូ អេស ប្រាវន័រ ជេរអ មកកាន់ស្នាក់ការ២ នៃក្រុមអង្កេតការណ៍អាស៊ាន ស្ថិតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានការសម្របសម្រួលដោយ ក្រុមសម្របសម្រួលកម្ពុជា (CLG)។ នាឱកាសនោះ លោក មូឌ ហ្វារីដ ប៊ីន មូឌ យូស៊ុប (MOHD FARID BIN MOHD YUSOP) ប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AoT) នៃស្នាក់ការ២ បានធ្វើបទបង្ហាញជូនលោកអគ្គមេបញ្ជាការហ្វីលីពីន និងគណៈប្រតិភូ ស្តីពីវឌ្ឍនភាពការងារដែលធ្វើកន្លងមក។

លោកស្រីបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកអគ្គមេបញ្ជាការហ្វីលីពីន មកកម្ពុជាក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤កុម្ភៈ ឆ្នាំ២០២៦ នេះ គឺដើម្បីចុះមកពិនិត្យ និងសិក្សាស្វែងយល់ក្នុងការត្រៀមលក្ខណៈទទួល និងបំពេញតួនាទីជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន (AoT) ក្នុងឆ្នាំ២០២៦ បន្តពីប្រទេសម៉ាឡេស៊ីនាពេលឆាប់ៗខាងមុខ។ លោកស្រីសង្កត់ធ្ងន់ផងដែរថា កម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់យន្តការក្រុមអ្នកសង្កេតការណ៍អាស៊ាន (AoT) និងសារសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់ AoT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក៕




