
រដ្ឋធានីកូប៉ិនហាក៖ រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក លោក ត្រូអែល លុនដ៏ ភូលសិន (Troels Lund Poulsen) បានប្រកាសជាផ្លូវការនៅថ្ងៃសុក្រទី១៣ ខែកុម្ភៈនេះថា ដាណឺម៉ាក នឹងផ្ដល់ស្តេចយន្តហោះចម្បាំងបំបាំងកាយប្រភេទ F-35 ចំនួន ៤គ្រឿង ដើម្បីគាំទ្រដល់បេសកកម្ម«Arctic Sentry» របស់អង្គការណាតូ។

មែនទែនទៅ បេសកកម្ម Arctic Sentry ត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងវត្តមានយោធារបស់សម្ព័ន្ធមិត្តនៅតំបន់ប៉ូលខាងជើង និងដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលកើតចេញពីមហិច្ឆតារបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ដែលចង់ទិញយកកោះហ្គ្រោអង់ឡង់ ឬហ្គ្រីនឡែន ពីដាណឺម៉ាក។ ទន្ទឹមគ្នានេះ ណាតូបានអះអាង ខ្លួនបានចាប់ផ្តើមបេសកកម្មនេះដើម្បីពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់អាកទិក ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងសម្ព័ន្ធភាពណាតូ ចំពេលលោក ត្រាំ ចង់លូនថ្លើមទឹកក ចេញពីទ្រូងដាណឺម៉ាក។

«ការចូលរួមចំណែកយន្តហោះចម្បាំង F-35 របស់យើង គឺដើម្បីពង្រឹងវត្តមានរួមនៅក្នុងតំបន់ និងគូសបញ្ជាក់ពីតួនាទីរបស់ប្រទេសដាណឺម៉ាកថា ជាសម្ព័ន្ធមិត្តសកម្មនៅក្នុងតំបន់អាកទិក និងអាត្លង់ទិចខាងជើង» នេះជាសម្តីដ៏មុតស្រួចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិដាណឺម៉ាក។ លើសពីនេះ ដាណឺម៉ាកក៏ចង់បង្ហាញថា ទោះបីខ្លួនជាប្រទេសតូច ប៉ុន្តែខ្លួនគឺជាសម្ព័ន្ធមិត្តដ៏សកម្ម ហើយការចូលហ៊ុនក្នុងការផ្ដល់យន្តហោះចម្បាំង F-35 ដែលជាអាវុធទំនើបបំផុតក្នុងលោក ដល់សម្ព័ន្ធណាតូ គឺជាការផ្ដល់ទំនុកចិត្តដល់ណាតូថា ដាណឺម៉ាកត្រៀមខ្លួនរួចជាស្រេចក្នុងការការពារច្រកទ្វារភាគខាងជើងនៃមហាសមុទ្ទអាត្លង់ទិច៕



