ព្រុចសែល៖ អគ្គលេខាធិការអង្គការណាតូ លោក ម៉ាក រូដ បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃទី២៦មករាថា អឺរ៉ុបមិនមានសមត្ថភាពការពារខ្លួនឯងបានឡើយ ប្រសិនបើគ្មានការគាំទ្រផ្នែកយោធាពីសហរដ្ឋអាម៉េរិក...។

លោកបានប្រាប់សមាជិកសភាសហភាពអឺរ៉ុប ក្នុងទីក្រុងព្រុចសែលថា ប្រសិនបើអឺរ៉ុបចង់ឈរជើងដោយខ្លួនឯង មហាអំណាចតំបន់នេះ ត្រូវបង្កើនកញ្ចប់ថវិកាយោធាឱ្យលើសពី២ដងនៃគោលដៅបច្ចុប្បន្ន។ លោក រូដ បានសង្កត់ធ្ងន់ក្នុងន័យព្រមានថា៖«ប្រសិនបើនរណាម្នាក់គិតថា សហភាពអឺរ៉ុប ឬអឺរ៉ុបទាំងមូល អាចការពារខ្លួនឯងបានដោយគ្មានអាម៉េរិកនោះ សូមបន្តយល់សប្តិទៅចុះ ព្រោះវាមិនអាចទៅរួចទេ»។ ការលើកឡើងនេះ ចំពេលភាពតានតឹងក្នុងបក្សសម្ព័ន្ធយោធាណាតូ កំពុងពុះកញ្ជ្រោល បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបន្តការគំរាមកំហែងជាថ្មីក្នុងការកាត់យកហ្គ្រីនឡែន ជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក មកធ្វើជាកម្មសិទ្ធិ។ កន្លងមក លោក ត្រាំ ក៏បានគំរាមដាក់ពន្ធគយថ្មីលើបណ្តាប្រទេសអឺរ៉ុបដែលគាំទ្រដាណឺម៉ាកក្នុងរឿងនេះផងដែរ ប៉ុន្តែលោកបានដកការគំរាមកំហែងនេះវិញ បន្ទាប់ពីមានការសម្របសម្រួលពីសំណាក់លោក រូដ រហូតឈានដល់ការព្រមព្រៀងជាក្របខ័ណ្ឌមួយ ជុំវិញដែនដីដែលសម្បូរទៅដោយធនធានរ៉ែដ៏មានតម្លៃមួយនេះ ទោះបីជាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងមិនទាន់ត្រូវបានបង្ហាញក៏ដោយ។

ស្ថានភាពនេះ បានធ្វើឱ្យគេផ្ដោតការយកចិត្តទុកដាក់ជាថ្មីទៅលើ «មាត្រាទី ៥» នៃសន្ធិសញ្ញារដ្ឋធានីវ៉ាស៊ីនតោន ដែលជាច្បាប់គ្រឹះរបស់ណាតូ តម្រូវឱ្យសមាជិកទាំង៣២ប្រទេស ត្រូវជួយការពារគ្នាទៅវិញទៅមក ក្នុងករណីមានសម្ព័ន្ធមិត្តណាម្នាក់រងការគំរាមកំហែងលើទឹកដី។ ការដែល ត្រាំ ព្យាយាមដាក់សម្ពាធលើអធិបតេយ្យភាពរបស់ដាណឺម៉ាក បានក្លាយជាការសាកល្បងដ៏ធំមួយចំពោះសាមគ្គីភាពរបស់អង្គការយោធាការពារជាតិដ៏ធំបំផុតមួយនេះ៕



