ជំនួសមុខដាណឺម៉ាក បារាំង​សុំ​ធ្វើ​សមយុទ្ធ​ណាតូ​នៅ​ហ្គ្រីនឡែន​
ហៀប ស៊ីថេត
21 មករា 2026 10:00 AM

រដ្ឋធានីប៉ារីស៖ ការិយាល័យប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានអះអាងនៅថ្ងៃពុធទី២១ ខែមករាថា ប្រទេសបារាំង នឹងស្នើសុំធ្វើសមយុទ្ធអង្គការណាតូ នៅលើកោះទឹកកកហ្គ្រីនឡែន ហើយរដ្ឋធានីប៉ារីសបានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើសមយុទ្ធមួយនេះ...។

មែនទែនទៅ សំណើដ៏មុតស្រួចហោះចេញពីវិមានអេលីសេរបស់ប្រធានាធិបតីបារាំងនេះ កើតឡើងជួនចំពេលប្រធានាធិបតីអាម៉េរិក ហោះទៅទីក្រុងដាវូស ប្រទេសស្វីស នៅថ្ងៃពុធទី២១ ខែមករា ដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក ខណៈមនុស្សលើផែនដីមើលឃើញថា ត្រាំ ទំនងជានឹងប្រើប្រាស់វេទិកាសេដ្ឋកិច្ចពិភពលោកនេះ បង្កើនសម្ពាធក្រសោបយកកោះហ្គ្រីនឡែន ទោះបីជា ត្រាំ ដឹងក្នុងចិត្តរួចទៅហើយថា នឹងប៉ះពាល់់ដល់ទំនាក់ទំនងកាន់ឆ្នាំ រវាងអាម៉េរិក និងអឺរ៉ុប ក៏ដោយ។ ថ្លែងនៅទីក្រុងដាវូស កាលពីថ្ងៃអង្គារទី២០ ខែមករា លោក ម៉ាក្រុង បានលើកឡើងថា អឺរ៉ុបនឹងមិនចុះចាញ់ការសម្លុត ឬការគ្រហឹមបំភិតបំភ័យរបស់ លោក ដូណាល់ ត្រាំ ឡើយ។

គួរជម្រាបថា បារាំងស្នើសុំធ្វើសមយុទ្ធណាតូនៅហ្គ្រីនឡែន មិនមែនជារឿងចៃដន្យឡើយ។ នេះជាការបោះសម្តីយ៉ាងមុតស្រួច ផ្តាំទៅលោក ត្រាំ ថា «ហ្គ្រីនឡែន មិនមែនសម្រាប់លក់ ហើយក៏មិនមែនសម្រាប់សម្លុតដែរ»។ បារាំង កំពុងប្រើសន្លឹកបៀរយោធា ដោយពឹងស្មារណាតូ ដើម្បីគូសបន្ទាត់ក្រហម ប្រាប់ទៅ ដូណាល់ ត្រាំ ថា អធិបតេយ្យភាពទឹកដីរបស់ដាណឺម៉ាក គឺជាបន្ទាយទឹកកកដ៏សំខាន់ ដែលសហភាពអឺរ៉ុបមិនអាចបោះបង់ចោលបាន។ សមយុទ្ធយោធាដែលបារាំងស្នើឡើងនេះ ក៏អាចជារឿង ធ្វើឱ្យលោក ត្រាំ កាន់តែខឹងសម្បារផងដែរ។ ប្រសិនសមយុទ្ធណាតូត្រូវបានធ្វើឡើងពិតប្រាកដមែន នោះបង្ហាញឱ្យឃើញថា ណាតូមិនមែនជាគ្រាប់អុក(ល្បែងចក្រត្រង្គ) ដើរតាមក្រឡាបង្គាប់បញ្ជារបស់សហរដ្ឋអាម៉េរិកឡើយ។ សម្ព័ន្ធមិត្តរបស់អាម៉រិក កំពុងភ្ញាក់ខ្លួនជាបណ្ដើរៗហើយថា នៅក្នុងកែវភ្នែកស្តេចឥន្រ្ទីក្រញាំដែកពិឃាដ ដូណាល់ ត្រាំ «នយោបាយការបរទេស គឺជាអាជីវកម្មសេដ្ឋកិច្ច ជាជាងការពង្រឹងសម្ព័ន្ធមិត្ត»

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត