មេណាតូ និងចៅហ្វាយសេតវិមាន និយាយគ្នាអំពីរូបមន្តរុញច្រានឥទ្ធិពលចិន និងរុស្ស៊ី ឱ្យខ្ទាតចេញពីតំបន់អាកទិក
ហៀប ស៊ីថេត
22 មករា 2026 11:30 AM

ទីក្រុងដាវ៉ូស៖ លេខាធិការអង្គការណាតូ លោក ម៉ាក រូតតេ (Mark Rutte) បានអះអាងនៅថ្ងៃព្រហស្បតិ៍ទី២២ ខែមករាថា លោក និងប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានពិភាក្សាគ្នានៅទីក្រុងដាវ៉ូស អំពីរបៀបដែលសម្ព័ន្ធភាពអន្តរអាត្លង់ទិច ប្រឆាំងរុស្ស៊ី និងចិន ឱ្យខ្ទាតឥទ្ធិពលចេញពីតំបន់អាកទិក...។

លោក ម៉ាក រូតតេ(ឆ្វេង) និងលោក ដូណាល់ ត្រាំ
លោក ម៉ាក រូតតេ(ឆ្វេង) និងលោក ដូណាល់ ត្រាំ

លោក ត្រាំ បានលើកឡើងម្ដងហើយម្ដងទៀតថា លោកចង់ទិញយកកោះហ្គ្រីនឡែន ក្រោមលេសសន្តិសុខជាតិ ខណៈចៅហ្វាយសេតវិមានរូបនេះ បានច្រានចោលការប្រើប្រាស់កម្លាំងយោធា ដើម្បីវាយសង្គ្រុបយកកោះទឹកកកនេះ បន្ទាប់ពីកិច្ចពិភាក្សាជាមួយលោក រូតតេ។ ជាមួយគ្នា លោក រូតតេ បានលើកឡើងថា លោកមានកិច្ចពិភាក្សាល្អណាស់ជាមួយ លោក ត្រាំ អំពីរបៀបដែលសម្ព័ន្ធមិត្តណាតូអាចធ្វើការរួមគ្នា ដើម្បីធានាសន្តិសុខតំបន់អាកទិក មិនត្រឹមតែហ្គ្រីនឡែនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សមាជិកណាតូទាំង៧ទៀត ដែលមានដីនៅតំបន់អាកទិកផងដែរ ដោយក្នុងនោះរួមមាន៖ កាណាដា ដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវែស ស៊ុយអែត និងអាម៉េរិក

ជំនួបរវាងលោក ដូណាល់ ត្រាំ និងលោក ម៉ាក រូតតេ នៅទីក្រុងដាវ៉ូស មិនមែនគ្រាន់តែជាកិច្ចពិភាក្សាការទូតធម្មតានោះទេ ប៉ុន្តែវាជាការប្រកាសអាសន្ននូវល្បែងភូមិសាស្ត្រនយោបាយកម្រិតខ្ពស់ ខណៈតំបន់អាកទិកធ្លាប់តែស្ងប់ស្ងាត់ និងត្រជាក់ដល់ឆ្អឹង ប៉ុន្តែពេលនេះស្រាប់តែប្រែរជាក្ដៅហួតហែងនៃជម្លោះអំណាចសកល។ យ៉ាងណាក៏ដោយ លោក ត្រាំ នៅតែចិញ្ចឹមចិត្តចង់ទិញកោះហ្គ្រីនឡែន ទោះបីជាកោះទឹកកកនេះ និងប្រទេសដាណឺម៉ាកមិនព្រមក៏ដោយ។

ជាមួយគ្នា នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី ម៉េតតេ ហ្រ្វេដឺរីកសិន (Mette Frederiksen) បានអះអាងនៅថ្ងៃព្រហស្បតិ៍ទី២២ ខែមករា ថា ប្រទេសដាណឺម៉ាក និងហ្គ្រីនឡែន នៅតែបើកចំហចំពោះការសន្ទនាប្រកបដោយស្ថាបនា ស្តីពីសន្តិសុខតំបន់អាក់ទិក ដើម្បីផ្តល់កិច្ចពិភាក្សាគោរពបូរណភាពទឹកដីរបស់ដាណឺម៉ាក។ លើសពីនេះ លោកស្រីបានសង្កត់ធ្ងន់ថា៖«ណាតូបានដឹងយ៉ាងច្បាស់អំពីជំហររបស់ដាណឺម៉ាក។ សន្តិសុខនៅតំបន់អាក់ទិក គឺជាបញ្ហាសម្រាប់សម្ព័ន្ធមិត្តណាតូទាំងមូល។ ព្រះរាជាណាចក្រដាណឺម៉ាក មានបំណងចង់បន្តការសន្ទនាក្នុងន័យស្ថាបនាជាមួយសម្ព័ន្ធមិត្តអំពីរបៀបដែលយើងអាចពង្រឹងសន្តិសុខនៅតំបន់អាកទិក[..]»៕

លោកស្រី ម៉េតតេ ហ្រ្វេដឺរីកសិន
លោកស្រី ម៉េតតេ ហ្រ្វេដឺរីកសិន
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត