
រដ្ឋធានីកូប៉ិនហាក៖ ពិភពលោកកំពុងដកដង្ហើមធំ តាមដានរឿងរ៉ាវដ៏រសើបនៅតំបន់ប៉ូលខាងជើង ប៉ុន្តែស្ថានការណ៍ហាក់ប្រសើរឡើងបន្តិចវិញ បន្ទាប់ពីកិច្ចពិភាក្សារវាងសហរដ្ឋអាម៉េរិក ដាណឺម៉ាក និងហ្គ្រីនឡែន ចាប់ផ្តើមឡើងកាលពីថ្ងៃពុធទី២៨មករា ដោយភាគីទាំង៣ ស្វែងរកការដោះស្រាយវិបត្តិការទូតដ៏តឹងតែង ជុំវិញការគំរាមកំហែងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រឆាំងនឹងដែនទឹកដីអាកទិក។

កិច្ចពិភាក្សាការទូតនេះ ធ្វើឡើងបន្ទាប់ពីភាពតានតឹងអស់ជាច្រើនខែរវាងដាណឺម៉ាក និងសហរដ្ឋអាម៉េរិក ដែលសមាជិកណាតូដូចគ្នា។ ជាមួយគ្នា ក្រសួងការបរទេសដាណឺម៉ាក អះអាងនៅក្នុងការអត្ថាធិប្បាយជាលាយលក្ខណ៍អក្សរទៅកាន់រ៉យទ័រ ថា៖«មន្ត្រីជាន់ខ្ពស់មកពីប្រទេសដាណឺម៉ាក ហ្គ្រីនឡែន និងសហរដ្ឋអាម៉េរិក បានជួបប្រជុំដើម្បីពិភាក្សាពីរបៀបដែលយើងអាចដោះស្រាយកង្វល់របស់អាម៉េរិក អំពីសន្តិសុខនៅតំបន់អាកទិក..!»។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ (Marco Rubio) បានលើកឡើងថា ពេលនេះ សហរដ្ឋអាម៉េរិកកំពុងដំណើរការផែនការមួយទាក់ទងនឹងកោះទឹកកកហ្គ្រីនឡែន ហើយថា នឹងមានកិច្ចប្រជុំកម្រិតបច្ចេកទេសជាមួយមន្ត្រីមកពីហ្គ្រីនឡែន និងដាណឺម៉ាក លើបញ្ហានេះ។ យ៉ាងណា ការអំពាវនាវម្ដងហើយម្ដងទៀតរបស់ ត្រាំ លើការគ្រប់គ្រងហ្គ្រីនឡែន បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការបែកបាក់នៃសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬអង្គការណាតូ-អូតង់។

ដាណឺម៉ាក ជាម្ចាស់អធិបតេយ្យភាពកោះហ្គ្រីនឡែន បានបង្ហាញជំហរច្បាស់ៗថា ទឹកដីអាកទិកមិនមែនជាទំនិញសម្រាប់ដាក់ដេញថ្លៃនោះទេ។ គួរជម្រាបថា កិច្ចប្រជុំនៅរដ្ឋធានីកូប៉ិនហាកនេះ មិនមែនគ្រាន់តែជាការជជែកគ្នាសាមញ្ញឡើយ ប៉ុន្តែវាជាការផ្សះផ្សាសាមគ្គីភាព ដែលកំពុងប្រេះស្រាំ។ ម្យ៉ាងវិញទៀត វត្តមានរដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីអូ ក្នុងសំណុំរឿងនេះ បានបន្ថែមភាពតានតឹងមួយកម្រិតទៀត ព្រោះថា ទោះបីលោក រ៉ូប៊ីអូ ប្រើភាសាការទូតបែបបច្ចេកទេស ដោយលើកយកហេតុផលសន្តិសុខតំបន់អាកទិក មកធ្វើជាខែលការពារក៏ដោយ ប៉ុន្តែអ្នកវិភាគយល់ឃើញថា នេះគឺជាយុទ្ធសាស្ត្រ «ទន់បង្ក្រាបរឹង» របស់រដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីគំរាមវាយសង្គ្រុប និងប្រើប្រាស់លុយទិញ គ្មានប្រសិទ្ធភាព ខណៈអាម៉េរិកទំនងជាមិនចោលគំនិតចង់គ្រប់គ្រងកោះនេះឡើយ៕




