
រាជធានីភ្នំពេញ៖ សៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធ លើការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានដាក់ប្រើប្រាស់ជាផ្លូវការហើយ ក្រោយមានការជួបពិភាក្សាជាច្រើនលើកពីមន្រ្តីជំនាញ ទាំងកម្រិតបច្ចេកទេស ទាំងការសិក្សាទូលំទូលាយ គួបផ្សំការចុះសិក្សាដោយផ្ទាល់នៅតាមអង្គភាព ស្ថាប័ន និងខេត្តមួយចំនួន…។

ក្នុងពិធីដាក់ដំណើរការ សៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃ និងសិក្សាដកពិសោធ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ នាព្រឹកថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៦ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជបជ) បានឱ្យដឹងថា ឯកសារនេះនឹងត្រូវយកទៅប្រើប្រាស់ជាខ្នាតវាស់ និងវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាដៃគូការងារទាំងអស់ដែលបានប្ដេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា។

លោកស្រីអះអាងថា ទម្រាំអាចដាក់ដំណើរការបាន ក្របខណ្ឌតាមដានមួយនេះមានការប្រមូលនូវធាតុចូលនានា ដោយធ្វើឱ្យមានសុក្រឹតភាពរួមជាមួយថ្នាក់តំបន់អាចអនុវត្តបាន និងអាចប្រើប្រាស់ជាបង្អែកសម្រាប់ការតាមដាន ការធ្វើរបាយការណ៍ដើម្បីជាមូលដ្ឋាននៃការបូកសរុបវាយតម្លៃឱ្យបានត្រឹមត្រូវ ចំណុចខ្លាំង ភាពប្រឈម ឬឧបសគ្គ ដែលត្រូវសិក្សាដកពិសោធសម្រេចការកែលម្អ ការអនុវត្តកាន់តែល្អប្រសើរឡើង ឈានទៅការសម្រេចលទ្ធផលតាមការរំពឹងទុកនៃផែនការយុទ្ធសាស្ត្រជាតិ។ ការបង្កើតបាននូវសៀវភៅក្របខ័ណ្ឌតាមដាន វាយតម្លៃនេះ ក្រោមការឧបត្ថម្ភគាំទ្រមូលនិធិដោយរដ្ឋាភិបាលអូស្ត្រាលី។

សូមជម្រាបថា ផែនការយុទ្ធសាស្ត្រជាតិស្តីពី ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤-២០២៨ មានគោលដៅលុបបំបាត់រាល់ទម្រង់ចាស់ថ្មី នៃអំពើជួញដូរមនុស្ស ដែលបង្កឡើងដោយឧក្រិដ្ឋជនតាមរយៈការធ្វើសកម្មភាពគ្រប់មធ្យោបាយ ក្នុងគោលបំណងកេងប្រវ័ញ្ចលើមនុស្សដោយទុច្ចរិត ធ្វើឱ្យរងគ្រោះយ៉ាងធ្ងន់ធ្ងរដល់រូបកាយ សុខភាពផ្លូវចិត្ត ផ្លូវភេទ អាយុជីវិត ដែលជាការរំលោភសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់មនុស្សគ្រប់វ័យ គ្រប់យេនឌ័រ គ្រប់ស្ថានភាព គ្រប់ពណ៌សម្បុរ ក្នុងដែនសមត្ថកិច្ចកម្ពុជា និងលើប្រជាជនកម្ពុជានៅក្រៅប្រទេស៕




