
រាជធានីភ្នំពេញ៖ មន្ត្រីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្ក្រាបទីតាំងហាងម៉ាស្សាមួយកន្លែង ស្ថិតនៅចុងស្ពានព្រែកព្នៅខាងលិច តាមផ្លូវវិមានឈ្នះឈ្នះ ក្នុងភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដែលបានលួចបង្កប់អំពើសញ្ចារកម្ម និងបានឃាត់ខ្លួនម្ចាស់ទីតាំង រួមទាំងនារីនៅក្នុងហាងនោះចំនួន៨នាក់ផ្សេងទៀត ដែលមានអនិតិជន៣នាក់ កាលពីវេលាម៉ោង០៩ៈ០០នាទីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣...។

មន្ត្រីជំនាញដែលបានចុះបង្ក្រាប បានឱ្យដឹងថា ប្រតិបត្តិការនេះ មានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សិត វណ្ណៈ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបអាជ្ញាធរចុះបង្ក្រាបជាក់ស្តែងនៅទីតាំងដែលមានស្លាកយីហោហាងម៉ាស្សាកោសជប់យីហោ «៩៩៩៩» ប៉ុន្តែបានលួចលាក់បង្កប់អំពើសញ្ចារកម្ម ដែលមានទាំងអនីតិជននៅក្នុងនោះផងដែរ។ ម្ចាស់ទីតាំងខាងលើ មានឈ្មោះ សេក មុំ អាយុ៤០ឆ្នាំ បានឱ្យនារីវ័យក្មេងអង្គុយរង់ចាំភ្ញៀវមកធ្វើការម៉ាស្សា និងបង្កប់អាជីវកម្មផ្លូវភេទ។ បន្ថែមលើនេះ អាជ្ញាធរបានរកឃើញវត្ថុតាង ស្រោមអនាម័យជាច្រើននៅក្នុងហាង ដែលមានទាំងប្រើហើយ និងមិនទាន់ប្រើប្រាស់ផងដែរ។

អាជ្ញាធរបញ្ជាក់ថា បើតាមការឱ្យដឹងពីស្ត្រីម្ចាស់ហាង សម្រាប់សេវាកម្មម៉ាស្សាធម្មតា គឺរយៈពេល១ម៉ោង តម្លៃ២ម៉ឺនរៀល ប៉ុន្តែបើភ្ញៀវមានតម្រូវការសេវាកម្មផ្លូវភេទ គឺក្នុងពេលរួមភេទ្យម្តងមានតម្លៃពី២៥ដុល្លារ ទៅ៣០ដុល្លារ ប៉ុន្តែបើមិនសូវមានម៉ូយមកតម្លៃអាចធ្លាក់ចុះនៅត្រឹម២០ដុល្លារក៏មាន។ ចំណែកប្រាក់កម្រៃដែលនារីបម្រើសេវាកម្មជួញដូរផ្លូវភេទទទួលបានពីភ្ញៀវ លើសេវាកម្មទាំងពីរនេះ ត្រូវបែងចែកជាមួយម្ចាស់ទីតាំងស្មើគ្នា។ បន្ទាប់ពីធ្វើការសាកសួរពីមន្ត្រីជំនាញ អាជ្ញាធរបានរកឃើញនារីវ័យក្មេងចំនួន៣នាក់ ស្ថិតក្នុងអនីតិជន ដែលទទយលបានការការពារដោយច្បាប់។ ជាមួយគ្នានោះ កម្លាំងជំនាញ បាននាំខ្លួនស្ត្រីជាម្ចាស់ទីតាំងខាងលើ ទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីសួរនាំ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ខណៈនារីរងគ្រោះទាំង៨នាក់ ត្រូវបានអាជ្ញាធរ ប្រគល់ជូនទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ...៕





