អាជ្ញាធរខេត្តបន្ទាយមានជ័យ អះអាងពីការបង្ក្រាបបានករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទកើនឡើង
អុន សម្ផស្ស
30 មករា 2025 09:00 AM

ក្រុងសិរីសោភ័ណ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០មករា ឆ្នាំ២០២៥នេះ បានអះអាងពីការបង្ក្រាបអំពើជួញដូរមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទកើនឡើង១៨ករណីក្នុងរយៈពេលពេញ១ឆ្នាំ២០២៤។ ការបញ្ជាក់របស់អាជ្ញាធរ ធ្វើឡើងក្នុងកិច្ចប្រជុំ«បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥»

ពលរដ្ឋដែលត្រូវបានអាជ្ញាធរប្រទេសជិតខាងបញ្ជូនមកកម្ពុជាវិញ។ រូបភាព៖ឯកសារ
ពលរដ្ឋដែលត្រូវបានអាជ្ញាធរប្រទេសជិតខាងបញ្ជូនមកកម្ពុជាវិញ។ រូបភាព៖ឯកសារ

ថ្លែងក្នុងកិច្ចប្រជុំ អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានឱ្យដឹងថា រយៈពេល១២ខែ ឆ្នាំ២០២៤ កម្លាំងសមត្ថកិច្ចនគរបាលយុត្តិធម៌ បានបង្ក្រាបបទល្មើសពាក់ព័ន្ធច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទចំនួន៤៥/៣០ករណី។ ចំនួននេះមានការកើនឡើង១៨ករណី ស្មើ៤១ភាគរយ ខណៈករណីទាំងនោះឃាត់ខ្លួនជនសង្ស័យបានចំនួន៥១នាក់ ស្រីម្នាក់ និងជាអនិតិជន៣នាក់។ ទន្ទឹមគ្នានោះ លោកស្រីបញ្ជាក់ថា ពលរដ្ឋកម្ពុជាចំនួន៧០៧៩នាក់ ត្រូវបានអាជ្ញាធរបរទេសបញ្ជូនត្រឡប់មកវិញ ពាក់ព័ន្ធករណីឆ្លងដែនខុសច្បាប់។

អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី
អភិបាលរងខេត្តបន្ទាយមានជ័យ លោកស្រី រស់ សុផានី

ដោយឡែក មជ្ឈមណ្ឌលសំចត និងស្ដានីតិសម្បទាសម្រាប់ជនរងគ្រោះប៉ោយប៉ែត ទទួលពលករបញ្ជូនត្រឡប់មកពីប្រទេសថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ចំនួន ៧៣៥០នាក់។ ចំពោះមុខការបង្ក្រាបបានករណីជួញដូរមនុស្សកើនឡើង អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កម្លាំងសមត្ថកិច្ច អាជ្ញាធរគ្រប់មូលដ្ឋាន បន្តបំពេញភារកិច្ចតាមតួនាទី ខិតខំតាមដានបាតុភាព និងបទល្មើសផ្សេងៗឱ្យបានជាប្រចាំ។ សមត្ថកិច្ចនៅតាមបណ្តាអង្គភាពត្រួតពិនិត្យច្រកទ្វារព្រំដែន កម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនការទទួលខុសត្រូវដោយយកចិត្តទុកដាក់ គ្រប់គ្រងព្រំដែន និងរំហូរឆ្លងកាត់ព្រំដែនគ្រប់ទីតាំងឱ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឱ្យមានអំពើជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ

អភិបាលខេត្តរូបនេះ បញ្ជាក់ផងដែរថា អំពើជួញដូរមនុស្សជាការរំលោភបំពានដ៏ធ្ងន់ធ្ងរមិនអាចទទួលយកបាន វាជាការរំលោភសិទ្ធិមនុស្ស និងបន្តឧបសគ្គដ៏ចម្បងរារាំងដល់ការចូលរួមក្នុងកិច្ចអភិវឌ្ឍជាតិ។ ប្រការនេះ គឺជាការដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរលើសេដ្ឋកិច្ចជាតិ និងសង្គម ព្រោះរដ្ឋបានខាតបង់ថវិកាលើការចំណាយសម្រាប់សេវាសុខភាព ការបាត់បង់ផលិតភាព ជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះ សេវាសង្គមដើម្បីស្តារនីតិសម្បទា សេវាច្បាប់ និងសេវាគាំទ្រចាំបាច់មួយចំនួនទៀត៕

ពលរដ្ឋដែលត្រូវបានអាជ្ញាធរប្រទេសជិតខាងបញ្ជូនមកកម្ពុជាវិញ។ រូបភាព៖ឯកសារ
ពលរដ្ឋដែលត្រូវបានអាជ្ញាធរប្រទេសជិតខាងបញ្ជូនមកកម្ពុជាវិញ។ រូបភាព៖ឯកសារ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត