បុរសម្នាក់ត្រូវនាយកដ្ឋានបញ្ជូនទៅតុលាការ​​ ករណីបង្កើតគណនីកម្ចីប្រាក់ឆបោកមនុស្ស១១នាក់
S
Sreyleak Yith
23 ធ្នូ 2024 03:00 AM

រាជធានីភ្នំពេញ​៖​ ​នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២២​ ខែធ្នូ​​ ឆ្នាំ២០២៤​ បានឱ្យដឹងថា​​ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យម្នាក់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបង្កើតគណនីផ្សព្វផ្សាយកម្ចីប្រាក់ និងបង្កើតទំព័របណ្ដាញសង្គមលក់ ដែលឆបោកទៅលើជនរងគ្រោះចំនួន១១នាក់ក្នុងទំហំទឹកប្រាក់២ម៉ឺន៥ពាន់ដុល្លារអាម៉េរិក…។

<br />

 នាយកដ្ឋាន​​ប្រឆាំងបទល្មើសបច្ចេកវិទ្យា គូសបញ្ជាក់ថា កាលពីថ្ងៃទី១៩ធ្នូ កន្លងទៅ ​​បានចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប.ន ភេទប្រុស ជនជាតិខ្មែរ មានទីលំនៅខេត្តកំពង់ចាម ជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម ក្រោមរូបភាពទិញ-លក់ទំព័រគណនីហ្វេសប៊ុក និងកម្ចីប្រាក់អនឡាញផ្ទេរប្រាក់តាមគណនីធនាគារផ្សេងៗ។ ការចុះចាប់នេះមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។​​ តាមការស្រាវជ្រាវ និងសួរចម្លើយចំនួនជនរងគ្រោះ និងទំហំទឹកប្រាក់អាចមានចំនួនច្រើនជាងចំនួនខាងលើ។​​ នាយកដ្ឋានបន្តថា​ ជនសង្ស័យបានប្រព្រឹត្តបទល្មើសឆបោកប្រាក់តាមបណ្តាញទំនាក់ទំនងសង្គមតាំងពីអំឡុងឆ្នាំ២០២២មកម៉្លេះដោយបង្កើតគណនីទំនាក់ទំនងសង្គមក្លែងក្លាយ ផ្សព្វផ្សាយពីការផ្ដល់ប្រាក់កម្ចីតាមអនឡាញ និងការទិញ-លក់ទំពរ័គណនីហ្វេសប៊ុក ក្រោយពីទទួលបានប្រាក់ពីជនរងគ្រោះដែលចង់ស្នើសុំប្រាក់កម្ចី ឬទិញទំព័រគណនីហ្វេសប៊ុកពីរូបគេជនសង្ស័យក៏បានផ្ដាច់ទំនាក់ទំនងជាមួយជនរងគ្រោះតែម្ដង។​​

រូបតំណាង
រូបតំណាង

 ជាមួយគ្នា​ នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្ន ក្នុងការដាក់ស្នើសុំកម្ចីប្រាក់តាមប្រព័ន្ធអនឡាញពីស្ថាប័ននានា ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញទំនាក់ទំនងសង្គម និងការទិញ-លក់ទំនិញនានាតាមប្រព័ន្ធអនឡាញ ពីគណនីហ្វេសប៊ុក ឬទំព័រហ្វេសប៊ុកដែលគ្មានប្រភពច្បាស់លាស់ ដែលអាចប្រឈមនឹងបញ្ហានានា ព្រមទាំងខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិទៀតផង។​​ សូមរំឭកកាលពីថ្ងៃទី២៩កក្កដា ឆ្នាំ២០២៤​ កន្លងទៅកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់ជាមេខ្លោងក្រុមហ៊ុនកម្ចីអនឡាញដោយគ្មានច្បាប់អនុញ្ញាត និងផ្ទុយពីបញ្ញត្តិមាត្រា៥៥នៃច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត