អ្នកគាំទ្រក្រុមភ្នំពេញក្រោន សូមប្រុងប្រយ័ត្ន...! ជនខិលខូចលួចខ្លែងបន្លំជាភ្នាក់ងារក្លិបលក់អាវខ្យល់
ហៀប ស៊ីថេត
28 សីហា 2024 10:30 AM

រាជធានីភ្នំពេញ៖ ក្លិបបាល់ភ្នំពេញក្រោន បានដាស់ស្មារតីអ្នកគាំទ្រទាំងអស់់ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ជុំវិញករណីឆបោក ក្រោយមានជនខិលខូចជញ្ជក់ឈាមជាតិសាសន៍ឯងមួយចំនួន បានឆាតទៅអ្នកគាំទ្រក្នុងគោលបំណងបោកប្រាស់ និងបោកបញ្ឆោតឱ្យទិញឈុតកីឡា និងអាវភ្នំពេញក្រោនក្នុងតម្លៃថោក។ យ៉ាងណា ក្លិបបាល់ទាត់ភ្នំពេញក្រោនបានចេញសេចក្តីព្រមាន និងជូនដំណឹងភ្លាមៗក្រោយមានករណីនេះកើតឡើង។ នេះបើតាមការបញ្ជាក់ពីក្លិបភ្នំពេញក្រោន តាមរយៈគ្រុបតេឡេក្រាមផ្លូវការនៅថ្ងៃពុធទី២៨សីហា ឆ្នាំ២០២៤នេះ...។

ក្រោយមានករណីបោកប្រាស់ជាតិសាស្ត្រឯងបែបនេះ ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសជូនដំណឹងទៅបណ្តាអ្នកគាំទ្រឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេស ជនខិលខូចដែលអះអាងថា ខ្លួនជាភ្នាក់ងារ ឬក្រុមការងាររបស់ក្លិប និងបានលក់សម្លៀកបំពាក់កីឡាក្នុងតម្លៃថោក ខណៈក្លិបនេះគ្មានគោលការណ៍ណាមួយក្នុងការបញ្ចុះតម្លៃអាវ ឬសម្លៀកបំពាក់កីឡារបស់ខ្លួននោះឡើយ។ ជាមួយគ្នានេះ ក្លិបភ្នំពេញក្រោនបានបញ្ជាក់តាមតេឡេក្រាមថា៖«សួស្តីអ្នកគាំទ្រក្លិបបាល់ទាត់ភ្នំពេញក្រោនទាំងអស់គ្នា ដោយសារតែថ្មីៗនេះ មានជនខិលខូចមួយចំនួនបានឆាតទៅបងប្អូនក្នុងន័យលក់អាវភ្នំពេញក្រោនឱ្យតម្លៃធូរថ្លៃ មានប្រូម៉ូសិន សូមបងប្អូនកុំជឿទុកចិត្តឱ្យសោះ!!»។ ក្លឹបដែលមាសមាជិកក្នុងគ្រុបតេឡេក្រាមជាង៨ពាន់នាក់មួយនេះ បានបន្ថែមថា៖«យើងខ្ញុំមិនមានគោលការណ៍សម្រាប់បុគ្គលណាមួយលក់បញ្ចុះតម្លៃពិសេសអ្វីនោះទេ។ រាល់ប្រូម៉ូតសិនផ្សេងៗ សុទ្ធតែមានតែការប្រកាសលើផេកផ្លូវការរបស់ក្លិប និងនៅហាងផ្ទាល់ប៉ុណ្ណោះ»។

គួរជម្រាបផងដែរថា ការជូនដំណឹងនេះ គឺជាសារដ៏មានសារសំខាន់ក្នុងការបង្អាក់ដំណើរដ៏ស្មោគរោគរបស់ជនអន្ធពាលមួយចំនួន ជុំវិញការបោកប្រាស់តែជាតិសាសន៍សាច់ឈាមខ្មែរគ្នាឯង។ សូមបញ្ជាក់ថា សម័យបច្ចេកវិទ្យាកាន់តែទំនើប ជនខិលខូចផុសឡើងកាន់តែច្រើន ដូច្នេះយើងត្រូវតែសិក្សា និងឈ្វេងយល់ឱ្យបានច្បាស់ និងស៊ីជម្រៅមុននឹងដាក់ចិត្តគំនិតជឿលើអ្វីមួយ ចៀសវៀងវិប្បដិសារីនៅថ្ងៃក្រោយ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត