
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានករណីឆបោកកើតឡើងក្នុងផ្សារមួយនៅស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានស្រ្តីបុរសពីរនាក់ ចូលទៅកន្លែងលក់មាស ហើយដាក់បញ្ចាំចិញ្ចៀនមួយវង់ ក្នុងតម្លៃ៤០ម៉ឺនរៀល ហើយសន្យាថា បញ្ចាំតែបីថ្ងៃប៉ុណ្ណោះ នឹងមកលស់យកចិញ្ចៀនទៅវិញ។ ដោយពិនិត្យទៅឃើញដូចជាចិញ្ចៀនមាសពិត ហើយថែមទាំងឃើញមានលិខិតបង្កាន់ដៃបញ្ជាក់ពីប្រភពទិញលក់ចិញ្ចៀននេះពីមុនមកច្បាស់លាស់ទៀតនោះ ស្រ្តីជាអាជីវករលក់មាស ក៏យល់ព្រមទទួលយកការដាក់បញ្ចាំ ហើយក៏ប្រគល់ប្រាក់៤០ម៉ឺនរៀលទៅឱ្យស្រ្តីបុរសទាំងពីរនាក់នោះ។

គ្រាន់តែទទួលបានប្រាក់ភ្លាម ជនសង្ស័យទាំងពីរ ក៏ស្រាប់តែប្រញាប់ប្រញាល់ចាកចេញ ដែលបង្ហាញពីឥរិយាបថគួរឱ្យសង័្សយ។ ភ្លាមៗ អាជីវករលក់មាស ក៏បានយកចិញ្ចៀននេះ មកពិនិត្យមើលឡើងវិញ ទើបដឹងថាជាចិញ្ចៀនកាឡៃ មិនមែនចិញ្ចៀនមាសពិតនោះទេ ហើយបានផ្តល់ព័ត៌មានបន្ទាន់ ទៅកាន់នគរបាលស្រុកសំឡូត។ លោកវរសេនីយ៍ទោ មែន រីម អធិការនគរបាលស្រុកសំឡូត បានចេញអន្តរាគមន៍ភ្លាមៗ រហូតស្ទាក់ចាប់ស្រ្តីបុរសទាំងពីរនាក់បាន ខណៈពួកគេកំពុងជិះម៉ូតូប្រុងចាកចេញពីស្រុកនេះ។

ស្រ្តីអាយុ៤២ឆ្នាំ មានទីលំនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប និងបុរសអាយុ៥៤ឆ្នាំ មានទីលំនៅក្នុងស្រុកកោះធំ ខេត្តកណ្ដាល។ សមត្ថកិច្ចបានរកឃើញចិញ្ចៀនកាឡៃជាច្រើនវង់ក្នុងខ្លួនអ្នកទាំងពីរ ហេីយពេលសាកសួរ ពួកគេ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា មុខរបររបស់ពួកគេ គឺដើរធ្វើសកម្មភាពបន្លំឆបោក ដោយប្រើប្រាស់ចិញ្ចៀនកាឡៃទាំងនេះនាពេលកន្លងមក ពិសេសតាមជនបទដាច់ស្រយាល។

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាឱ្យបញ្ជូនជនសង័្សយនិងវត្ថុតាង ទៅកាន់អង្គភាពជំនាញ ដើម្បីស្រាវជ្រាវបន្ថែម និងចាត់វិធានការតាមផ្លូវច្បាប់ រីឯប្រាក់ប្រគល់ជូនម្ចាស់ដើមវិញ។ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អំពាវនាវឱ្យអាជីវករលក់ដូរនៅតាមផ្សារត្រូវប្រុងប្រយ័ត្ន និងត្រូវផ្តល់ព័ត៌មានទៅកាន់សមត្ថកិច្ចឱ្យបានទាន់ពេលវេលា ដើម្បីធ្វើអន្តរាគមន៍ និងចាត់វិធានការឱ្យទាន់ពេលវេលាដូចគ្នា៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង




