សូមប្រុងប្រយ័ត្ន..! ស្នងការខេត្តបាត់ដំបង បញ្ជាក់ករណីជនអនាមិកកំពុងធ្វើសកម្មភាពបោកប្រាស់ប្រាក់ពីអតីតយុទ្ធជនចូល​និវត្តន៍
អាន ប៊ុនរ័ត្ននៈ
មួយឆ្នាំមុន

ខេត្តបាត់ដំបង៖ ជនអនាមិកមួយក្រុមបាននិងកំពុងធ្វើសកម្មភាពបោកបញ្ឆោតទៅលើសមាជិកអតីតមន្ត្រីនគរបាលជាតិ និងសមាគមអតីត​យុទ្ធជនកម្ពុជាខេត្តបាត់ដំបងដែលបានចូលនិវត្តន៍ ដោយបង្គាប់ឱ្យផ្ទេរប្រាក់ទៅពួកគេ។ យ៉ាងណា ជុំវិញករណីខាងលើ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​ស បញ្ជាក់ថា សមត្ថកិច្ចជំនាញបាននិងកំពុងធ្វើការស៊ើបអង្កេតយ៉ាងក្ដៅគគុកចំពោះករណីនេះ...។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​ស​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃសៅរ៍ទី១៤ ខែធ្នូ ឆ្នាំ២០២៤ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖«ថ្មីៗនេះមានករណីជនអនាមិក បានទាក់ទងតាមប្រព័ន្ធទូរសព្ទទៅកាន់និវត្តន៍ជនដែលជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជា (ស.ម.ន)​ និងសមាគមអតីត​យុទ្ធជនកម្ពុជាខេត្តបាត់ដំបង​ (ស.​អ.ក) ដោយបានធ្វើសកម្មភាពបោកបញ្ឆោតឱ្យសមាជិកទាំងនោះ ធ្វើការផ្ទេរប្រាក់ទៅឱ្យពួកគេ។ ករណីខាងលើនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កំពុងបើកការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត និងសូមលោក​-លោកស្រីជាសមាជិកទាំងអស់បញ្ឈប់ការផ្ទេរប្រាក់ទាំងនោះ ដើម្បីចៀសវាងខាតបង់ទ្រព្យសម្បត្តិ ប្រាក់កាសផ្ទាល់ខ្លួន។»

បន្ថែមលើនេះ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​ស​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បញ្ជាក់ថា ជនអនាមិក បានបញ្ជាឱ្យភាគីជនរងគ្រោះផ្ទេរប្រាក់​ ទៅ​ពួកគេតាមមធ្យោបាយផ្សេងៗ ដោយប្រាប់ថា​ ពួកគេ​គឺជាអ្នក​ទទួលបង់ប្រាក់ សមាគម (ស.ម.ន) ឬ(ស.​អ.ក)​ ប្រចាំខែ ឬប្រចាំឆ្នាំ។ សកម្មភាពខាងលើ គឺជាសកម្មភាពបោកប្រាស់ពី​សំណាក់ជនខិលខូចសុទ្ធសាធ ដែលចាំបាច់តម្រូវឱ្យក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័​ស ជូនព័ត៌មានជាពិសេស​ដល់លោក-លោកស្រីជាសមា​ជិកសមាគ​ម ​បានជ្រាប និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករ​ណី​ខាងលើនេះ។​ ចំពោះលេខទូរសព្ទ​របស់ជន​ខិល​ខូចទាំង​នោះ សមត្ថកិច្ចបាននិងកំពុងធ្វើការ​ស្រាវជ្រាវស្វែងរកអត្តសញ្ញាណរបស់ពួកគេជាបណ្តើរៗ​ហើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត