
រាជធានីភ្នំពេញ៖ តំណាងថ្មីរបស់អង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា ប្រកាសជួយ«អភិរក្សវប្បធម៌ និងគោលនយោបាយព័ត៌មាន» ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជួយកម្ពុជា ការពារការពិតប្រវត្តិសាស្ត្រនៅលើឆាកអន្តរជាតិ។ នេះបើតាមការប្រកាសរបស់រដ្ឋសភា ក្រោយជំនួបទ្វេភាគីរវាង លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា ជាមួយ លោក ហ្វ្លាវីយ៉ូ បូណេទី (Flavio Bonetti) តំណាងថ្មីអង្គការយូណេស្កូ កាលពីថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២៦...។

តាមរយៈជំនួបនេះ លោក សួស យ៉ារ៉ា បញ្ជាក់ប្រាប់មន្ត្រីយូណេស្កូថា កម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវ«ច្បាប់អន្តរជាតិ និងយន្តការពហុភាគីនិយម» ដោយចាត់ទុកជាអាវុធការទូតដ៏សំខាន់ក្នុងការការពារសម្បត្តិវប្បធម៌ជាតិ។ បើតាមរដ្ឋសភា ការអះអាងរបស់ លោក សួស យ៉ារ៉ា ធ្វើឡើងក្នុងបរិបទកម្ពុជាធ្លាប់បានជួបប្រទះនូវបញ្ហាប្រឈមជាមួយប្រទេសជិតខាង ដែលបានរំលោភបំពានលើសម្បត្តិវប្បធម៌ជាតិ និងសម្បត្តិបេតិកភណ្ឌពិភពលោក នាពេលកន្លងមក។ មន្ត្រីជាន់ខ្ពស់កម្ពុជារូបនេះ ក៏បានបង្ហាញនូវសារនយោបាយចំៗ និងច្បាស់លាស់ជាច្រើន។

លោក សួស យ៉ារ៉ា សង្កត់ធ្ងន់ថា៖«កម្ពុជាប្រកាន់ខ្ជាប់នូវការការពារបេតិកភណ្ឌដោយផ្អែកលើ (អនុសញ្ញាអន្តរជាតិ)»។ ក្នុងន័យនេះ ការការពារសម្បត្តិវប្បធម៌មិនមែនធ្វើឡើង ដើម្បីការប្រកួតប្រជែងនោះទេ ប៉ុន្តែត្រូវប្រើប្រាស់វាជា«ស្ពានសន្តិភាព»ដើម្បីជំរុញការយោគយល់គ្នាទៅវិញទៅមក។ សម្រាប់ឆ្នាំ២០២៦ គឺជាខួបលើកទី៧៥ នៃការចូលជាសមាជិក អង្គការយូណេស្កូ របស់កម្ពុជា ហេតុនេះ លោក សួស យ៉ារ៉ា ប្រាប់តំណាងអង្គការថា ជាព្រឹត្តិការណ៍ដ៏មានសារសំខាន់បំផុត ដើម្បីបង្ហាញពិភពលោកអំពីសមិទ្ធផលដែលកម្ពុជា សម្រេចបានក្នុងការអភិរក្ស និងជាការរំឭកដល់សហគមន៍អន្តរជាតិអំពី «កម្មសិទ្ធិស្របច្បាប់» នៃសម្បត្តិបេតិកភណ្ឌនានា ដែលកម្ពុជាបានចុះបញ្ជីរួចរាល់។

ដោយឡែក ពាក់ព័ន្ធនឹងការជំរុញឌីជីថល និងយន្តការសភា លោក សួស យ៉ារ៉ា ស្នើអង្គការយូណេស្កូ ចូលរួមចំណែកជួយជំរុញការតភ្ជាប់ឌីជីថលអាស៊ី-អឺរ៉ុប តាមរយៈគម្រោង «សារមន្ទីរឌីជីថល» ដើម្បីផ្សព្វផ្សាយការពិតនៃប្រវត្តិសាស្ត្រវប្បធម៌ខ្មែរ ទៅកាន់ពិភពលោកឱ្យបានទូលំទូលាយ។ ទន្ទឹមគ្នា លោកក៏បានស្នើឱ្យមានការបន្តពង្រឹងកិច្ចសហប្រតិបត្តិការវប្បធម៌ ក្នុងតំបន់មេគង្គ និងអាស៊ី ដើម្បីជៀសវាងជម្លោះដែលមិនចាំបាច់ផងដែរ។ ជាការឆ្លើយតប តំណាងថ្មីរបស់អង្គការយូណេស្កូ ប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា ហើយថែមទាំងសន្យានឹងបន្តផ្តល់ជំនួយបច្ចេកទេសលើការ«អភិរក្សវប្បធម៌ និងគោលនយោបាយព័ត៌មាន» ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការជួយកម្ពុជា ការពារការពិតប្រវត្តិសាស្ត្រនៅលើឆាកអន្តរជាតិ។

សូមរំឭកខ្លីថា ទីតាំងវប្បធម៌ប្រវត្តិសាស្ត្រកម្ពុជា ជាច្រើនរួមទាំងប្រាង្គប្រាសាទមួយចំនួនដែលបានចុះក្នុងបញ្ជីជាបេតិកភណ្ឌពិភពលោករួចហើយ ក៏នៅតែរងការបំផ្លាញដោយសង្គ្រាមថៃឈ្លានពានក្នុងឆ្នាំ២០២៥។ ជាក់ស្តែង ប្រាសាទព្រះវិហារ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ យោងតាមភស្តុតាង រូបថត និងវីដេអូ សំណង់ស្ថាបត្យកម្មសំខាន់ៗ ស្ទើរតែទាំងអស់នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ទាំងអស់ និងជណ្តើរបុរាណខាងជើង បានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការបាញ់ និងទម្លាក់គ្រាប់បែកពីយន្តហោះF-16 របស់យោធាថៃ៕








