
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានបង្ហាញជំហរជំទាស់ចំពោះផែនការរបស់អ៊ីស្រាអែល ក្នុងការកាត់បញ្ចូលទឹកដី West Bank មកជាកម្មសិទ្ធិរបស់ខ្លួន។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីសេតវិមាន។

មន្ត្រីរូបនោះ បានកត់សម្គាល់យ៉ាងដូច្នេះថា៖«តំបន់ West Bank មានស្ថិរភាព នឹងជួយរក្សាសន្តិសុខឱ្យអ៊ីស្រាអែល ហើយវាស្របតាមគោលដៅរបស់រដ្ឋបាលនេះ ក្នុងការសម្រេចឱ្យបាននូវសន្តិភាពក្នុងតំបន់»។ ការចេញមុខមកបញ្ជាក់ជំហររបស់សេតវិមាននេះ ធ្វើឡើងបន្ទាប់ពីផ្ទុះការរិះគន់ពីអន្តរជាតិ ក្រោយពេលរដ្ឋមន្ត្រីហិរញ្ញវត្ថុស្ដាំនិយមជ្រុល លោក ប៊េស្យាឡេល ស្មូទ្រីក (Bezalel Smotrich) និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល ខាតហ្ស៍ (Israel Katz) ប្រកាសពីវិធានការថ្មី ដើម្បីពង្រីកការគ្រប់គ្រងរបស់អ៊ីស្រាអែល លើទឹកដីប៉ាឡេស្ទីន។ វិធានការទាំងនេះ រួមមានការផ្ដល់ភាពងាយស្រួលដល់ជនជាតិអ៊ីស្រាអែល ក្នុងការទិញដីសម្រាប់សាងសង់លំនៅឋានថ្មី ជាទង្វើខុសច្បាប់អន្តរជាតិ និងការផ្ទេរអំណាចអនុញ្ញាតសាងសង់ក្នុងក្រុងហេប្រុន (Hebron) ពីអាជ្ញាធរប៉ាឡេស្ទីនមកឱ្យអ៊ីស្រាអែលវិញ។ លោក ស្មូទ្រីក បាននិយាយដោយឥតលាក់លៀមថា គោលបំណងនៃការផ្លាស់ប្ដូរនេះ គឺដើម្បីពង្រឹងឫសគល់នៅគ្រប់តំបន់នៃទឹកដីអ៊ីស្រាអែល និងកប់ចោលនូវគំនិតនៃការបង្កើតរដ្ឋប៉ាឡេស្ទីន។

ស្របពេលជាមួយគ្នានេះ ប្រទេសកាន់សាសនាឥស្លាមចំនួន៨ រួមមាន៖ អេហ្ស៊ីប ឥណ្ឌូណេស៊ី ហ្ស៊កដានី ប៉ាគីស្ថាន កាតា អារ៉ាប៊ីសាអូឌីត តួកគី និងអារ៉ាប់រួម បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ថ្កោលទោសយ៉ាងខ្លាំង ដោយចាត់ទុកថា ចំណាត់ការរបស់អ៊ីស្រាអែល គឺជាការប៉ុនប៉ងរំលោភយកអធិបតេយ្យភាពប៉ាឡេស្ទីន និងបង្កើនការជម្លៀសប្រជាជនប៉ាឡេស្ទីនដោយខុសច្បាប់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់ថូនីញ៉ូ ហ្គូតេរ៉ែស រួមជាមួយរដ្ឋាភិបាលអង់គ្លេស និងអេស្ប៉ាញ ក៏បានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ដោយព្រមានថា ទង្វើឯកតោភាគីរបស់អ៊ីស្រាអែលនឹងធ្វើឱ្យប៉ះពាល់ដល់ដំណោះស្រាយរដ្ឋពីរ និងអាចជំរុញឱ្យមានរលកហិង្សាថ្មីកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់មជ្ឈិមបូព៌ា។ អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះ មិនត្រឹមតែមិននាំទៅរកផ្លូវត្រឹមត្រូវនោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការកំណត់វាសនាដោយខ្លួនឯងថែមទៀតផង៕



