អនុទីន ចេញមកធានា គ្មានការបន្លំសន្លឹកឆ្នោត ខណៈពលរដ្ឋកំពុងតវ៉ាដូចព្យុះសង្ឃរា
ហៀប ស៊ីថេត
16 ម៉ោងមុន

រាជធានីបាងកក៖ ស្របពេលរលកនៃបាតុកម្មតវ៉ារឿងភាពមិនប្រក្រតី នៃការបោះឆ្នោតនៅប្រទេសថៃ ផ្ទុះឡើងខ្លាំង ពេលនេះ អនុទីន ឆាន់វីរគុល ចេញមកបញ្ជាក់ក្នុងនាមជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាមេដឹកនាំគណបក្សភូមិចៃថៃ ដោយបានច្រានចោលទាំងស្រុងនូវរាល់ការរិះគន់ និងបានអះអាងទាំងជឿជាក់ថា ការបោះឆ្នោតនេះ «ស្អាតស្អំ» បំផុត ផ្ទុយស្រឡះពីការយល់ឃើញរបស់អង្គការសង្គមស៊ីវិល និងពលរដ្ឋថៃ...។

លោក អនុទីន ឆានវីរគុល
លោក អនុទីន ឆានវីរគុល

នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នាវិមានរាជរដ្ឋាភិបាល លោក អនុទីន បានផ្តល់បទសម្ភាសទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់បណ្តាញអង្គការប្រជាធិបតេយ្យចំនួន ៨០ ដែលបានចោទប្រកាន់ពីការជ្រៀតជ្រែកក្នុងការបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈ។ លោក អនុទីន បាននិយាយទាំងមានទំនុកចិត្តថា៖«មិនមានការក្លែងបន្លំការបោះឆ្នោតទេ ហើយក៏គ្មានការជ្រៀតជ្រែកពីក្រសួងមហាផ្ទៃដែរ»។ លោកបន្ថែមថា ការរាប់សន្លឹកឆ្នោតឡើងវិញ គ្មានប្រសិទ្ធភាពទេ ប្រសិនបើគណៈកម្មការរៀបចំការបោះឆ្នោតមិនយល់ស្រប។ លោកបញ្ជាក់ថា៖«ការបោះឆ្នោតនេះ ត្រូវបានធ្វើឡើងដោយគណៈកម្មការរៀបចំការបោះឆ្នោត ហើយរាជរដ្ឋាភិបាលមិនមានការចូលរួមអ្វីទាំងអស់។ រាជរដ្ឋាភិបាល អាចផ្តល់ជំនួយ ឬការគាំទ្របាន លុះត្រាតែមានការស្នើសុំពីគណៈកម្មការរៀបចំការបោះឆ្នោតប៉ុណ្ណោះ»។

នៅពេលអ្នកសារព័ត៌មានសួរថា តើនឹងមានការរាប់សន្លឹកឆ្នោតឡើងវិញទូទាំងប្រទេសដែរឬទេ..? ហើយ..ថាតើលោកបានត្រៀមខ្លួនរួចរាល់ឬនៅ..? លោក អនុទីន បានអះអាងថា វាជារឿងរបស់គណៈកម្មការរៀបចំការបោះឆ្នោត ហើយការរាប់សន្លឹកឆ្នោតឡើងវិញ គឺជាការសម្រេចចិត្ត ដែលគណៈកម្មការរៀបចំការបោះឆ្នោតត្រូវតែធ្វើ។ នៅពេលសួរបន្ថែមថា តើភាពចម្រូងចម្រាស់នៃការបោះឆ្នោតនាពេលបច្ចុប្បន្ន ឆ្លុះបញ្ចាំងពីកង្វះភាពយុត្តិធម៌ និងតម្លាភាពក្នុងការបោះឆ្នោតដែរឬទេ..? លោក អនុទីន ឆ្លើយថា មិនមែនទេ..! អ្វីៗគ្រប់យ៉ាងអាស្រ័យលើគណៈកម្មការរៀបចំការបោះឆ្នោត។ ទន្ទឹមនោះ អ្នកសារព័ត៌មានចោទសួរបន្ថែមថា តើគណៈកម្មការរៀបចំការបោះឆ្នោតត្រូវតែប្រកាសលទ្ធផល នៃការបោះឆ្នោតជាបណ្តើរៗឬអត់..? លោក អនុទីន តបថា តាមផ្លូវច្បាប់ គណៈកម្មការរៀបចំការបោះឆ្នោតមានពេល៦០ថ្ងៃ ដើម្បីបញ្ចប់ដំណើរការនេះ ប៉ុន្តែពេលនេះទើបកន្លងផុត៣ថ្ងៃប៉ុណ្ណោះ។

នេះមានន័យថា លោក អនុទីន ព្យាយាមរុញរាល់ការទទួលខុសត្រូវទៅលើគណកម្មការរៀបចំការបោះឆ្នោត ទាំងដែលរាជរដ្ឋាភិបាលជាអ្នកផ្ដល់ទាំងកញ្ចប់ថវិកា និងការគាំទ្រដល់គណកម្មការរៀបចំការបោះឆ្នោតនេះ។ សូមជម្រាបថា សេចក្តីថ្លែងការណ៍របស់លោក អនុទីន នៅវិមានរាជរដ្ឋាភិបាលនៅថ្ងៃទី១២ ខែកុម្ភៈ មិនមែនជាការបកស្រាយដើម្បីជម្រះមន្ទិលនោះទេ ប៉ុន្តែវាគឺជាសារព្រមានទៅលើអ្នកដែលព្យាយាមដេញដោលរកការពិត។ យ៉ាងណា មានសំណួរជាច្រើនបានចោទសួរនាយករដ្ឋមន្ត្រីចាំផ្ទះរូបនេះថា ប្រសិនបើលោកជឿជាក់ខ្លួនឯងឈ្នះដោយស្អាតស្អំ តើលោកខ្លាចអ្វីនឹងការរាប់សន្លឹកឆ្នោតឡើងវិញ?...

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត