
សុខភាព៖ អ្នកវិទ្យាសាស្ត្រហៅ «ទឹកឃ្មុំ» ថា ជាកំពូលអាហារ ព្រោះមានសារធាតុល្អជាច្រើនជួយដល់សុខភាព ដូច្នេះ គួរតែយកទឹកឃ្មុំលាយជាមួយទឹកក្ដៅឧណ្ហៗរួចទទួលទានរាល់យប់មុនពេលចូលគេង ដើម្បីរាងកាយទទួលបានគុណប្រយោជន៍៨យ៉ាង… ។

១.បំបាត់អាការក្អក៖ ទឹកឃ្មុំ គឺជាសារធាតុប្រឆាំងការរលាកធម្មជាតិ ហើយការទទួលទាន ទឹកឃ្មុំមួយស្លាបព្រាបាយ លាយជាមួយទឹកក្ដៅឧណ្ហៗរាល់យប់ អាចបន្ថយការរលាកនៅបំពង់-ក និងចៀសវាងពីអាការក្អក។ លើសពីនេះទៀត ទឹកឃ្មុំ មានសារធាតុប្រឆាំងបាក់តេរី ដ៏ល្អមួយ ដែលជួយប្រឆាំងនឹងបាក់តេរីនៅនឹងបំពង់-ក។ ២.គេងលក់ស្រួល៖ ទឹកឃ្មុំ មានផ្ទុកសារធាតុទ្រីភូភែន( tryptophan) ជាអ័រម៉ូនដែលជួយបន្ធូរអារម្មណ៍ និងផ្តល់សញ្ញាឱ្យរាងកាយ ថាដល់ពេលចូលគេងហើយ ទោះបីជារាងកាយត្រូវការអាស៊ីដនេះ ប៉ុន្តែរាងកាយមិនអាចផលិតបានដោយខ្លួនឯងទេ ហេតុនេះត្រូវបរិភោគទឹកឃ្មុំ។ មួយទៀត ពេលខ្លះអាចភ្ញាក់កណ្ដាលយប់ នេះមកពីកំលុងពេលគេង ខួរក្បាលត្រូវការសារធាតុគ្លីកូហ្សែន បង្កឱ្យក្រពេញអាល់ដ្រេណា បញ្ចេញអ័រម៉ូន អាដ្រេណាលីន និងខូទីសល (cortisol) ធ្វើឱ្យមិនអាចគេងបាន។ ដោយសារទឹកឃ្មុំមានសារធាតុគ្លីកូហ្សែន ដែលខួរក្បាលត្រូវការ ដូច្នេះការញ៉ាំទឹកឃ្មុំមុនគេងអាចជួយឱ្យគេងលក់ស្រួល។

៣.ចៀសផុតពីជំងឺបាក់ទឹកចិត្ត៖ ទឹកឃ្មុំមានផ្ទុកសារធាតុ ប៉ូលីហ្វេណុល ដែលជាសារធាតុគីមីប្រឆាំងនឹងជំងឺបាក់ទឹកចិត្តដោយទប់ទល់នឹងអាការ ភាពតានតឹងនៃអុកស៊ីតកម្ម (oxidative stress) ក្នុងកោសិកាខួរក្បាល។ ប្រសិនជាចង់ឱ្យសុខភាពផ្លូវចិត្តល្អ និងភ្ញាក់ពីគេងមកមានស្មារតីល្អ គួរញ៉ាំទឹកឃ្មុំរាល់យប់មុនពេលចូលគេង។ ៤.ពន្យារភាពចាស់៖ វិធីធម្មជាតិដើម្បីពន្យារភាពចាស់ គឺការទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្ម ហើយទឹកឃ្មុំសម្បូរដោយសារធាតុនេះ។ ការប្រើប្រាស់សេរ៉ូមសម្រាប់ថែរក្សាស្បែកគឺជាគំនិតល្អមួយ ប៉ុន្តែការញ៉ាំទឹកឃ្មុំរាល់យប់មុនចូលគេង នឹងជួយបន្ថយសញ្ញានៃភាពចាស់ពីខាងក្នុងមក។ ៥.បញ្ចុះសម្ពាធឈាម៖ សម្ពាធឈាមខ្ពស់ គឺជាកត្តាមួយនៃហានិភ័យជំងឺបេះដូង។ ហេតុនេះ ហើយការរក្សាលំនឹងសម្ពាធឈាម គឺជាវិធីដ៏ល្អដើម្បីចៀសវាងជំងឺបេះដូង។ ទឹកឃ្មុំមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាចបញ្ចុះសម្ពាធឈាម ហើយការញុំទឹកឃ្មុំមួយស្លាបព្រាបាយពេលយប់ ជាវិធីដ៏ល្អ ដើម្បីបង្ការការលើសសម្ពាធឈាម។

៦.បញ្ចុះកម្រិតខ្លាញ់អាក្រក់៖ នៅពេលខ្លាញ់អាក្រក់មានកម្រិតខ្ពស់ នោះហានិភ័យនៃជំងឺបេះដូង និងជំងឺទឹកនោមផ្អែម ក៏កើនឡើងដែរ។ ទឹកឃ្មុំ គឺអាចបញ្ចុះកម្រិតជាតិខ្លាញ់អាក្រក់ នៅក្នុងរាងកាយបានដោយជួយសម្អាតខ្លាញ់ ដែលមិនចាំបាច់ចេញពីក្នុងឈាម។ ៧.ពង្រឹងប្រព័ន្ធភាពស៊ាំ៖ ទឹកឃ្មុំសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងបាក់តេរី ដែលអាចពង្រឹងប្រព័ន្ធភាពស៊ាំឱ្យប្រឆាំងនឹងជំងឺផ្សេងៗ បង្កដោយ បាក់តេរី ផ្សិត និងវីរុសផ្សេងៗ។ ៨.ដុតជាតិខ្លាញ់លឿនជាងមុន៖ ទឹកឃ្មុំបង្កើនការធ្វើមេតាបូលីស ដោយបង្កើតសកម្មភាពកម្ដៅនៅក្នុងរាងកាយ នេះមានន័យថា ទឹកឃ្មុំបង្កើនចលនាឈាមរត់បង្កើនសីតុណ្ហភាពក្នុងរាងកាយ និងជួយដល់ការដុតជាតិខ្លាញ់៕ដកស្រង់ពី៖ Hello គ្រូពេទ្យ



