ក្រៅពីរសជាតិជូរ និងផ្អែម ស្វាយ ក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់រាងកាយ
S
Sreyleak Yith
12 ម៉ោងមុន

សុខភាព៖ ស្វាយនៅ​ស្រុកខ្មែរ គឺសម្បូរងាយស្រួលរកទិញមិនថា ផ្លែស្វាយ​ខ្ចី និង​ទុំ ដោយភាគច្រើនក្មេងៗ​ចូលចិត្តស្វាយ​ខ្ចីញ៉ាំជាមួយអំបិលម្ទេស ចំណែក​ចាស់ៗចូលចិត្ត​ស្វាយទុំ បរិភោគជាមួយបាយ ហើយការដែលទទួលទានស្វាយនេះ គឺរាងកាយនឹងទទួលបានគុណប្រយោជន៍ ដូចខាងក្រោម...។ 

១.ជួយ​​សុខភាព​ភ្នែក៖ សារធាតុប្រឆាំង​អុកស៊ីតកម្ម Lutein និង Zeaxanthin ក្នុង​ផ្លែស្វាយជួយ​ច្រើន​ដល់​ភ្នែក ដូចជា៖ ជួយ​ការពារ​រ៉េទីន កែវភ្នែក បង្កើន​ចម្ងាយ​សម្លឹង​មើល និង​កាត់បន្ថយ​រយៈពេលដែល​ភ្នែក​សម្រប​ទៅ​នឹង​សម្ពាធ​នៃ​ពន្លឺ។ ២.ការពារ​ជំងឺ​មហារីក៖ ផ្លែស្វាយមាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ការពារ​កោសិកា ចេញពី​ការ​បំផ្លាញ​ដោយ DNA ដែល​អាច​បណ្ដាល​ឱ្យ​កើត​ជំងឺ​មហារីក និង​ជំងឺ​ទឹកនោមផ្អែម។ ក្នុង​ការសិក្សា​លើ​សត្វ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​របស់​ស្វាយ ពិតជា​រារាំង​កំណើន​កោសិកា​មហារីក​សុដន់​មែន។

៣.​បង្កើន​មុខងារ​ប្រព័ន្ធ​ការពារ៖ ទឹក​ផ្លែ​ស្វាយ សម្បូរ​ដោយ​វីតាមីន A ជា​សារធាតុ​បំប៉ន​សំខាន់ជួយ​ដល់​មុខងារ​របស់​ប្រព័ន្ធ​ការពារ រួមទាំង​ការ​ផលិត និង​សកម្មភាព​របស់​កោសិកា​ឈាម​ស។ កង្វះ​វីតាមីន A ក្នុង​រាងកាយពាក់ព័ន្ធ​ជាមួយ​ការ​ងាយ​ឆ្លង​មេរោគ ដូច្នេះ ក្នុងរបបអាហារប្រចាំថ្ងៃគួរមានស្វាយ។ ៤.ជួយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម៖  ការសិក្សា​រយៈពេល១២​សប្ដាហ៍ លើ​បុរស​មាន​ជំងឺ​ធាត់២០​នាក់ និង​ស្ត្រី១០​នាក់ ដោយ​ឱ្យទទួលទានដំណាប់​ស្វាយ១០​ក្រាមរាល់​ថ្ងៃ។ ចុងក្រោយ រកឃើញ​ថា អ្នកចូលរួម​មាន​កម្រិត​ជាតិស្ករទាប​ក្នុង​ឈាម អំឡុងពេល​សិក្សា។ អ្នកសិក្សា សង្ស័យ​ថា សមាសធាតុ​ជីវសកម្ម (Bioactive) ក្នុង​ផ្លែស្វាយ រួមទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ក្នុង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។

៥.ជួយ​សុខភាព​ស្បែក និង​សក់៖ វីតាមីន A ក្នុង​ផ្លែស្វាយ ក៏សំខាន់​ផងដែរ ជួយ​បង្កើត និង​រក្សា​ជាលិកា Epithelial មាននៅ​ក្នុង​ស្បែក សក់ និង​ក្រពេញ​ក្រោម​ស្បែក Sebaceous។ ក្នុង​ការសិក្សា​លើ​សត្វ ក៏រកឃើញ​ថា កង្វះវីតាមីន A ពាក់ព័ន្ធ​នឹង​ការ​ជ្រុះសក់។ លើសពីនេះ ផ្លែស្វាយ ក៏សម្បូរ​វីតាមីន C ដែរ គឺសម្រាប់​ផលិត​ខូឡាជេន ជួយ​ដល់ស្បែក និង​បង្ការ​ស្នាម​ជ្រួញ។ ៦.បំបាត់​ការទល់លាមក៖ ក្នុងការសិក្សា​មួយ លើ​មនុស្ស​មាន​ជំងឺ​ទល់​លាមក រកឃើញ​ថា ការញ៉ាំ​ផ្លែស្វាយ​ជួយ​ព្យាបាល​ជំងឺ​នេះ ជាង​ការ​ផឹក​ថ្នាំ​ជាតិ​សរសៃ​ទៅ​ទៀត ព្រោះផ្លែស្វាយ អាច​ជួយ​កម្ចាត់ឧស្ម័ន និង​ការ​ហើមពោះ ដែល​ជារោគសញ្ញា​ជំងឺ​ពោះវៀន៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត