
សុខភាព៖ ម្សៅរមៀត ឬទឹកម្សៅរមៀត សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងការរលាក ព្រមទាំងមានវីតាមីនC ផ្ដល់គុណប្រយោជន៍ដ៏អស្ចារ្យដល់សុខភាពស្បែករបស់អស់លោកអ្នក។ លើសពីនេះ ម្សៅរមៀត ក្រៅតែពីយកទៅធ្វើជាគ្រឿងទេសបន្ថែមលើមុខម្ហូបអាហារឱ្យមានរសក្លិន និងពណ៌ស្រស់ស្អាតហើយនោះ វាក៏ផ្តល់នូវការជួយពង្រឹងសុខភាពរាងកាយ និងបង្ការជំងឺផ្សេងៗដែលមានអត្ថប្រយោជន៍ដល់ទៅ៦យ៉ាងជូនដល់លោកអ្នកផងដែរ...។

តើអត្ថប្រយោជន៍ទាំង៦យ៉ាងនោះមានអ្វីខ្លះទៅ? ថ្ងៃនេះ SBM News នឹងជម្រាបជូនលោកអ្នកបានជ្រាបអំពីភាពវិជ្ជមាននៃការទទួលទានម្សៅរមៀត ឬទឹករមៀតនេះ៖ ទី១.ជួយខួរក្បាល៖ ការទទួលទានទឹកក្ដៅឧណ្ហៗលាយជាមួយម្សៅរមៀតជាប្រចាំ នៅពេលព្រឹក វាអាចជួយឱ្យខួរក្បាលយើងមានភាពរវៀសរវៃ និងបង្កើនភាពស្វាហាប់។ ទី២.ជួយសុខភាពបេះដូង៖ ការទទួលទានម្សៅទឹករមៀតជារៀងរាល់ថ្ងៃ អាចជួយកម្ចាត់ជាតិពុលពីឈាម និងគ្រប់គ្រងជំងឺប្រឈមផ្សេងៗ ព្រមទាំងជួយការពារបញ្ហាគាំងបេះដូងបានមួយចំណែកផងដែរ។ ទី៣.ជួយថ្លើម៖ ម្សៅទឹករមៀត ក៏អាចកម្ចាត់ជាតិពុលពីថ្លើម និងជួយឱ្យកោសិកាបំពេញមុខងារប្រកបដោយប្រសិទ្ធភាពបានដែរ។

នៅមិនទាន់អស់ឡើយ ចំណុចទី៤.ជួយឱ្យឈាមរាវ៖ លោកអ្នកដែលមានបញ្ហាបេះដូង គួរទទួលទានទឹកម្សៅរមៀតឱ្យបានទៀងទាត់ ព្រោះភេសជ្ជៈឱសថមួយប្រភេទនេះ អាចជួយធ្វើឱ្យឈាមរាវ និងបង្ការកំណកឈាម ដែលវាអាចជួយបញ្ចៀសការគាំងបេះដូងបាន។ ទី៥.សុខភាពស្បែក៖ ទឹកម្សៅរមៀត លាយជាមួយទឹកឃ្មុំធម្មជាតិ និងទឹកក្រូចឆ្មារ អាចជួយប្រឆាំងនឹងភាពចាស់ បណ្តេញជាតិពុលពីរាងកាយ និងជួយធ្វើឱ្យស្បែកភ្លឺថ្លា និងម៉ត់រលោង ខណៈដែលឱសថស្ថានស្ទើរទូទាំងពិភពលោក បានយកម្សៅរមៀតនេះទៅកែច្នៃធ្វើជាគ្រឿងសម្អាងផងដែរ។ និងទី៦.ប្រឆាំងជំងឺមហារីក៖ ការទទួលទានទឹកម្សៅរមៀត៣ដងក្នុងមួយសប្តាហ៍ អាចរួមចំណែកជួយការពាររាងកាយលោកអ្នកពីហានិភ័យនៃការកើតជំងឺមហារីក។

ដើម្បីទទួលទានទឹកម្សៅរមៀតឱ្យមានប្រសិទ្ធភាពខ្ពស់ លោកអ្នកគ្រាន់តែយកម្សៅរមៀតមួយស្លាបពា្រកាហ្វេ លាយក្នុងទឹកក្ដៅអ៊ុនៗមួយពែង ហើយដាក់ទឹកឃ្មុំចូល១ ឬ២ស្លាបព្រាកាហ្វេបន្ថែម ច្របាច់ទឹកក្រូចឆ្មារចូល១ភាគ៤នៃផ្លែក្រូច កូរឱ្យសព្វ គឺជាការស្រេច៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ




