អ្នកមាន​បញ្ហាតម្រងនោម កុំទទួលទានអាហារទាំងនេះច្រើនពេក បើមិនចង់ឱ្យកាន់តែធ្ងន់ធ្ងរ
S
Sreyleak Yith
2 ម៉ោងមុន

សុខភាព៖ តម្រងនោម មានតួនាទីសំខាន់ណាស់ ជួយការផលិតអ័រម៉ូន ច្រោះនូវជាតិពុល និងកាកសំណល់តាមរយៈទឹកមូត(ទឹកនោម) និងធានាលំនឹងសារជាតិទឹកនៅក្នុងរាងកាយ។ ដូច្នេះ ត្រូវថែរក្សាសុខភាពតម្រងនោមឱ្យបានល្អ ហើយបើអ្នកកំពុងតែមានបញ្ហាតម្រងនោមស្រាប់កុំទទួលទានអាហារ៧មុខ ដូចដែលបានរៀបរាប់ខាងក្រោម ដើម្បីកុំឱ្យប៉ះពាល់ដល់តម្រងនោម កាន់តែធ្ងន់ធ្ងរថែមទៀត...។

១.នំបុ័ងធ្វើពីស្រូវសាលី៖ នំបុ័ងធ្វើពីស្រូវសាលី គឺជាអាហារដែលមានសារធាតុចិញ្ចឹម​ ប៉ុន្តែការបរិភោគច្រើនអាចប៉ះពាល់តម្រងនោមកាន់តែខ្លាំង សម្រាប់អ្នកដែលមានជំងឺតម្រងនោមស្រាប់។ មូលហេតុ គឺមកពីនៅក្នុងនំបុ័ងនេះ មានបរិមាណជាតិផូស្វ័រ ៥៧មីលីក្រាម និងប៉ូតាស្យូម៧០មីលីក្រាម​ បើប្រៀបធៀបទៅនឹងនំបុ័ងធម្មតាមានផ្ទុកផូស័្វរ និងប៉ូតាស្យូមត្រឹមតែ២៥មីលីក្រាម សម្រាប់សារជាតិនីមួយៗ។ ២.ផលិតផលធ្វើពីទឹកដោះគោ៖ ទោះបីជាផលិតផលធ្វើពីទឹកដោះគោ មានវីតាមីន និងសារធាតុចិញ្ចឹមច្រើនក៏ដោយ ការទទួលទានផលិតផលទាំងនេះច្រើន គឺមានផលប៉ះពាល់ក៏ច្រើនដល់សុខភាពដែរ។ ផលិតផលធ្វើពីទឹកដោះគោ មានផ្ទុកនូវជាតិផូស្វ័រច្រើន ដែលអាចប៉ះពាល់ដល់តម្រងនោម។ ប្រសិនជាតម្រងនោមដំណើរការមិនល្អ គឺមិនអាចកម្ចាត់នូវជាតិផូស្វ័រដែលលើសនៅក្នុង​ឈាមបានទេ និងអាចធ្វើឱ្យឆ្អឹងមានសភាពខ្សោយងាយនឹងបាក់។

នំបុ័ងធ្វើពីស្រូវសាលី
នំបុ័ងធ្វើពីស្រូវសាលី

៣.ផ្លែក្រូច​ និងទឹកក្រូចប្របាច់៖ ផ្លែក្រូច និងទឹកក្រូចច្របាច់ មិនត្រឹមតែមានកាឡូរីទាប​ និងសម្បូរទៅដោយវីតាមីន C នោះទេ តែវាក៏មានជាតិប៉ូតាស្យូមខ្ពស់ដែរ។ ជាមធ្យមផ្លែក្រូចមួយមានប៉ូតាស្យូម២៤០មីលីក្រាម ចំណែកឯទឹកក្រូចច្របាច់អាចមាន៤៧០មីលីក្រាម។ ដូច្នេះការទទួលទានផ្លែក្រូច និងទឹកក្រូចច្របាច់ត្រូវមានកម្រិត ជាពិសេសសម្រាប់អ្នកដែលមានតម្រងនោមដំណើរការមិនល្អ ព្រោះប្រសិនជាតម្រងនោមមិនអាចកម្ចាត់នូវប៉ូតាស្យូម ដែលលើសក្នុងឈាមទេ នោះអាចនឹងប៉ះពាល់ដល់សុខភាព។ ៤.ផ្លែប័រ៖ ប័រ ត្រូវបានចាត់ទុកជាផ្លែឈើមួយដែលមាននូវសារធាតុចិញ្ចឹមជាច្រើន ប៉ុន្តែការទទួលទានច្រើនអាចបង្កគ្រោះថ្នាក់ដល់តម្រងនោម ជាពិសេសសម្រាប់អ្នកដែលមានជំងឺតម្រងនោម។ មូលហេតុមកពីផ្លែឈើនេះ មានកម្រិតប៉ូតាស្យូមខ្ពស់ ទោះបីជារាងកាយត្រូវការសារជាតិរ៉ែ ប៉ុន្តែបើនៅក្នុងឈាមមានប៉ូតាស្យូមច្រើនពេក អាចបណ្ដាលឱ្យមានអាការ រមួលក្រពើ និងចង្វាក់បេះដូងមិនប្រក្រតី។

ផ្លែក្រូច​ និងទឹកក្រូចប្របាច់
ផ្លែក្រូច​ និងទឹកក្រូចប្របាច់

៥.ផ្លែចេក៖ បើសង្ស័យថាខ្លួនមានបញ្ហាតម្រងនោម​ អាហារូបត្ថម្ភ និងរបបអាហារត្រឹមត្រូវ គឺមានសារសំខាន់ណាស់ ហើយនឹងកាត់បន្ថយនូវអាហារមួយចំនួនដូចជា ផ្លែចេកជាដើម។ ផ្លែចេកមានផ្ទុកសារធាតុ​ប៉ូតាស្យូមច្រើន អាចធ្វើឱ្យតម្រងនោមដំណើរការមិនត្រឹមត្រូវ។ សម្រាប់មនុស្សពេញវ័យក្នុងមួយថ្ងៃ គួរបរិភោគអាហារដែលមានប៉ូតាស្យូម ៣៥០០-៤៧០០មីលីក្រាម ហើយផ្លែចេកមួយជាមធ្យមមានផ្ទុកប៉ូតាស្យូម ៥៣៧មីលីក្រាមទៅហើយ។ ប្រសិន​មានជំងឺតម្រងនោម គួរកាត់បន្ថយនូវការបរិភោគអាហារមានប៉ូតាស្យូម។ ៦.សាច់៖ ការទទួលទានសាច់ច្រើនពេក អាចធ្វើឱ្យតម្រងនោមមានបញ្ហា ដោយសារតែប្រូតេអ៊ីនសត្វពិបាកក្នុងការរំលាយ​។ អាហារណាដែលសម្បូរទៅដោយប្រូតេអ៊ីនសត្វ អាចបង្កឱ្យមានគ្រួសក្នុងតម្រងនោម។ គ្រួសក្នុងតម្រងនោម ជាទូទៅ បង្កឡើងដោយសាច់ដែលមានជាតិ Purines ខ្ពស់ដែលជំរុញការផលិតអាស៊ីតអ៊ុយរិច។ បើមាន​បញ្ហា​តម្រងនោម ​គួរញ៉ាំបន្លែ​ និងផ្លែឈើជំនួស ដើម្បីទទួលបានជាតិប្រូតេអ៊ីនសម្រាប់រាងកាយ។

ផ្លែចេក
ផ្លែចេក

៧.អំបិល៖ របបអាហារដែលល្អចំពោះសុខភាពគួរមានសូដ្យូម២៣០០មីលីក្រាម ដែលស្មើនឹងអំបិលមួយស្លាបព្រាកាហ្វេក្នុងមួយថ្ងៃ។ ប្រសិន​ទទួលទានអំបិលច្រើនពេក តម្រងនោម នឹងត្រូវធ្វើការធ្ងន់ក្នុងការកម្ចាត់បរិមាណលើសនៃសូដ្យូម ដូច្នេះតម្រងនោម នឹងទប់ជាតិទឹក ដែលអាចបណ្ដាលសម្ពាធឈាមឡើងខ្ពស់។ ដើម្បីថែរក្សាសុខភាពតម្រងនោម សូមកាត់បន្ថយការទទួលទានអាហារដែលមានអំបិលច្រើនដូចជា៖ អាហារកំប៉ុង និងភីហ្សាក្លាសេ៕ ដកស្រង់ពី៖ Hello គ្រូពេទ្យ

ផ្លែប័រ
ផ្លែប័រ
ផលិតផលធ្វើពីទឹកដោះគោ
ផលិតផលធ្វើពីទឹកដោះគោ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត