
រាជធានីបាងកក៖ ហេតុការណ៍បំផ្ទុះគ្រាប់បែកដ៏រន្ធត់មួយបានកើតឡើងនៅភូមិកាដូ ស្រុក Rueso ខេត្តនរាធិវាស ឬ(ណារ៉ាធិវ៉ាត นราธิวาส) កាលពីថ្ងៃ១១ ខែកុម្ភៈម្សិលមិញ បណ្ដាលឱ្យមនុស្ស៣នាក់រងរបួស និងរថយន្តមួយគ្រឿងរងការខូចខាតយ៉ាងដំណំ...។

គ្រាប់បែកនោះ ត្រូវបានគេបង្កប់នៅក្នុងលូក្រោមផ្លូវថ្នល់ ហើយបានផ្ទុះឡើងចំពេលដែលរថយន្តរបស់អ្នកភូមិកំពុងធ្វើដំណើរឆ្លងកាត់។ ក្រោយទទួលបានសេចក្តីរាយការណ៍ មេប៉ុស្តិ៍នគរបាលប្រចាំតំបន់ បានដឹកនាំក្រុមជំនាញដោះមីន និងសុនខហិតមីន ចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗ។ នៅទីនោះ កម្លាំងសមត្ថកិច្ចបានរកឃើញរណ្ដៅផ្ទុះ ដែលមានជម្រៅប្រហែល១ម៉ែត្រ និងទទឹង២ម៉ែត្រ។ កម្ទេចកម្ទីនៃគ្រាប់បែកកែច្នៃ ត្រូវបានគេជឿថា បង្កប់ក្នុងធុងហ្គាសទម្ងន់៥០គីឡូក្រាម បានខ្ចាត់ខ្ចាយពេញតំបន់នោះ រួមជាមួយខ្សែភ្លើងដែលតភ្ជាប់ទៅក្នុងព្រៃក្បែរនោះ ដើម្បីបញ្ជាបំផ្ទុះដោយប្រើអាគុយ។

រថយន្តភីកអាប់ Isuzu ពណ៌ត្នោតមួយគ្រឿង ជារបស់អ្នកភូមិ បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរនៅផ្នែកខាងមុខ កញ្ចក់ និងដំបូល។ ជនរងគ្រោះទាំង៣នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារមានអាការណែនទ្រូង និងហឹងត្រចៀកខ្លាំងពីកម្លាំងបំផ្ទុះ។ តាមការស៊ើបអង្កេតបឋម ប៉ូលិសបានឱ្យដឹងថា នៅពេលកើតហេតុ រថយន្តរបស់អ្នកភូមិកំពុងបើកបរតាមពីក្រោយរថយន្តរបស់ក្រុមបង្ក្រាបនៃប៉ុស្តិ៍នគរបាលរឿសូ (Rueso)។ ក្រុមអ្នកបង្កហេតុដែលលាក់ខ្លួនក្នុងព្រៃ បានចុចបំផ្ទុះគ្រាប់បែកក្នុងបំណងសម្លាប់មន្ត្រីប៉ូលិស ប៉ុន្តែគ្រាប់បែកបានផ្ទុះយឺតបន្តិច ពោលគឺផ្ទុះក្រោយពេលរថយន្តប៉ូលិសបើកហួសបានប្រហែល១០ម៉ែត្រ ទើបបណ្ដាលឱ្យត្រូវរថយន្តអ្នកភូមិដែលបើកមកតាមក្រោយពេញទំហឹងតែម្ដង។ អាជ្ញាធរជឿជាក់ថា នេះគឺជាសកម្មភាពរបស់បណ្តាញក្រុមឧទ្ទាមដែលចង់បង្កភាពអសន្តិសុខ និងសម្លាប់មន្ត្រីរាជការនៅក្នុងតំបន់ភាគខាងត្បូង៕




