
រាជធានីភ្នំពេញ៖ ស្របពេលកម្ពុជាកំពុងដាក់វិធានការតឹងរឹងក្នុងការបោសសម្អាតបទល្មើសឆបោកអនឡាញ ក្រសួងយុត្តិធម៌ បាននិងកំពុងបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុក ក្រសួងយុត្តិធម៌ កាលពីថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២៦។

កិច្ចប្រជុំមានការដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងមានការចូលរួមពីតំណាងក្រសួងមហាផ្ទៃ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ធនាគារជាតិនៃកម្ពុជា, ក្រុមប្រឹក្សាអ្នកច្បាប់ នៃទីស្តីការគណៈរដ្ឋមន្ត្រី, គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស, គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, ព្រមទាំងអង្គភាពនគរបាលយុត្តិធម៌។ ក្រសួងយុត្តិធម៌ បានឱ្យដឹងថា ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» នេះ ធ្វើឡើងបន្ទាប់ពីទទួលបានគោលការណ៍ណែនាំពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ មកទល់នឹងពេលបច្ចុប្បន្ន សេចក្តីព្រាងច្បាប់ បានដាក់ឆ្លងកិច្ចប្រជុំអន្តរស្ថាប័ន ដើម្បីប្រមូលធាតុចូលបន្ថែមផ្នែកបច្ចេកទេស សំដៅធានាភាពគ្រប់ជ្រុងជ្រោយ និងធានាប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយអង្គប្រជុំ ក៏បានឯកភាពជារួមលើសេចក្តីព្រាងច្បាប់នេះដែរ។

ក្រសួងគូសបញ្ជាក់ថា៖«ច្បាប់ស្តីពី (ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) នេះ នឹងបង្កើតបានជាក្របខ័ណ្ឌគតិយុត្តមួយដ៏សំខាន់ និងច្បាស់លាស់បន្ថែមទៀត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលជាអាទិភាពមួយដ៏សំខាន់របស់រាជរដ្ឋាភិបាល។ បន្ថែមពីនេះ ច្បាប់នេះ ក៏ត្រូវបានរៀបចំឡើង ស្របតាមអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពី ការប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលកម្ពុជាបានចុះហត្ថលេខានាពេលកន្លងមក»។ គួរបញ្ជាក់ថា ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានរំឭកជាថ្មីដល់មន្ត្រីពាក់ព័ន្ធ ឱ្យបង្ក្រាបយ៉ាងម៉ឺងម៉ាត់រាល់បទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសចរាចរណ៍ គ្រឿងញៀន ក្មេងទំនើង និងអំពើជួញដូរមនុស្ស ដើម្បីធ្វើឱ្យកម្ពុជាប្រែក្លាយជាផ្ទះស្អាត និងព្រមានអនុវត្តមរតក«អភិក្រមវះកាត់» ដោយគ្មានការលើកលែងចំពោះមន្ត្រីជាប់ពាក់ព័ន្ធបទល្មើសក្នុងសង្គម ជាពិសេស បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះតែម្ដង។

លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា នឹងបោកសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រឹមខែមេសា ឆ្នាំ២០២៦នេះឱ្យអស់។ មួយរយៈចុងក្រោយ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបើកប្រតិបត្តិការបណ្តេញជនល្មើសពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) រាប់ពាន់នាក់ ចេញពីកម្ពុជា។ ជាក់ស្តែង កាលពីថ្ងៃទី១១កុម្ភៈ ឆ្នាំ២០២៦ ជនជាតិចិនចំនួន៣១៩នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជា ហើយថ្ងៃទី១០កុម្ភៈ មានជនបរទេសចម្រុះជាតិសាសន៍ រួមទាំងចិន ចំនួន៧៥២នាក់ បានបញ្ជូនឱ្យត្រឡប់ទៅប្រទេសកំណើតវិញដែរ៕




