
រាជធានីភ្នំពេញ៖ ក្រុមហ៊ុន GREENWICH AFRI GENERAL TRADING FZ-LLC (ហ្គ្រីនវីច អាហ្វ្រ៊ី ជេនណឺរ៉ល ត្រេតឌីង) ដែលមានមូលដ្ឋាននៅប្រទេសអេមីរ៉ាតអារ៉ាប់រួម កំពុងស្វែងរកការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅ មានគុណភាពខ្ពស់ពីប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា…។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា (សសក) បានឱ្យដឹងនៅថ្ងៃទី១២កុម្ភៈ ឆ្នាំ២០២៦ថា លោកបានជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុន GREENWICH AFRI GENERAL TRADING FZ-LLC ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងភាពជាដៃគូអន្តរជាតិ និងពង្រីកឱកាសទីផ្សារសម្រាប់គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជា។ តំណាងក្រុមហ៊ុនខាងលើបានប្រាប់ថា គេកំពុងស្វែងរកអ្នកប្រមូលទិញដែលគួរឱ្យទុកចិត្ត និងមានបទពិសោធ ដើម្បីផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅដែលមានគុណភាពខ្ពស់ពីអ្នកផ្គត់ផ្គង់ល្បីៗនៅក្នុងប្រទេសកម្ពុជា នាំចេញទៅប្រទេសឥណ្ឌាសម្រាប់ធ្វើការកែច្នៃ។

ក្រុមហ៊ុននេះ បង្ហាញពីការប្តេជ្ញាចិត្តក្នុងការសហការជាមួយដៃគូដែលផ្តល់អាទិភាពលើគុណភាព ភាពជឿជាក់ និងការដឹកជញ្ជូនទាន់ពេលវេលា ដែលឆ្លុះបញ្ចាំងពីតម្រូវការសកលកាន់តែខ្លាំងឡើងសម្រាប់ផលិតផលស្វាយចន្ទីលំដាប់ខ្ពស់។ ឆ្លើយតបនឹងតម្រូវការនេះ ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានទាក់ទងទៅកាន់អ្នកប្រមូលទិញដែលគួរឱ្យទុកចិត្ត ដែលមានទំនាក់ទំនងផ្ទាល់ជាមួយសហគមន៍កសិកម្មនៅទូទាំងប្រទេស ដើម្បីធានាឱ្យមានការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីឆៅដែលមានគុណភាពខ្ពស់ ប្រកបដោយនិរន្តរភាព និងគួរឱ្យទុកចិត្ត។

លោក អួន ស៊ីឡុត ទទួលស្គាល់ថា គ្រាប់ស្វាយចន្ទីឆៅរបស់កម្ពុជាច្រើនតែមានតម្លៃខ្ពស់ជាងគូប្រជែងបន្តិចបន្តួច។ ប៉ុន្តែ អ្នកទិញកំពុងបង្កើនការយកចិត្តទុកដាក់លើគុណភាព ជាជាងតម្លៃ។ លោកថា រយៈពេលពីរឆ្នាំមកនេះ សមាគមស្វាយចន្ទីកម្ពុជា បានជួបជាមួយក្រុមហ៊ុនឥណ្ឌាចំនួន១៦ ដែលមានបំណងចង់ទិញគ្រាប់ស្វាយចន្ទីឆៅកម្ពុជាក្នុងបរិមាណដ៏ច្រើន ដើម្បីយកទៅកែច្នៃ។ ការចាប់អារម្មណ៍កាន់តែខ្លាំងពីសំណាក់អ្នកទិញឥណ្ឌា បានបង្ហាញពីភាពលេចធ្លោរបស់កម្ពុជា ក្នុងនាមជាប្រទេសផលិតស្វាយចន្ទី៕




