
រដ្ឋធានីសេអ៊ូល៖ តុលាការសហព័ន្ធកណ្តាលរដ្ឋធានីសេអ៊ូល នៅថ្ងៃទី២៨ ខែមករានេះ បានសម្រេចផ្ដន្ទាទោសលោកស្រី គីម គ័នហេ (Kim Keon Hee) អតីតស្ត្រីទី១នៃសាធារណៈរដ្ឋកូរ៉េ ឬកូរ៉េខាងត្បូង ឱ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ៨ខែ បន្ទាប់ពីរកឃើញថា លោកស្រីពិតជាបានប្រព្រឹត្តកំហុសក្នុងការទទួលសំណូកជាកាដូប្រណីតៗ ពីក្រុមសាសនា Unification Church។

យ៉ាងណា ទោសនេះត្រូវបានព្យួរ ពោលគឺមិនទាន់អនុវត្តការឃុំខ្លួនភ្លាមៗនៅឡើយទេ។ ជាមួយគ្នា តុលាការបានសម្រេចរឹបអូសខ្សែ-កម៉ាក Graff ដ៏មានតម្លៃ និងបង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន១២ ៨១៥ ០០០វ៉ុន (ឬប្រហែល៩៦០០ដុល្លារ) ចូលជាសម្បត្តិរដ្ឋ ជំនួសឱ្យការរឹបអូសវត្ថុតាងផ្សេងទៀត។ លើសពីនេះ លោកស្រីត្រូវបានតុលាការសម្រេចថា គ្មានទោសចំពោះបទចោទធំៗមួយចំនួនទៀត រួមមាន៖ ការរំលោភលើច្បាប់ទីផ្សារមូលធន ការរំលោភច្បាប់មូលនិធិនយោបាយ និងបទចោទពាក់ព័ន្ធនឹងអំពើពុករលួយតាមរយៈការសូកប៉ាន់។ ការសម្រេចនេះ បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ព្រោះកន្លងមក ក្រុមការងារព្រះរាជអាជ្ញាពិសេស ដឹកនាំដោយលោក មិន ជុងគី (Min Joong-ki) បានដាក់សំណើទាមទារឱ្យផ្ដន្ទាទោសលោកស្រីគីម យ៉ាងធ្ងន់ធ្ងរ រហូតដល់ទៅ១៥ឆ្នាំឯណោះ។

រឿងអាស្រូវនេះ បានក្លាយជាវិបត្តិយ៉ាងក្ដៅគគុកក្នុងឆាកនយោបាយកូរ៉េខាងត្បូង ដោយសារវាបានឆ្លុះបញ្ចាំងពីបញ្ហាអភិបាលកិច្ច និងតម្លាភាពនៃគ្រួសារថ្នាក់ដឹកនាំកំពូល។ សាលក្រមនាថ្ងៃនេះ ត្រូវបានគេមើលឃើញថា ជាការបិទបញ្ចប់ជំពូកមួយនៃភាពចម្រូងចម្រាស ដែលបានអូសបន្លាយជាច្រើនឆ្នាំ ទោះបីជាតួលេខនៃទោសជាប់ពន្ធនាគារ មានកម្រិតទាបជាងការរំពឹងទុករបស់ភាគីព្រះរាជអាជ្ញាក៏ដោយ៕




