
រដ្ឋធានីសេអ៊ូល៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង និងជប៉ុន បានអះអាងរួមគ្នានៅថ្ងៃសុក្រទី៣០ ខែមករានេះថា រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នា ធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការការពារជាតិឌីជីថល ដែលរួមបញ្ចូលទាំងប្រព័ន្ធបញ្ញាសិប្បនិម្មិត និងប្រព័ន្ធអាវុធគ្មានមនុស្សបើក។

ក្រសួងការពារជាតិជប៉ុន លោក ស៊ីនជីរ៉ូ កូអ៊ីហ្ស៊ូមី (Mr.Shinjiro Koizumi) និងសមភាគីកូរ៉េខាងត្បូង លោក អាន ឃ្យូប៊ែក (Mr.Ahn Gyu-back) បានជួបពិភាក្សាគ្នានៅទីក្រុងយ៉ូកូស៊ូកា (Yokosuka) ប្រទេសជប៉ុន ខណៈភាគីទាំង២ យល់ព្រមធ្វើសមយុទ្ធរុករក និងជួយសង្គ្រោះរួមគ្នា នៃកងនាវាចរ។ គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សម្ព័ន្ធមិត្តអាស៊ីទាំង២ បានខិតកាន់តែជិតគ្នាក្នុងទំនាក់ទំនងនយោបាយនៅក្រោមរបបមេដឹកនាំថ្មីនៃប្រទេសទាំង២។

ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់បន្ថែមថា លោក អាន និងលោក កូអ៊ីហ្ស៊ូមី បានជជែកអំពីផែនការធ្វើការរួមគ្នាដើម្បីធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ចំពេលបរិយាកាសសន្តិសុខពិភពលោកកាន់តែផុយស្រួយ រួមទាំងការបន្តកិច្ចសហប្រតិបត្តិការការពារជាតិជាមួយសហរដ្ឋអាម៉េរិកផងដែរ។ គួរបញ្ជាក់ថា ទោះបីជាស្រមោលនៃជម្លោះប្រវត្តិសាស្ត្រនៅមិនទាន់រលាយបាត់អស់ទាំងស្រុងក៏ដោយ ប៉ុន្តែរាជធានីតូក្យូ និងរដ្ឋធានីសេអ៊ូល ផ្តោតសំខាន់លើតថភាពសន្តិសុខបច្ចុប្បន្ន ជាជាងយកកំហឹងនៃគំនុំអតីតកាលមកបាំងមុខ ព្រោះពិភពលោកកំពុងក្រឡាប់ចក្រ៕


