អ៊ុយក្រែន មានគម្រោងបោះឆ្នោតរើសប្រធានាធិបតីថ្មី តែប្រហែលរង់ចាំឱ្យអណ្តាតភ្លើងសង្គ្រាមរលត់ ឬថយកម្តៅសិន
Mao Sopha
14 ម៉ោងមុន

រដ្ឋធានីកៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky) មានផែនការរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ព្រមទាំងធ្វើប្រជាមាតិលើសេចក្តីសម្រេចដ៏សំខាន់មួយ ស្តីពីការចុះកិច្ចព្រមព្រៀមសន្តិភាពជាមួយរុស្ស៊ី ជាប្រទេសគូបដិបក្ខកំពុងធ្វើសង្គ្រាមជាមួយគ្នា។ នេះបើយោងតាមសារព័ត៌មានធំៗ ដូចជា Fox News The Star និង Financial Times ជាដើម ចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។

លោក ហ្សេឡេនស្គី
លោក ហ្សេឡេនស្គី

មិនមែនចៃដៃឡើយ! លោក ហ្សេឡេនស្គី ជ្រើសរើសយកថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីប្រកាសជាផ្លូវការអំពីគម្រោងរៀបចំបោះឆ្នោតនេះ។ ថ្ងៃដែលលោកនឹងប្រកាសផែនការរៀបចំការបោះឆ្នោត គឺចំថ្ងៃខួប៤ឆ្នាំ ដែលមហាអំណាចរុស្ស៊ីចាប់ផ្តើមសង្គ្រាមជាមួយកូនប្រទេសអ៊ុយគ្រែននៅជាប់គ្នា។ ការត្រៀមប្រកាសអំពីគម្រោងរៀបចំការបោះឆ្នោតនេះ ស្ថិតក្នុងកាលៈទេសៈដែលអ៊ុយក្រែន កំពុងបន្តរងសង្គ្រាមពីរុស្ស៊ីនៅឡើយ។

បោះឆ្នោតនៅអ៊ុយក្រែនឆ្នាំ២០១៩
បោះឆ្នោតនៅអ៊ុយក្រែនឆ្នាំ២០១៩

គេមិនទាន់ដឹងនោះទេថា ការបោះឆ្នោតនៅអ៊ុយក្រែន នឹងប្រព្រឹត្តទៅនៅថ្ងៃណា ដោយត្រូវរង់ចាំមើលការប្រកាសផ្លូវរបស់លោក ហ្សេឡេនស្គី ហើយចំពោះនរណាខ្លះ ជាបេក្ខជនប្រធានាធិបតីនោះ ក៏គេមិនទាន់ឃើញដែរ។ តាមពិត ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី ត្រូវប្រព្រឹត្តទៅតាំងពីឆ្នាំ២០២៤ តែដោយសារជាប់ដៃទប់ទល់នឹងរុស្ស៊ី ទើបអ៊ុយក្រែនពន្យារមកដល់ពេលនេះ។ 

រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន រងការវាយប្រហារពីរុស្ស៊ី។ 
រដ្ឋធានីកៀវ ប្រទេសអ៊ុយក្រែន រងការវាយប្រហារពីរុស្ស៊ី។ 

ក្រៅពីបោះឆ្នោតជ្រើសប្រធានាធិបតី ប្រជាជនអ៊ុយក្រែន ក៏នឹងទម្លាក់សន្លឹកឆ្នោតធ្វើសេចក្តីសម្រេចដែរថា ចង់បាន ឬបដិសេធចំពោះការចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។ យ៉ាងណាក៏ដោយ សារព័ត៌មាននានា បានស្រង់សម្តីរបស់លោក ហ្សេឡេនស្គី ថាការបោះឆ្នោត និងការធ្វើប្រជាមាតិនេះ នឹងត្រូវរៀបចំឡើង នៅពេលណាអ៊ុយក្រែន មានសន្តិភាពជាមុនសិន៕ 

លោក ហ្សេឡេនស្គី ទៅបោះឆ្នោតឆ្នាំ២០១៩។ 
លោក ហ្សេឡេនស្គី ទៅបោះឆ្នោតឆ្នាំ២០១៩។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត