អណ្តាតភ្លើងបាតុកម្មចាប់ផ្តើមឆាបឆេះនៅរាជធានីបាងកក ប្រជាជនទាមទារឱ្យរាប់សន្លឹកឆ្នោតទូទាំងប្រទេសឡើងវិញ
ហៀប ស៊ីថេត
13 ម៉ោងមុន

រាជធានីបាងកក៖ សម្រែករកតម្លាភាព និងយុត្តិធម៌ បានបន្លឺឡើងពាសពេញប្រទេសថៃ បន្ទាប់ពីការបោះឆ្នោតត្រូវបានបិទបញ្ចប់។ ទន្ទឹមនឹងកំហឹងពលរដ្ឋផ្ទុះឡើងដល់ចំណុចកំពូល ខណៈក្រុមបាតុករបានសម្រុកទៅឡោមព័ទ្ធការិយាល័យរៀបចំការបោះឆ្នោត ក្នុងរាជធានីបាងកក និងខេត្តនានា ដើម្បីទាមទារឱ្យគណៈកម្មការរៀបចំការបោះឆ្នោតរាប់សន្លឹកឆ្នោតឡើងវិញនៅទូទាំងប្រទេស និងទាមទារឱ្យរៀបចំការបោះឆ្នោតឡើងវិញនៅក្នុងមណ្ឌលបោះឆ្នោតមួយចំនួន ជាពិសេស ជំរុញឱ្យគណៈកម្មការរៀបចំការបោះឆ្នោតលាលែងពីតំណែងបន្ទាន់ ដែលនេះបង្ហាញពីភាពកម្សោយរបស់(គជប ថៃ)។

នៅឯការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោត ក្នុងមជ្ឈមណ្ឌលរាជរដ្ឋាភិបាល ក្នុងសង្កាត់ឡាក់ស៊ី (Laksi) ក្រុមបាតុករប្រហែល១០០នាក់ បានបន្លឺសម្រែករកភាពយុត្តិធម៌ ពួកគេឃើញមានភាពមិនប្រក្រតីជុំវិញការរាប់សន្លឹកឆ្នោត ហើយចង់ឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញនៅទូទាំងប្រទេស។ ពួកគេបានបន្ថែមថា ការរាប់សន្លឹកឆ្នោតថ្មី ត្រូវតែធ្វើឡើងនៅទីសាធារណៈ និងអនុញ្ញាតឱ្យប្រជាជនត្រួតពិនិត្យមើលបានពេញភ្នែក។ លើសពីនេះ ពួកគេក៏បានទាមទារឱ្យដាក់ទណ្ឌកម្មលើមន្ត្រី ដែលបង្កឱ្យមានភាពមិនប្រក្រតីនៃការរាប់សន្លឹកឆ្នោត, បង្ហាញព័ត៌មានរាប់សន្លឹកឆ្នោតនៅកម្រិតការិយាល័យបោះឆ្នោត, បោះឆ្នោតឡើងវិញនៅតាមមណ្ឌលបោះឆ្នោតដែលមានភាពមិនប្រក្រតី, និងទាមទារឱ្យមន្រ្តីជាន់ខ្ពស់ នៃគណកម្មការរៀបចំការបោះឆ្នោតទាំង៧រូប លាលែងចេញពីតំណែង

«យើងទទួលយកការចាញ់ ប៉ុន្តែ[យើង]មិនអាចទទួលយកភាពមិនច្បាស់លាស់បានទេ!» នេះជាសម្តីដ៏ចាក់ដោតចេញពីមាត់មេដឹកនាំក្រុមបាតុកម្ម។ ការទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ បានផ្ទុះឡើង បន្ទាប់ពីគណបក្សភូមិចៃថៃ ដែលដឹកនាំដោយលោក អនុទីន ស្ថិតនៅចំណាត់ថ្នាក់លេខ១ ខណៈគណបក្សប្រជាជនថៃ(PP) ដែលធ្លាប់តែទទួលបានការគាំទ្រភាគច្រើន ក្នុងការបោះឆ្នោតស្ទង់មតិ បែរជាជាប់ចំណាត់លេខ២ទៅវិញ ស្របពេលដែលមន្រ្តីរៀបចំការបោះឆ្នោត ហាក់បង្ហាញពីភាពលាក់កម្បាំង និងគ្មានតម្លាភាព ដោយសារតែសន្លឹកឆ្នោតត្រូវបានគេពើបប្រទះឃើញនៅក្នុងធុងសំរាម, អ្នកសង្កេតការណ៍ត្រូវបានរារាំងមិនឱ្យមើលការរាប់សន្លឹកឆ្នោត, កាមេរ៉ាសុវត្ថិភាពគ្របដណ្ដប់ដោយក្រណាត់ខ្មៅ, កង្វះតម្លាភាព, រាយការណ៍លទ្ធផលយឺតយ៉ាវ, និងសន្លឹកឆ្នោតច្រើនខុសជាដើម ។ល។

ជុំវិញបញ្ហានេះ គណបក្សប្រជាជន[ថៃ] បានទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ នៅក្នុងមណ្ឌលបោះឆ្នោតចំនួន១៨ ក្នុងខេត្តជាច្រើន រួមមាន៖ ខេត្តខនកែន, ឡាំប៉ាង, សុរាស្ត្រធានី, ចន្ទបុរី, មហាសារខាម, នគររាជសីមា, ទីក្រុងជ័យនាថ, សមុទ្ទប្រាការ, ខេត្តតាក់, ស្រះបុរី, ឈៀងម៉ៃ, ឈៀងរ៉ៃ, កញ្ចនបុរី, និងសុវណ្ណបុរី។ លើសពីនេះ បេក្ខជន និងតំណាងគណបក្សប្រជាជន(ថៃ) ក៏មានវត្តមាននៅការិយាល័យបោះឆ្នោតក្នុងស្រុក និងក្នុងខេត្តរៀងៗខ្លួនផងដែរ ដើម្បីដាក់សំណើទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ។

ចុងក្រោយ អគ្គលេខាធិការរងនៃគណកម្មការរៀបចំការបោះឆ្នោត (EC) លោក ណាថៈវត្ថិ ស្ងៀមសក្តិ (ณัฐวัฒน์ เสงี่ยมศักดิ์) បានទទួលញត្តិពីក្រុមបាតុករ ហើយឆ្លើយតបវិញថា ការិយាល័យ​គណៈកម្មាការ​រៀបចំ​ការបោះឆ្នោត​ បាន​ត្រៀម​ខ្លួន​រួចរាល់​ ដើម្បី​ពិនិត្យ​មើល​ញត្តិ​នីមួយៗ​ស្របតាម​ច្បាប់ ហើយ​លទ្ធផល​បោះឆ្នោត​នៅគ្រប់​ការិយាល័យ​បោះឆ្នោត​ នឹង​ត្រូវ​​បង្ហោះ​នៅ​លើ​គេហទំព័រ​របស់​គណៈកម្មាការ​រៀបចំ​ការបោះឆ្នោត និង​សាខា​ខេត្ត​នីមួយៗ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៀត​។ រង់ចាំអុតមើលទាំងអស់គ្នាថា..តើនឹងមានការរាប់សន្លឹកឆ្នោតទូទាំងប្រទេសឡើងវិញដែរឬទេ ក្រោយរលកយុវជនថៃ ឬ(Gen-Z Thai) កំពុងងើបតវ៉ាយ៉ាងគំហុកបែបនេះ..? ប្រសិនបើសន្លឹកឆ្នោតត្រូវបានរាប់ឡើងវិញ តើលោក អនុទីន អាចបន្តទទួលបានសំឡេងគាំទ្រភាគច្រើនដែរឬទេ ឬក៏រអិលជើងធ្លាក់ចេញពីបេក្ខជននាយករដ្ឋមន្រ្តីវិញ?...

រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
រូបភាព៖ ខាវសដ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត