កងទ័ពកូរ៉េខាងជើងជាង៦០០០នាក់ទៅជួយច្បាំងរុស្ស៊ី ក្លាយជាចំណីគ្រាប់.កាំ.ភ្លើងរបស់អ៊ុយក្រែន ខណៈលោក គីម ជុងអ៊ុន បញ្ជាឱ្យសូនរូបចម្លាក់ដើម្បីគោរព
ហៀប ស៊ីថេត
19 ម៉ោងមុន

រដ្ឋធានីព្យុងយ៉ាង៖ ក្នុងទឹកមុខក្រៀមក្រំ និងតែមានមោទកភាព មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះណែនាំអំពីការបង្កើតរូបចម្លាក់ដោយផ្ទាល់ ដើម្បីដាក់តាំងនៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធដល់ទាហានកូរ៉េខាងជើង ដែលបានចោលឆ្អឹង និងបូជាក្នុងសមរភូមិសង្គ្រាមក្រៅប្រទេស [គឺសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន]។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA រាយការណ៍នៅថ្ងៃចន្ទទី២៦ ខែមករា។

ក្រោមកិច្ចព្រមព្រៀងការពារទៅវិញទៅមកជាមួយរុស្ស៊ីនាឆ្នាំ២០២៤ កូរ៉េខាងជើងបានបញ្ជូនទាហានប្រហែល១៤០០០នាក់ទៅជួយរុស្ស៊ី ដើម្បីប្រយុទ្ធតទល់ជាមួយអ៊ុយក្រែន ប៉ុន្តែជាអកុសលទាហានកូរ៉េខាងជើងជាង៦០០០នាក់បានបូជាជីវិតយ៉ាងអាណោចអាធ័ម។ 

«រូបចម្លាក់នឹងបង្ហាញជារៀងរហូតនូវស្នាដៃដ៏អស្ចារ្យ...របស់កូនប្រុសដ៏គួរឱ្យកោតសរសើររបស់កូរ៉េខាងជើង» នេះជាសម្តីលើកសរសើររបស់លោក គីម ជុងអ៊ុន ចំពោះកងទ័ពដែលបានចោលឆ្អឹងនៅលើទឹកដីអ៊ុយក្រែន។ លើសពីនេះ លោក គីម បានសរសើរម្ដងហើយម្ដងទៀតនូវវីរភាពរបស់កងទ័ពក្នុងការប្រយុទ្ធនៅក្នុងសង្គ្រាមក្រៅប្រទេស និងផ្តល់កិត្តិយសកងទ័ពពលី រួមទាំងការស្វាគមន៍ និងប្រារព្ធពិធីរំលឹកដល់ទាហានដែលបានបាត់បង់ជីវិតដោយផ្ទាល់។ ចំណាត់ការរបស់លោក គីម ធ្វើឡើងនៅពេលដែលប្រទេសកូរ៉េខាងជើងបានផ្តួចផ្តើមនីតិវិធី ដើម្បីរៀបចំសមាជគណបក្ស ដែលនឹងកំណត់គោលដៅលើគោលនយោបាយសំខាន់ៗសម្រាប់រយៈពេល៥ខាងមុខ។ ក្រុមអ្នកវិភាគបានអះអាងថា សមាជបក្សលើកទី៥នៃគណបក្សពលករកូរ៉េខាងជើង ត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅដើមកុម្ភៈខាងមុខ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត