ប្រធានាធិបតីកូរ៉េខាងត្បូងព្រមានថា កូរ៉េខាងជើងអាចផលិតអាវុធនុយក្លេអ៊ែរដល់ទៅ២០គ្រាប់ក្នុងមួយឆ្នាំ
N
Nary Vann
21 មករា 2026 09:00 AM

រដ្ឋធានីសេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យ៉ុង បានថ្លែងការណ៍នៅថ្ងៃទី២១ ខែមករានេះថា ប្រទេសកូរ៉េខាងជើង កំពុងបង្កើនសមត្ថភាពផលិតវត្ថុធាតុដើមនុយក្លេអ៊ែរយ៉ាងខ្លាំងក្លា ដែលអាចយកទៅបង្កើតជាអាវុធបានពី១០ ទៅ២០គ្រាប់ក្នុងមួយឆ្នាំ។ លោកបានដាស់តឿនថា មហិច្ឆតារបស់រដ្ឋធានីព្យុងយ៉ាងមិនត្រឹមតែជាការគំរាមកំហែងដល់ក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែវានឹងក្លាយជាគ្រោះថ្នាក់សម្រាប់ពិភពលោកទាំងមូល។

លោក លី ជេម្យ៉ុង
លោក លី ជេម្យ៉ុង

លោកប្រធានាធិបតី លីសង្កត់ធ្ងន់ថា៖«សូម្បីតែពេលនេះ វត្ថុធាតុដើមនុយក្លេអ៊ែរដែលគ្រប់គ្រាន់សម្រាប់ផលិតអាវុធពី១០ទៅ២០គ្រាប់ក្នុងមួយឆ្នាំ ប៉ុន្តែវានៅតែបន្តត្រូវបានផលិតឡើង នៅក្នុងប្រទេសកូរ៉េខាងជើងបន្តទៀត»។ ទន្ទឹមនោះ លោកបានពន្យល់នៅក្នុងសន្និសីទសារព័ត៌មានដើមឆ្នាំនេះថា ក្រៅពីការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរ កូរ៉េខាងជើង ក៏កំពុងសម្រួចបច្ចេកវិទ្យាមីស៊ីលឆ្លងទ្វីប ដែលមានសមត្ថភាពវាយប្រហារដល់ដីគោករបស់សហរដ្ឋអាម៉េរិកផងដែរ។ អ្វីដែលលោកបារម្ភបំផុតនោះ គឺថា នៅពេលកូរ៉េខាងជើងមានអាវុធទាំងនេះ លើសពីតម្រូវការការពារខ្លួន ពួកគេអាចនឹងនាំចេញបច្ចេកវិទ្យាដ៏គ្រោះថ្នាក់នេះទៅក្រៅប្រទេស ដែលនឹងបង្កជាវិបត្តិសន្តិសុខសកល មិនអាចគ្រប់គ្រងបាន។

ទោះជាយ៉ាងណា លោក លី ជេម្យ៉ុង ដែលជាអ្នកនិយមផ្លូវកណ្ដាល និងចូលចិត្តការចរចា បានស្នើឱ្យមានការប្រើប្រាស់វិធីសាស្ដ្របែប លោក ត្រាំ ដើម្បីទាក់ទងជាមួយមេដឹកនាំកូរ៉េខាងជើង។ លោកយល់ថា ការផ្អាកផលិតសម្ភារនុយក្លេអ៊ែរ និងការបញ្ឈប់ការអភិវឌ្ឍមីស៊ីលឆ្លងទ្វីប គឺជាជោគជ័យមួយសម្រាប់គ្រប់ភាគីពាក់ព័ន្ធ។ លោកក៏បានបញ្ជាក់ផងដែរថា លោកបានលើកយកអំណះអំណាងនេះ ទៅពិភាក្សាជាមួយប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង រួចរាល់ហើយ ដើម្បីស្វែងរកច្រកចេញដោយសន្តិវិធី និងជៀសវាងការប្រឈមមុខដាក់គ្នាផ្នែកយោធា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត