មិនខ្វល់ពីអាម៉េរិក! កាណាដា-បារាំង ចាប់ដៃគ្នាបង្កើនឥទ្ធិពលនៅតំបន់អាកទិក
ហៀប ស៊ីថេត
14 ម៉ោងមុន

ហ្គ្រីនឡែន៖ បារាំង និងកាណាដា បានបើកស្ថានកុងស៊ុលនៅទីក្រុងនូកក្នុងទឹកដីហ្គ្រោអង់ឡង់ ឬហ្គ្រីនឡែន កាលពីថ្ងៃសុក្រទី៦ ខែកុម្ភៈ ដើម្បីពង្រឹងចំណងមិត្តភាព និងបង្កើនឥទ្ធិពលនៅតំបន់អាកទិក ចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើងខ្លាំង បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បញ្ជាក់ជាថ្មី នូវផែនការទិញយកកោះទឹកកក ដែលមានទីតាំងយុទ្ធសាស្ត្រនេះ ទៅជ្រកក្រោមដំបូលសេតវិមាន...។

ការពង្រីកការទូត  បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំង២ ក្នុងការបង្កើនវត្តមានយោធា និងភាពជាដៃគូនៅតំបន់អាកទិករបស់ពួកគេជាមួយហ្គ្រីនឡែន ជាទឹកដីពាក់កណ្តាលស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលបានក្លាយជាចំណុចកណ្តាលដោយសារតែការអះអាងរបស់លោក ត្រាំ ថាការគ្រប់គ្រងរបស់សហរដ្ឋអាម៉េរិកលើកោះនេះ​ គឺជាអាទិភាពសន្តិសុខជាតិ។ ប្រទេសកាណាដា បានប្រកាសពីផែនការរបស់ខ្លួនកាលពីខែធ្នូឆ្នាំមុន ថា កាណាដានឹងបើកស្ថានកុងស៊ុលនៅហ្គ្រីនឡែន និងនៅទីក្រុងអាន់ឆូរិច(Anchorage) នៃរដ្ឋអាឡាស្កា ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងវត្តមាននៅក្នុងតំបន់អាកទិក។ នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mr. Mark Carney) ក៏បានសន្យាថា នឹងបង្កើនវត្តមានយោធា និងសន្តិសុខរបស់ប្រទេសកាណាដានៅក្នុងតំបន់អាកទិកផងដែរ។

ទន្ទឹមគ្នា បារាំង គឺជាប្រទេសដំបូងគេមកពីសហភាពអឺរ៉ុប ដែលបើកស្ថានកុងស៊ុលនៅហ្គ្រីនឡែន ខណៈរដ្ឋធានីប៉ារីសមានពលរដ្ឋត្រឹមតែ៦នាក់ប៉ុណ្ណោះ ដែលរស់នៅលើកោះនេះ។ «បារាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការគោរពបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រដាណឺម៉ាក» នេះបើតាមក្រសួងការបរទេសបារាំង អះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃសុក្រទី៦ ខែកុម្ភៈ។ សូមរំឭកបន្តិចថា ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានប្រកាសពីផែនការសម្រាប់ស្ថានកុងស៊ុលក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ហ្គ្រីនឡែន កាលពីឆ្នាំមុន ដើម្បីបង្ហាញពីសាមគ្គីភាព បន្ទាប់ពីលោក ត្រាំ ចង់ទិញយកកោះទឹកកកមួយនេះ៕

លោក ម៉ាក ខានី
លោក ម៉ាក ខានី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត