
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកនឹងធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍មេដឹកនាំចិន លោក ស៊ី ជីនពីង នៅសេតវិមាននាចុងឆ្នាំ២០២៦នេះ ខណៈមហាអំណាចសេដ្ឋកិច្ចទាំងពីរ កំពុងព្យាយាមស្ដារទំនាក់ទំនងឡើងវិញ បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្នុងសង្គ្រាមពាណិជ្ជកម្ម។

ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ NBC News កាលពីថ្ងៃអាទិត្យ ដែលត្រូវបានថតទុកតាំងពីថ្ងៃពុធមកម្ល៉េះ ពោលគឺចំថ្ងៃដែលមេដឹកនាំទាំងពីរ បានជជែកគ្នាយ៉ាងស៊ីជម្រៅតាមទូរសព្ទ អំពីបញ្ហាពាណិជ្ជកម្ម, កោះតៃវ៉ាន់, សង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាអ៊ីរ៉ង់។ តាមគម្រោងដែលបានគ្រោងទុក លោក ត្រាំ នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនមុនគេ ក្នុងខែមេសាខាងមុខ បន្ទាប់មក លោក ស៊ី នឹងមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកវិញម្ដង។ លោក ត្រាំ បានសង្កត់ធ្ងន់ថា៖«ចិន និងអាម៉េរិក គឺជាប្រទេសមានអំណាចបំផុតនៅលើពិភពលោក ហើយយើងកំពុងមានទំនាក់ទំនងល្អជាមួយគ្នា»។

ទោះបីជាក្នុងរយៈពេលមួយឆ្នាំ ចាប់តាំងពីលោកត្រឡប់មកកាន់សេតវិមាន លោក ត្រាំ បានប្រើប្រាស់វិធានការដំឡើងពន្ធលើទំនិញចិនជាច្រើនដូចជា ដែកថែប និងរថយន្ត ប៉ុន្តែរដ្ឋធានីវ៉ាស៊ីនតោន និងប៉េកាំង បានឈានដល់កិច្ចព្រមព្រៀងផ្អាកជម្លោះបណ្ដោះអាសន្នមួយ កាលពីឆ្នាំមុន។ នៅក្នុងកិច្ចសន្ទនាដ៏សំខាន់ កាលពីថ្ងៃពុធ លោក ស៊ី ជីនពីង បានផ្ញើសារព្រមានដល់លោក ត្រាំ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការលក់អាវុធឱ្យកោះតៃវ៉ាន់ ដែលចិនចាត់ទុកជាទឹកដីរបស់ខ្លួន។ យ៉ាងណា មេដឹកនាំចិនបានបង្ហាញក្ដីសង្ឃឹមថា បញ្ហាទ្វេភាគីរួមទាំងពាណិជ្ជកម្ម អាចនឹងត្រូវដោះស្រាយដោយសន្តិវិធី។ លោក ស៊ី ជីនពីង លើកឡើងថា៖«តាមរយៈការដោះស្រាយបញ្ហាមួយម្ដងៗ និងការបន្តកសាងទំនុកចិត្តទៅវិញទៅមក យើងអាចស្វែងរកផ្លូវដ៏ត្រឹមត្រូវមួយសម្រាប់ប្រទេសទាំងពីររស់នៅជាមួយគ្នា»។

ដោយឡែក បញ្ហាសន្តិសុខសកលក៏ស្ថិតក្នុងរបៀបវារៈផងដែរ ដោយកាលពីថ្ងៃសុក្រ សហរដ្ឋអាម៉េរិក បានជំរុញឱ្យមានកិច្ចចរចាត្រីភាគីរវាងរុស្ស៊ី និងចិន ដើម្បីកំណត់កម្រិតអាវុធនុយក្លេអ៊ែរថ្មី។ ប៉ុន្តែមកដល់ពេលនេះ រដ្ឋធានីប៉េកាំង នៅតែបន្តបដិសេធមិនព្រមចូលរួមក្នុងកិច្ចចរចាសាយអាវុធនៅឡើយទេ។ ទោះបីជាមានភាពរឹងមាំផ្នែកនយោបាយខុសគ្នាក៏ដោយ ដោយមហាអំណាចទាំងពីរ ហាក់ដឹងខ្លួនច្បាស់ថា សេដ្ឋកិច្ចរបស់ពួកគេនៅតែមានទំនាក់ទំនងស្អិតល្មួតខ្លាំង មិនអាចបំបែកចេញពីគ្នាបានដោយងាយស្រួលនោះឡើយ៕



