អនុទីនយកកម្ពុជាជាឈ្នាន់នយោបាយ ដើម្បីច្បាមយកសន្លឹកឆ្នោតពីអ្នកគាំទ្រ
N
Nary Vann
01 កុម្ភៈ 2026 06:00 AM

រាជធានីបាងកក៖ លោក អនុទីន ឆានវីរគុល មេដឹកនាំគណបក្សភូមិចៃថៃ បាននិងកំពុងធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដើម្បីរក្សាកៅអីនាយករដ្ឋមន្ត្រីថៃបន្តទៀត។ ប៉ុន្តែអ្វីដែលធ្វើឱ្យសាធារណៈមតិចាប់អារម្មណ៍ខ្លាំងនោះ គឺការចងភ្ជាប់កម្ពុជាទៅក្នុងសារនយោបាយរបស់ខ្លួន ដោយបានបោកបញ្ឆោតអ្នកគាំទ្រថា ការបោះឆ្នោតឱ្យលោកធ្វើជានាយករដ្ឋមន្ត្រីបន្ត នឹងរក្សាបាននូវអធិបតេយ្យភាពរបស់ប្រទេសថៃ...។

ថ្លែងទៅកាន់អ្នកគាំទ្រ អំឡុងយុទ្ធនាការឃោសនាបោះឆ្នោតដ៏ធំមួយនៅសួនលំភីនី (ลุมพินี) លោក អនុទីន បានសង្កត់ធ្ងន់ថា អាទិភាពខ្ពស់បំផុតរបស់លោក គឺការការពារទឹកដីថៃពីការឈ្លានពានរបស់បរទេស ដោយលោកបានប្តេជ្ញាចិត្តថា នឹងការពារដីថៃដោយប្តូរជីវិត។(Sic) ទន្ទឹមនោះ លោកក៏បានបញ្ជាក់យ៉ាងច្បាស់ដែរថា លោកនឹងមិនបើកច្រកព្រំដែនថៃ-កម្ពុជាឡើយ ដរាបណាគ្មានការទាមទារពីប្រជាជនថៃ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖«ខ្ញុំសន្យាថា[..]នឹងការពារទឹកដីថៃ ដោយប្តូរជីវិត។ ខ្ញុំនឹងមិនបើកព្រំដែនថៃ-កម្ពុជាឡើយ លុះត្រាតែប្រជាជនថៃទាមទារ ហើយខ្ញុំនឹងមិនអនុញ្ញាតឱ្យនរណាម្នាក់មកផ្លាស់ប្ដូរភារកិច្ចរបស់ខ្ញុំ ក្នុងការស្ដាប់តាមបំណងប្រាថ្នារបស់ប្រជាជនថៃនោះទេ»

ជាមួយគ្នានេះ លោក អនុទីន ក៏បានរិះគន់ដោយប្រយោលទៅលើ លោកស្រី ផែថងថាន ឈិនវ័ត ជុំវិញគោលនយោបាយការពារអធិបតេយ្យភាព ដែលលោកយល់ថា មានភាពខុសគ្នាស្រឡះ។ លោកបានសង្កត់ធ្ងន់ថា លោកនឹងមិនធ្វើតាមបញ្ជារបស់នរណាម្នាក់ឡើយ មិនថាអ្នកនោះស្ថិតក្នុងប្រទេស ឬក្រៅប្រទេស ប្រសិនបើបញ្ជានោះមិនបម្រើផលប្រយោជន៍ពលរដ្ឋថៃ ព្រមទាំងបញ្ជាក់យ៉ាងអំណួតថា លោកមិនមែនជាអាយ៉ងសម្រាប់ឱ្យនរណាម្នាក់បញ្ជាឡើយ។ ចំពោះបញ្ហាតំបន់សមុទ្ទត្រួតស៊ីគ្នា ដែលកំពុងមានភាពចម្រូងចម្រាស លោកបានបដិសេធរាល់រូបមន្តបែងចែកផលប្រយោជន៍ស្មើគ្នា ដោយលើកឡើងថា៖«បើវាជាដីថៃ រូបមន្ត..គឺមានរួចជាស្រេចហើយ គឺគ្មាននរណាម្នាក់អាចមកបែងចែកវាបានឡើយ»។ 

ក្រៅពីបញ្ហាទឹកដី លោក អនុទីន ក៏បានលើកឡើងពីផលប៉ះពាល់សេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងការបើកព្រំដែនផងដែរ។ លោកបានអះអាងថា ការបើកច្រកព្រំដែនកន្លងមកបានធ្វើឱ្យតម្លៃកសិផលដូចជា អង្ករ និងដំឡូងមី ធ្លាក់ចុះ ផ្តល់ផលចំណេញតែដល់ក្រុមឈ្មួញខ្នងបង្អែកបក្សនយោបាយមួយចំនួនប៉ុណ្ណោះ។ លើសពីនេះ លោកបានសន្យាថានឹងនាំមកនូវសេចក្តីថ្លៃថ្នូរជូនពលរដ្ឋថៃវិញ តាមរយៈការជំរុញសេដ្ឋកិច្ចគ្រួសារ ការកាត់បន្ថយបំណុល និងការធានាថា រាជរដ្ឋាភិបាលរបស់លោកនឹងធ្វើការដើម្បីបម្រើផលប្រយោជន៍ពលរដ្ឋថៃជាចម្បង។ ទោះជាយ៉ាងណាក៏ដោយ សារនយោបាយរបស់លោក អនុទីន ឆានវីរគុល ត្រូវបានគេមើលឃើញថា ជាសារនយោបាយបែបប្រជាភិថុតិប៉ុណ្ណោះ ព្រោះការពិតជាក់ស្តែង កម្ពុជាមិនបានឈ្លានពានថៃទេ ផ្ទុយទៅវិញថៃខ្លួនឯងជាអ្នកបើកការឈ្លានពានលើកម្ពុជាទាំងកម្រោល សាហាវព្រៃផ្សៃ និងអមនុស្សធម៌ជាទីបំផុត។

ជាមួយគ្នានេះ មជ្ឈដ្ឋានអន្តរជាតិ ក៏បានដឹងយ៉ាងច្បាស់ផងដែរថា«ថៃជាអ្នកឈ្លានពានកម្ពុជា Thailand invades Cambodia» ដោយមានសារព័ត៌មានអន្តរជាតិល្បីៗ ចុះផ្សាយព្រោងព្រាត ដូច្នេះ ការលើកឡើងរបស់លោកអនុទីនចំពោះពាក្យថា៖[ការពារអធិបតេយ្យថៃ ពីការឈ្លានពានរបស់កម្ពុជា] គឺជារឿងគួរឱ្យអស់សំណើច និងមិនអាចទទួលយកបានឡើយ។ តែយ៉ាងណា បើតាមសន្ទសន៍នៃការធ្វើប្រជាមតិសាធារណជនថៃ បក្សភូមិចៃថៃ របស់ អនុទីន ឆាន វីរគុល ស្ថិតនៅលំដាប់លេខរៀងទី៣ប៉ុណ្ណោះ ខណៈបក្សនាំមុខគេបច្ចុប្បន្ន គឺបក្សប្រជាជន[ថៃ] ក្រោមការដឹកនាំរបស់លោក ណាត់ថៈពង្ស រឿងបញ្ញវុទ្ធិ (ณัฐพงษ์ เรืองปัญญาวุฒิ)...

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត