
រាជធានីបាងកក៖ មេដឹកនាំគណបក្សភូមិចៃថៃ លោក អនុទីន ឆានវីរគុល បានអះអាងថ្ងៃនៅអង្គារទី១០ ខែកុម្ភៈនេះថា គណៈរដ្ឋមន្ត្រីស្តីទី នឹងពិភាក្សាអំពីការលុបចោលអនុស្សរណៈយោគយល់គ្នា ស្តីពីការកំណត់ព្រំដែនជាមួយកម្ពុជាឆ្នាំ២០០១ (ឬMoU ៤៤) ដោយហ៊ានវាយតម្លៃទាំងបំពានច្បាប់អន្តរជាតិ ថា MoU នេះ គ្មានប្រយោជន៍ដល់ប្រទេសថៃ ខណៈមេដឹកនាំគណបក្សភូមិចៃថៃរូបនេះ ក៏នៅមិនទាន់ចាប់ផ្តើមកិច្ចរចរចា ដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះនៅឡើយដែរ ដ្បិតរង់ចាំគណៈកម្មការរៀបចំការបោះឆ្នោត ប្រកាស និងអនុម័តលទ្ធផលជាផ្លូវការ...។

លោក អនុទីន បានលើកឡើងទាំងបំពានថា គណៈរដ្ឋមន្ត្រីស្តីទី នៅថ្ងៃអង្គារនេះនឹងប្រជុំពិភាក្សាអំពីការលុបចោលអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការកំណត់ព្រំដែនជាមួយកម្ពុជាឆ្នាំ២០០១ (ឬMoU ៤៤)។ លោកលើកឡើងទាំងគឃ្លើនថា លោកបានណែនាំឱ្យគ្រប់ក្រសួង និងស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធទាំងអស់ ត្រៀមខ្លួនសម្រាប់ការលុបចោលនេះ ព្រោះ MoU៤៤ មិនផ្តល់ផលប្រយោជន៍អ្វីដល់ប្រទេសថៃទេ។ មែនទែនទៅ ការប្រើប្រាស់បញ្ហាព្រំដែនដ៏រសើបមកធ្វើជាឈ្នាន់នយោបាយ ចំពេលលោក អនុទីន កំពុងរង់ចាំសេចក្ដីសម្រេចពីគណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីបង្កើតរាជរដ្ឋាភិបាលចម្រុះ បានបង្ហាញយ៉ាងច្បាស់ពីចេតនារបស់អ្នកនយោបាយថៃ ដែលតែងយកបញ្ហាជាតិនិយមមកធ្វើជាខែលបិទបាំងភាពទាល់ច្រក នៃអំណាចរបស់ខ្លួន និងជាការសម្រេចក្ដីស្រមៃឈ្លានពានទឹកដីកម្ពុជាផងដែរ។

ទោះបីជាគណបក្សភូមិចៃថៃ ហាក់ដូចជានាំមុខគេក្នុងការរាប់សន្លឹកឆ្នោតក្រៅផ្លូវការក៏ដោយ ប៉ុន្តែ លោក អនុទីន អះអាងថា ការរាប់សន្លឹកឆ្នោតមិនទាន់បានបញ្ចប់នៅឡើយទេ ហើយលទ្ធផលផ្លូវការត្រូវតែត្រូវបានបញ្ជាក់ដោយគណៈកម្មការរៀបចំការបោះឆ្នោត មុនពេលលោកចាប់ផ្តើមការចរចាជាមួយដៃគូចម្រុះ ដែលមានសក្តានុពល។ ជាមួយគ្នានេះ សញ្ញាដំបូងនៃការគ្រប់គ្រងអំណាចរបស់លោក ចាប់ផ្តើមឡើងដោយការបញ្ឆេះកំហឹងជាមួយកម្ពុជា ជាជាងការរកដំណោះស្រាយបញ្ចប់ជម្លោះ។ ចំណាត់ការរបស់ អនុទីន គឺជាការបោះជំហានថយក្រោយនៃកិច្ចសហប្រតិបត្តិការតំបន់ និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខព្រំដែនរួម ជាពិសេសមជ្ឈភាពអាស៊ានផ្ទាល់តែម្ដង។

នេះជារឿងដដែលៗទៅហើយនៃអ្នកនយោបាយថៃ ព្រោះថា នៅពេលដែលអ្នកនយោបាយថៃត្រូវការអំណាច ពួកគេតែងតែយកបញ្ហាព្រំដែនកម្ពុជាមកធ្វើជាចំណាប់ខ្មាំង ដើម្បីបង្វែរដានពីភាពមិនច្បាស់លាស់នៃសង្គមរបស់ខ្លួនផង ច្បាមយកប្រជាប្រិយភាពពីសំណាក់អ្នកគាំទ្រផង និងបំពេញមហិច្ឆតាផែនការឈ្លានពានផង។ គួរបញ្ជាក់ថា អនុស្សរណៈយោគយល់គ្នា ឆ្នាំ២០០១ ឬ MoU៤៤ គឺជាក្របខណ្ឌគតិយុត្តដ៏សំខាន់តែមួយគត់ដែលកម្ពុជា-ថៃ បានព្រមព្រៀងគ្នា ដើម្បីដោះស្រាយបញ្ហាតំបន់ត្រួតស៊ីគ្នា (OCA) នៅក្នុងឈូងសមុទ្ទថៃ ដែលមានផ្ទៃក្រឡាប្រមាណ២៦ ០០០គីឡូម៉ែត្រការ៉េ។ បើថៃលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬ MoU៤៤ មែននោះ តើមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា នឹងមានចំណាត់ការបែបណា ឆ្លើយតបទៅកាន់ថៃវិញ? ហើយថា តើតំបន់ត្រួតស៊ីគ្នា (OCA) នឹងក្លាយជាជម្លោះដែនទឹកបន្ថែមលើជម្លោះដីគោកទៀត ឬក៏យ៉ាងណា?...៕




