
រាជធានីបាងកក៖ ខណៈភាពមិនប្រក្រតីនៃការបោះឆ្នោតកំពុងឆេះរាលដាលពេញផ្ទៃប្រទេស អាជ្ញាធរថៃ មិនត្រឹមតែមិនបានស្វែងរកយុត្តិធម៌ជូនប្រជាជនទេ ប៉ុន្តែពួកគេបែរជាដាក់ពង្រាយមន្ត្រីស៊ើបអង្កេត និងកងកម្លាំងបង្ក្រាបកុប្បកម្ម ដើម្បីប្រឆាំងនឹងក្រុមមនុស្សប្រមូលផ្តុំគ្នា ដើម្បីងើបតវ៉ាជុំវិញការបោះឆ្នោត ដ្បិតអគ្គស្នងការរងនគរបាលភូមិន្ទថៃ បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំមួយដើម្បីពិនិត្យឡើងវិញ នូវស្ថានភាពសណ្តាប់ធ្នាប់សាធារណៈ ដែលទាក់ទងនឹងការបោះឆ្នោត...។

កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលប្រតិបត្តិការនគរបាលភូមិន្ទថៃ លោក សំរាន្ត នួលម៉ា (สำราญ นวลมา) អគ្គស្នងការរងនគរបាលភូមិន្ទថៃ បានអះអាងថា បច្ចុប្បន្នមានពាក្យបណ្តឹងជាច្រើន ជុំវិញភាពមិនប្រក្រតីនៅក្នុងមណ្ឌលបោះឆ្នោតចំនួន១៧នៅទូទាំងខេត្តចំនួន១៥។ បញ្ហាដែលបានលើកឡើងរួមមាន៖ សន្លឹកឆ្នោតរកឃើញនៅក្នុងធុងសំរាម, អ្នកសង្កេតការណ៍ត្រូវបានរារាំងមិនឱ្យមើលការរាប់សន្លឹកឆ្នោត, កាមេរ៉ាសុវត្ថិភាពគ្របដណ្ដប់ដោយក្រណាត់ខ្មៅ, កង្វះតម្លាភាពក្នុងការរាប់សន្លឹកឆ្នោត, ការរាយការណ៍លទ្ធផលយឺតយ៉ាវ, សន្លឹកឆ្នោតមានភាពមិនប្រក្រតី, ការលួចបន្លំសន្លឹកឆ្នោត និងសន្លឹកឆ្នោតខូច។ មន្ត្រីលើកឡើងថា ពាក្យបណ្តឹងភាគច្រើនត្រូវបានដាក់ប្តឹងហើយ និងកំពុងត្រូវបានដោះស្រាយ ប៉ុន្តែចំណុចមួយចំនួននៅតែស្ថិតនៅក្រោមដំណើរការរបស់គណៈកម្មការរៀបចំការបោះឆ្នោត។

អគ្គស្នងការរងនគរបាលភូមិន្ទថៃរូបនេះ បន្ថែមថា អគ្គស្នងការនគរបាលជាតិ មានការព្រួយបារម្ភជាខ្លាំង អំពីរបៀបដែលមន្ត្រីនគរបាលអនុវត្តភារកិច្ចស្របតាមគោលការណ៍ណែនាំរបស់គណៈកម្មការរៀបចំការបោះឆ្នោត។ ហេតុនេះ លោកបានចេញសេចក្តីណែនាំសម្រាប់មន្រ្តីនគរបាលនៅគ្រប់អង្គភាព និងគ្រប់តំបន់ឱ្យអនុវត្តតាមគោលការណ៍សំខាន់ៗចំនួន៣៖ ទី១.ស៊ើបការណ៍សម្ងាត់៖ ក្រុមស៊ើបការណ៍សម្ងាត់ត្រូវបានណែនាំឱ្យតាមដានយ៉ាងដិតដល់នូវប្រតិកម្មពីក្រុមនានា នៅក្នុងតំបន់របស់ពួកគេ ដែលអាចប្រមូលផ្តុំក្រុមមនុស្ស ដើម្បីបង្កើតភាពចលាចល។ នគរបាល ក៏ត្រូវបានណែនាំឱ្យតាមដាន និងរារាំងពាក្យចចាមអារ៉ាម និងព័ត៌មានក្លែងក្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចបំភាន់សាធារណជន ឬចេតនាញុះញង់ឱ្យមានជម្លោះ។ ប៉ូលិសក៏ត្រូវបានណែនាំឱ្យតាមដានចលនាក្រុមមនុស្សឆ្លងកាត់តំបន់ និងការដឹកជញ្ជូនអាវុធ ឬវត្ថុខុសច្បាប់ ក្នុងអំឡុងពេលអន្តរកាលក្រោយការបោះឆ្នោត។

ទី២.ការសម្របសម្រួលជាមួយគណៈកម្មការរៀបចំការបោះឆ្នោត៖ អ្នកស៊ើបអង្កេតត្រូវបានណែនាំឱ្យសម្របសម្រួលជាមួយការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត ដើម្បីតាមដានវឌ្ឍនភាពនៃការតវ៉ា។ ប្រសិនបើគណៈកម្មការរៀបចំការបោះឆ្នោតស្នើសុំភស្តុតាងបន្ថែមពីប៉ូលិស ភស្តុតាងគួរតែត្រូវបានផ្ដល់ជូនឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ប៉ូលិសត្រូវរៀបចំក្រុមប្រតិបត្តិការ ដើម្បីការពារសាក្សីភ្លាមៗតាមការស្នើសុំ និងត្រូវយាមកាមយ៉ាងតឹងរ៉ឹងនូវទីតាំងប្រអប់សន្លឹកឆ្នោត និងឯកសារសំខាន់ៗ ដូចជានៅការិយាល័យស្រុក ឬការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត រហូតដល់ដំណើរការរាប់សន្លឹកឆ្នោតត្រូវបានបញ្ចប់។ ទី៣.ការត្រៀមខ្លួនសម្រាប់ការគ្រប់គ្រងកុប្បកម្ម៖ ប៉ូលិសប្រឆាំងកុប្បកម្ម ត្រូវបានណែនាំឱ្យពិនិត្យមើលបុគ្គលិក និងឧបករណ៍សម្រាប់ប្រើប្រាស់ ការដាក់ពង្រាយកម្លាំង ពង្រឹងយុទ្ធសាស្ត្រប្រតិបត្តិការ និងដាក់ពង្រាយក្រុមឆ្លើយតបរហ័ស ដើម្បីទប់ស្កាត់ឧប្បត្តិហេតុនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់។

លើសពីនេះ លោក សំរាន្ត បានណែនាំមេបញ្ជាការឱ្យវាយតម្លៃស្ថានការណ៍ជាបន្តបន្ទាប់រួមគ្នាជាមួយអង្គភាពស៊ើបអង្កេត ដើម្បីឱ្យការឆ្លើយតបបានត្រឹមត្រូវ និងអនុវត្តយ៉ាងតឹងរ៉ឹងតាមច្បាប់។ សូមជម្រាបថា ចំណាត់ការរបស់ប៉ូលិសភូមិន្ទថៃ ហាក់កំពុងពង្រាយកងកម្លាំង និងក្រុមភ្នាក់ងារព័ត៌មានសម្ងាត់ ដើម្បីតាមប្រមាញ់ក្រុមតវ៉ា និងរលកនៃសំឡេងតវ៉ាតាមបណ្តាញសង្គម ជុំវិញការរិះគន់លើប្រព័ន្ធបោះឆ្នោត «គ្មានតម្លាភាព»។ សូមជម្រាបឡើងវិញបន្តិចថា មូលហេតុដែលធ្វើឱ្យរាជរដ្ឋាភិបាលថៃ ព្រួយបារម្ភរហូតដល់ត្រៀមកងកម្លាំងកុប្បកម្មបែបនេះ គឺដោយសារតែប្រព័ន្ធបោះឆ្នោតក្នុងប្រទេសថៃ កំពុងបង្កប់នូវភាពលាក់កម្បាំង និងគ្មានតម្លាភាពសម្រាប់ប្រជាពលរដ្ឋថៃ ដ្បិតថា មណ្ឌលបោះឆ្នោតចំនួន១៧ក្នុង១៥ខេត្ត កំពុងស្ថិតក្នុងសភាពគួរឱ្យសង្ស័យដូចជា៖ សន្លឹកឆ្នោតស្ថិតក្នុងធុងសំរាម, កាមេរ៉ាសុវត្ថិភាពត្រូវបានគ្របដោយក្រណាត់ខ្មៅ និងសន្លឹកឆ្នោតហាក់មានចំនួនច្រើនខុសធម្មតា៕






