
រាជធានីបាងកក៖ យុទ្ធនាការស្វែងរកពន្លឺយុត្តិធម៌ និងតម្លាភាព កំពុងចាប់ផ្តើមគ្របដណ្ដប់លើបណ្តាខេត្តមួយចំនួនក្នុងប្រទេសថៃ ដោយក្រុមយុវជនមិនទទួលយកលទ្ធផល និងទាមទារឱ្យរាប់សន្លឹកឆ្នោតសាជាថ្មី។ នេះមិនមែនការតវ៉ាដែលមានមនុស្សជាង៣០០នាក់នៅខេត្តបទុមធានីនោះទេ បច្ចុប្បន្នសិស្សនិស្សិត និងពលរដ្ឋថៃជាង២០០នាក់ទៀត បាននិងកំពុងទាមទារនៅខេត្តមហាសារខាម (จังหวัดมหาสารคาม) ក៏បានងើបឈរបន្លឺសំឡេងដូចផ្គរលាន់ ទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញជាបន្ទាន់...។

នេះបើតាមការចុះផ្សាយដោយកាសែតថៃ នៅថ្ងៃទី១០កុម្ភៈ។ នារាត្រីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសម្របសម្រួលការបោះឆ្នោតក្នុងខេត្តមហាសារខាម ដែលមានទីតាំងនៅក្នុងសាកលវិទ្យាល័យរាជបណ្ឌិត្យសភាមហាសារខាម ក្រុមមេដឹកនាំ និងនិស្សិតជាង២០០នាក់ មកពីមណ្ឌលបោះឆ្នោតទី១ បានលើកគ្នាតវ៉ាឡោមព័ទ្ធការិយាល័យគណៈកម្មការរៀបចំការបោះឆ្នោត (EC) ដើម្បីដាក់សម្ពាធឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ដោយសារតែមានទិដ្ឋភាពគួរឱ្យសង្ស័យមួយចំនួន។ នេះមិនមែនជាការប្រមូលផ្តុំធម្មតាទេ ប៉ុន្តែ គឺជាការដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរទៅលើគណៈកម្មការរៀបចំការបោះឆ្នោត (EC) ដែលកំពុងស្ថិតក្នុងភាពសង្ស័យ លាក់បាំង និងបន្លំភ្នែកពលរដ្ឋ។

ក្រុមបញ្ញវន្ត និងនិស្សិតថៃ បានរិះគន់យ៉ាងចាស់ដៃលើការគ្រប់គ្រងនៃការបោះឆ្នោតលើកនេះ គឺមានលក្ខណៈ «អគតិ និងអសមត្ថភាព»បំផុត។ សូម្បីតែមេដឹកនាំនយោបាយថៃលេចធ្លោមួយចំនួន ក៏បានបង្ហាញការគាំទ្រដល់ចលនាក្រុមនិស្សិតនេះដែរ។ តំណាងក្រុមនិស្សិត បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងមិនរំសាយការតវ៉ានេះឡើយ ល្កឹកណាសន្លឹកឆ្នោតគ្រប់សន្លឹកត្រូវបានរាប់ឡើងវិញដោយតម្លាភាព។ នេះបង្ហាញឱ្យឃើញថា ប្រព័ន្ធប្រជាធិបតេយ្យនៅប្រទេសថៃ ហាក់កំពុងដើរថយក្រោយបន្តិចម្ដងៗ ខណៈការទាមទារនេះ គឺគ្រាន់តែចង់ឱ្យគណៈកម្មការរៀបចំការបោះឆ្នោតបញ្ជាក់ការពិត និងស្នើសុំឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ ដើម្បីធានាបាននូវតម្លាភាព និងយុត្តិធម៌សម្រាប់អ្នកបោះឆ្នោតទាំងអស់ប៉ុណ្ណោះ។ នេះបើតាមការលើកឡើងរបស់ក្រុមនិស្សិតតវ៉ា។

សូមរំឭកផងដែរថា កាលពីយប់ថ្ងៃទី៨ ខែកុម្ភៈ សិស្សនិស្សិត និងសាធារណជនជាង៣០០នាក់ បានប្រមូលផ្តុំគ្នានៅសាលប្រជុំនៃសាកលវិទ្យាល័យ(Rajamangala University of Technology Thanyaburi) ជាកន្លែងត្រូវបានគេប្រើជាមជ្ឈមណ្ឌលរាប់សន្លឹកឆ្នោត។ ក្រុមអ្នកតវ៉ា បានប្រឈមមុខនឹងមន្ត្រីបោះឆ្នោត ដោយបានថតវីដេអូឃ្លីបជាភស្តុតាងនូវអ្វីដែលពួកគេបានពិពណ៌នាថា «ខ្វះតម្លាភាព»។ យោងតាមក្រុមអ្នកតវ៉ា ក្រុមអ្នកសង្កេតការណ៍វ័យក្មេងប្រហែល៦នាក់ បានព្យាយាមចូលទៅក្នុងទីតាំងរាប់សន្លឹកឆ្នោត ប៉ុន្តែត្រូវបានគេហាមឃាត់ រួចពួកគេ ត្រូវបានបណ្តេញចេញពីទីតាំងនោះ។

ក្រុមនិស្សិតអះអាងថា ការរារាំងពួកគេមិនឱ្យមើលការរាប់សន្លឹកឆ្នោត និងការយកក្រណាត់ខ្មៅទៅគ្របលើកាមេរ៉ាសុវត្ថិភាព គឺជាភស្តុតាងបង្ហាញយ៉ាងពិតប្រាកដថា ដំណើរការនៃការរាប់សន្លឹកឆ្នោតនៅប្រទេសថៃ ត្រូវបានធ្វើឡើងក្នុងលក្ខណៈ «អាថ៌កម្បាំង និងគួរឱ្យសង្ស័យ»។ មានសំណួរដ៏ចាក់ដោតមួយលើកឡើងថា ប្រសិនបើការបោះឆ្នោតធ្វើឡើងក្រោមប្រព័ន្ធយុត្តិធម៌ ហេតុអ្វីខ្លាចការរាប់សន្លឹកឆ្នោតឡើងវិញ..? ឬមានអាថ៌កម្បាំងអ្វីនៅពីក្រោយខ្នងការភ័យខ្លាចនេះ?...៕









