
ក្រុងកំពង់ចាម៖ ឆ្នាំ២០២៦នេះ កម្ពុជារៀបចំយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ដោយផ្ដោតលើការស្វែងយល់ពីផលជះវិជ្ជមាន និងអវិជ្ជមាននៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត ឫ AI លើជីវិតរស់នៅរបស់មនុស្ស ជាពិសេសលើកុមារ ដែលជាធនធានបន្តវេនរបស់ប្រទេសជាតិ…។

នេះជាប្រសាសន៍របស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្ដៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្នុងពេលអញ្ជើញជាអធិបតីក្នុងយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិត ឆ្នាំ២០២៦ ក្រោមប្រធានបទ «ប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១កុម្ភៈ ២០២៦។ លោកស្រីលើកឡើងដូច្នេះថា យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតនៅក្នុងប្រទេសកម្ពុជា ធ្វើឡើងក្នុងគោលបំណងជំរុញការចូលរួមជាមួយចលនាសកលមួយ ដើម្បីលើកកម្ពស់សុវត្ថិភាពអ៊ីនធឺណិតសម្រាប់ទាំងអស់គ្នា។ បច្ចុប្បន្ន មនុស្សគ្រប់គ្នាកំពុងតែនិយាយអំពីបច្ចេកវិទ្យា AI ហើយ ដោយសារកុមារ និងយុវវ័យជាច្រើនបានដឹង និងកំពុងតែប្រើប្រាស់ AI ហេតុនេះ ពួកគេត្រូវតែទទួលបានចំណេះដឹង ជំនាញ និងទំនុកចិត្តក្នុងការជ្រើសរើសបច្ចេកវិទ្យាដែលមានសុវត្ថិភាព។

លោកស្រី ជូ ប៊ុនអេង សង្កត់ធ្ងន់ថា ប្រធានបទចម្បងផ្ដោតលើផលជះរបស់ AI លើជីវិតរស់នៅរបស់មនុស្ស ជាពិសេសនៅកម្រិតអជ្ញាធរ យុវជន សិស្សានុសិស្ស ពាក់ព័ន្ធនឹងហានិភ័យនៃប្រព័ន្ធបច្ចេកវិទ្យាទំនើប ឬដែលគេស្គាល់ថា AI ដែលត្រូវបានប្រើប្រាស់ដោយជនទុច្ចរិត ដើម្បីឆបោក និងកេងប្រវ័ញ្ចលើជនរងគ្រោះ ជាពិសេសលើកុមារ គឺដើម្បីបង្ការទប់ស្កាត់ហានិភ័យ។ វានឹងជួយឱ្យពួកគាត់អាចយល់ដឹងពីរបៀបដែល AI អាចត្រូវបានប្រើសម្រាប់តែផលវិជ្ជមាន ហើយនឹងទទួលបានដំបូន្មានបន្ថែមពីអ្នកជំនាញ លើការប្រើប្រាស់ AI ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ៕





