អាជ្ញាធរមីន ចាត់ទុកការផ្សាយមិនពិតរបស់យោធាថៃចោទកម្ពុជាបង្កប់មីនថ្មី «អាចបង្កឱ្យមានភាពតានតឹង»
L
Linda Sorn
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ កម្ពុជាតាមរយៈអាជ្ញាធរមីន ប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃដែលថា កម្ពុជាបង្កប់មីនថ្មី ហើយចាត់ទុកការចុះផ្សាយអាចបង្កឱ្យមានភាពតានតឹងរវាងប្រទេសទាំងពីរ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អាជ្ញាធរមីន ចុះផ្សាយថ្ងៃពុធទី១១កុម្ភៈ ឆ្នាំ២០២៦។

លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន
លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន

កាសែតថៃ នៅថ្ងៃទី១១កុម្ភៈនេះ បានចុះផ្សាយព័ត៌មានមួយបញ្ជាក់ថា កម្ពុជាបានបង្កប់មីនប្រឆាំងមនុស្ស តាមបណ្តោយព្រំដែនខេត្តត្រាច។ អាជ្ញាធរមីន អះអាងថា កម្ពុជាបានអនុវត្តខ្ជាប់ខ្ជួនទៅតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមគ្រប់កិច្ចព្រមព្រៀងនិសព្វាវុធកម្មមនុស្សធម៌អន្តរជាតិ និងបន្តប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការលុបបំបាត់មីនប្រឆាំងមនុស្សទាំងស្រុង។ ក្នុងនោះ ផ្អែកលើទិន្នន័យជាតិ និងបទពិសោធនៃការបោសសម្អាតមីននៅក្នុងតំបន់ព្រំដែន អាជ្ញាធរមីនវាយតម្លៃថា មីនប្រឆាំងមនុស្សដែលត្រូវបានរកឃើញនៅក្នុងតំបន់ទាំងនោះ គឺជាមីនដែលបានបន្សល់ពីសង្គ្រាមអតីតកាល ដែលសំណល់ជាតិផ្ទុះទាំងនោះ បានបង្កការគំរាមកំហែងយ៉ាងខ្លាំង អស់ជាច្រើនទសវត្សរ៍ ដល់ប្រជាជនរស់នៅតាមតំបន់ព្រំដែន។

អាជ្ញាធរសង្តត់ធ្ងន់ថា៖«កម្ពុជាមិនផលិត មិនស្តុកទុក និងមិនប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ និងមានការគ្រប់គ្រងត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ស្របតាមបទដ្ឋានអន្តរជាតិ។ ក្នុងន័យនេះ ការផ្សព្វផ្សាយ ដោយមិនមានប្រភពច្បាស់លាស់ ឬមិនមានការស៊ើបអង្កេត ឆ្លៀតផ្ទាត់ឱ្យបានត្រឹមត្រូវ អាចបង្កការភាន់ច្រឡំ និងអាចបង្កើនភាពតានតឹងដែលមិនចាំបាច់»។ ជាមួយគ្នានេះ កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការចូលរួមប្រកបដោយតម្លាភាព ក្នុងយន្តការទ្វេភាគី និងអន្តរជាតិ ក្នុងការបញ្ជាក់ការពិត និងការពារមិនឱ្យមានភាពភាន់ច្រឡំណាមួយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត